ប្រធាន​គណៈកម្មការ​អឺរ៉ុប​សារភាព​ថា​ មេដឹកនាំ​​នៅ​​សហភាព​អឺរ៉ុប «ស្ទង់​ប្រមាណ​ស្ទើរ» អំពី​ទំហំ​គ្រោះ​ថ្នាក់​នៃមេរោគ​វីរុស​កូរ៉ូណា

រូបឯកសារ៖ ក្រុមជួយសង្រ្គោះបញ្ជូនអ្នកជំងឺម្នាក់ទៅមន្ទីរពេទ្យបន្ទាប់ពីមានការរីកសាយភាយជំងឺកូរ៉ូណា នៅ​ក្រុងញូវយ៉ក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​ទទួល​សារភាព​ថា​ មេដឹកនាំនយោបាយ​នៅ​ក្នុង​សហភាព​អឺរ៉ុប «ស្ទង់​ប្រមាណ​ស្ទើរ» អំពី​ទំហំ​គ្រោះ​ថ្នាក់ដាក់​ឱ្យមានដោយមេរោគ​វីរុស​កូរ៉ូណា។

លោកស្រី​ Ursula von der Leyen បាន​មានប្រសាសន៍​ប្រាប់​កាសែតអាល្លឺម៉ង់​ Bild ថា «ជាការ​ច្បាស់លាស់​ថា​នេះ​ជា​វីរុស​មួយដែលធ្វើឱ្យ​យើង​រវល់​ក្នុង​រយៈពេល​យូរ»។

ក្រុមមេដឹកនាំ​អឺរ៉ុប​បានយល់​ស្រប​គ្នា​ដាក់កំហិត​ការ​ហាមប្រាមមិនឱ្យ​ពួក​អ្នកដំណើរ​នៅ​ខាង​ក្រៅ​ប្លុកនេះ​ចូល​ក្នុង​សហភាព​អឺរ៉ុប​ចំនួន៣០ថ្ងៃ។

ប្រទេស​បារាំង​ធ្វើ​តាមប្រទេស​អ៊ីតាលី​និង​ប្រទេសអេស្ប៉ាញក្នុង​ការ​បិទ​ប្រទេស​ជាទូទៅ​ចំនួន​យ៉ាង​តិច​ណាស់១៥ថ្ងៃ។ ​ប្រទេស​ប៊ែលហ្ស៊ិកបញ្ជា​ឱ្យ​ពល​រដ្ឋខ្លួន​នៅ​ក្នុង​ផ្ទះ​រហូត​យ៉ាង​ហោច​ណាស់​ដល់​ថ្ងៃ​ទី​៥ ​ខែ​មេសា។

ប្រទេស​អាល្លឺម៉ង់បាន​បញ្ជាឱ្យពល​រដ្ឋខ្លួននៅ​ក្នុង​ផ្ទះ។​ ចំណែកឯចក្រភពអង់គ្លេស​និងប្រទេស​អ៊ីស្រាអែលអំពាវនាវ​ដល់ពល​រដ្ឋពួកគេ​ឱ្យ​ចៀសវាង​ការធ្វើដំណើរមិនចាំបាច់។​

នៅ​ក្នុងប្រទេស​រុស្សី​ដែល​នៅទី​នោះព្រំដែន​បាន​បិទ​មិនឱ្យ​ពួក​ជន​បរទេស​ចូលសាលារៀន​នឹង​បិទ​ទ្វារ​ពី​ថ្ងៃ​ទី ២៣ ខែមីនា​ដល់​ថ្ងៃទី​១២ ខែ​មេសាហើយ​ជើង​ហោះទៅ​កាន់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសអេមីរ៉ាតអារ៉ាប់រួមនឹង​ត្រូវផ្អាក​ចាប់តាំង​ពីថ្ងៃទី​២០ ខែ​មីនា។​

នៅ​ក្នុង​ប្រទេសប៉ាគីស្ថាន នាយក​រដ្ឋមន្ត្រី​ Imran Khan និយាយ​ថា​ ប្រទេសលោក​មិន​អាចបិទ​ដោយ​ទ្រង់ទ្រាយ​ធំ​ដូច​នៅ​បស្ចឹម​ប្រទេស​បានទេ ដោយព្រួយបារម្ភ​ថា​ ការ​ធ្វើ​ដូច្នេះអាច​នាំ​ឱ្យ​អន្តរាយ​សេដ្ឋកិច្ច។​

ក្រុមហ៊ុនផលិត​រថយន្ត​អាល្លឺម៉ង់​ម៉ាក BMW និយាយ​ថា ខ្លួននឹងបិទរោង​ចក្រ​នៅ​ក្នុង​ទ្វីបអឺរ៉ុបនិង​ប្រទេស​អាហ្វ្រិកខាង​ត្បូងដែលផលិត​ចំនួនរថយន្តពាក់កណ្តាល​ចំនួនមួយ​ខែ។

រដ្ឋបាល Trump និង​ធនាគារកណ្តាល​អាមេរិកប្រកាស​អំពី​ជំនួយ​ហិរញ្ញវត្ថុដល់វិស័យ​ជំនួញ​មានផលប៉ះពាល់ខ្លាំ​ង​បំផុតនិង​ដល់គ្រួសារ​មានការ​លំបាកខ្លាំង​ផង​ដែរ។

ប្រទេស​ស្វីស អាមេនី សាធារណរដ្ឋម៉ុលដាវី និងប្រទេស​កាហ្សាស្ថាន និង​តំបន់ពីរនៃប្រទេសអ៊ុយក្រែន ​ព្រមទាំងតំបន់មួយនៃ​ប្រទេសកៀហ្ស៊ីស្ថានបានប្រកាស​ភាព​មានអាសន្ន។ក្រុង​ធំបំផុ​តពីរ​នៃប្រទេស​ប្រេស៊ីលគឺ​ក្រុង​ Rio de Janeiro និងក្រុង Sao Paulo ក៏បានប្រកាស​ដូចគ្នា​ដែរ។

ចាប់តាំង​ពីមានមេរោគ​វីរុស​នេះជា​លើកដំបូង​កាលពីចុង​ខែ​ធ្នូមក ​មានមនុស្ស​៨ពាន់៩២នាក់បានស្លាប់នៅទូទាំង​ពិភពលលោក ដោយ​មានករណី​អ្នកជំងឺ​សាកលចំនួន២សែន៦រយ៨០នាក់​ នេះបើតាមតួលេខ​របស់ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ផ្អែកលើ​ប្រភពផ្លូវការនៅម៉ោង​១រសៀលម៉ោង​សាកលកាល​ពី​ថ្ងៃពុធ។​

ប្រទេសដែល​មានផល​ប៉ះពាល់​ខ្លាំង​បំផុតគឺ​ប្រទេស​ចិន​ដីគោកមានមនុស្ស៣ពាន់ ២រយ៣៧​នាក់​ស្លាប់​ក្នុង​បណ្តា​ករណី​អ្នកជំងឺ៨ម៉ឺន៨រយ៩៤​នាក់ ហើយ​អ្នកជំងឺ​៦ម៉ឺន​៩ពាន់​៦រយ​នាក់​បានជា​សះស្បើយ។