ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅក្នុងផ្នែកខ្លះនៅក្នុងប្រទេស ខណៈដែលនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson ស្ថិតនៅមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩ ហើយមន្រ្តីសហរដ្ឋអាមេរិក ស្វែករកសញ្ញានៃការផ្ទុះឡើងនៃមេរោគនោះដែលអាចចាប់ផ្តើមពន្យឺតតំបន់ខ្លះដែលរងការប៉ះពាល់យ៉ាងខ្លាំងដោយសារមេរោគកូរ៉ូណានៅក្នុងប្រទេស។
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បាននិយាយថា ការសម្រេចរបស់លោកដើម្បីអនុម័តស្ថានភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងខេត្ត៦ផ្សេងទៀតផ្អែកលើតម្រូវការដើម្បីការពារប្រជាពលរដ្ឋនៅពេលដែលមានស្ថានភាពប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ច។
វិធានការរយៈពេលមួយខែ អនុញ្ញាតឲ្យមន្រ្តីអំពាវនាវដល់ប្រជាពលរដ្ឋឲ្យស្ថិតនៅផ្ទះ ហើយនឹងកើតមានកម្មវិធីជួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលមានទឹកប្រាក់១លានលានដុល្លារ។
លោក Johnson នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស បានសម្រាកនៅមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីនៅមានរោគសញ្ញា ខណៈដែលលោកត្រូវបានដាក់ឲ្យនៅដាច់ពីគេ។ ការិយាល័យរបស់លោក បានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទថា ស្ថានភាពជំងឺរបស់លោកកាន់តែយ៉ាប់យឺនឡើងៗ ហើយលោក បានត្រូវគេយកទៅកាន់បន្ទប់អ្នកជំងឺដែលមានស្ងានភាពធ្ងន់ធ្ងរ ក៏ប៉ុន្តែមិនដាក់ឧបករណ៍សម្រាប់ជួយដកដង្ហើមទេ។
អង់គ្លេសបានឃើញការកើនឡើងនូវមនុស្សស្លាប់យ៉ាងខ្លាំងដោយសារមេរោគកូរ៉ូណា ដោយមានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់៦រយនាក់កាលពីថ្ងៃអាទិត្យ និងជាង៤រយនាក់ទៀតកាលពីថ្ងៃចន្ទ។
សហរដ្ឋអាមេរិកមានមនុស្សស្លាប់១ម៉ឺន១ពាន់នាក់ ដោយធ្វើឲ្យអាមេរិកមានចំនួនមនុស្សស្លាប់លំដាប់ទី៣បន្ទាប់ពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ។
មនុស្សស្លាប់៤០ភាគរយនៃមនុស្សស្លាប់ទាំងអស់ស្ថិតនៅរដ្ឋញូវយ៉ក ហើយភាគច្រើននៃអ្នកស្លាប់ទាំងនោះនៅក្នុងទីក្រុងញូវយ៉ក៕