នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ត្រូវបានបញ្ជូនទៅកាន់បន្ទប់ព្យាបាលដិតដល់ បន្ទាប់ពីអាការៈជំងឺ COVID-19របស់លោកមានលក្ខណៈធ្ងន់ធ្ងរជាងមុនកាលពីថ្ងៃចន្ទម្សិលមិញ។ លោក Johnson ត្រូវបានធ្វើតេស្តឃើញកើតជំងឺ COVID-19 នេះ កាលពី ១១ ថ្ងៃមុន។
សេចក្ដីប្រកាសរបស់ការិយាល័យលោក Johnson កាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាក់ថា លោក Johnson បានស្នើរដ្ឋមន្ត្រីការបរទេសលោក Dominic Raab ឲ្យដើរតួជំនួសលោកប្រសិនបើចាំបាច់។
លោក Johnson អាយុ ៥៥ ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ St Thomas នៅកណ្ដាលទីក្រុងឡុងដ៍ វេលាម៉ោងប្រហែល ៨ ល្ងាច កាលពីថ្ងៃអាទិត្យ។
កាលពីថ្ងៃចន្ទម្សិលមិញ ការិយាល័យរបស់លោក Johnson មិនបានលើកឡើងថាតើលោក Johnson ទទួលបានការព្យាបាលបែបណានោះទេ។ ប៉ុន្តែប្រភពចេញពីគណៈរដ្ឋមន្ត្រីមួយរូបបានប្រាប់ VOA ថា លោក Johnson ពិបាកដកដង្ហើម និងត្រូវបានគេបញ្ចូលអុកស៊ីហ្សែននៅពេលបញ្ជូនទៅកាន់បន្ទប់ព្យាបាលដិតដល់៕