ចំនួនមនុស្សស្លាប់មកពីការផ្ទុះឡើងនូវមេរោគកូរ៉ូណានៅក្នុងប្រទេសចិន បានឡើងទៅដល់៩រយនាក់ខណៈដែលមានការកើនឡើងនូវករណីនៃការឆ្លងមេរោគនោះនៅចក្រភពអង់គ្លេស បាននាំឲ្យរដ្ឋាភិបាលនោះប្រកាសថា មេរោគនោះ មានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងយ៉ាងខ្លាំងដល់សុខភាពសាធារណៈ។ ចក្រភពអង់គ្លេសបានរាយការណ៍ករណីនៃការឆ្លងថ្មីចំនួន៤កាលពីថ្ងៃចន្ទ ដែលបានធ្វើឲ្យមានចំនួនមនុស្ស ៨នាក់ដែលបានធ្វើតេស្តមានមេរោគនោះ។
លោក Matt Hanock រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស បានធ្វើការប្រកាសដោយផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចកាន់តែច្រើនឡើងដើម្បីដាក់មនុស្សនៅដាច់ដោយឡែកពីគេនៅក្នុងការស្វះស្វែងធ្វើកុំឲ្យមេរោគនេះរាលដាល។
លោក Tedros Adhanom អគ្គនាយករបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា ការរាលដាលនៃមេរោគកូរ៉ូណារវាងមនុស្សដែលមិនមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសចិន អាចបណ្តាលឲ្យមានការលំបាកកាន់តែខ្លាំងឡើង។
លោកបាននិយាយសំដៅដល់ករណីថ្មីៗនៅក្នុងចក្រភពអង់គ្លេស និងប្រទេសបារាំងថា «ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ យើងបានឃើញការព្រួយកង្វល់ខ្លះពីការឆ្លងមេរោគនោះពីមនុស្សទៅមនុស្សដែលមិនមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសចិន»។
លោក Tedros បានមានប្រសាសន៍ទៀតថា ក្រុមអ្នកជំនាញសុខាភិបាលនាំមុខរបស់អង្គការសុខភាពពិភពលោក (WHO) បានទៅដល់ប្រទេសចិនកាលពីថ្ងៃចន្ទដើម្បីជួយស៊ើបអង្កេតការផ្ទុះឡើងនូវជំងឺនេះ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថា ការផ្ទុះឡើងនូវមេរោគកូរ៉ូណានេះនឹងបាត់នៅក្នុងខែមេសាពីព្រោះតែអាកាសធាតុក្តៅ។
លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍ទៀតថា «និយាយជាទូទៅកម្តៅ សម្លាប់ប្រភេទមេរោគនេះ»។
នៅថ្ងៃចន្ទដែរ ប្រធានាធិបតីចិនលោកស៊ី ជីងពីង បានចុះទៅសួរសុខទុក្ខដ៏កម្រមួយនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងដោយបាននិយាយជាមួយបុគ្គលិកថែទាំសុខភាព និងអ្នកជំងឺ៕