ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Trump បាន​សរសើរ​សមភាគី​ចិន​របស់លោក​អំពី​ភាព​ជា​មេដឹកនាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា


ប៉ូលិស​ប៉ារ៉ា​ពាក់​ម៉ាស់​ នៅ​ពេល​ដើរ​ក្បួន​មួយ​នៅ​ជាប់​ទីលាន Tiananmen ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ស.រ.អា.​ Donald Trump បាន​សរសើរ​កិច្ចខិតខំប្រឹងប្រែង​របស់​ប្រធានាធិបតី​ចិន Xi Jinping ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ដ៏ប្រល័យ​នៅពេល​ដែល​លោក Xi ប្រឈម​នឹង​ការ​រិះ​គន់​ខ្លាំងឡើងៗ​ក្នុង​ប្រទេសនៅ​ក្រោយ​មរណភាព​របស់​វេជ្ជបណ្ឌិត​ម្នាក់​ដែល​មាន​ទាក់ទិននឹង​មេរោគ​នេះដែលបានព្រមាន​កាលពី​ពេលមុន​នេះ​អំពី​ការ​រាតត្បាត​នៃ​មេរោគនេះ។

នៅ​ក្រោយ​ការ​និយាយ​គ្នា​តាម​ទូរសព្ទកាលពី​ថ្ងៃ​សុក្រ​ជាមួយ​លោក Xi លោក Trump បាន​សរសើរ​ការ​ឆ្លើយ​តប​របស់​ប្រទេស​ចិន​ហើយ​លោក​បាន​និយាយ​ថា លោក Xi កំពុង​ដឹកនាំ​ «អ្វី​ដែល​ជា​កិច្ច​ប្រតិបត្តិការ​មាន​ជោគជ័យមួយ»។ លោកTrump បាន​សរសើរ​លោក Xi ត​ទៅ​ទៀត​តាម​ Twitter កាលពី​ថ្ងៃ​សុក្រ​ដោយ​លោកបាន​ពណ៌នា​លោក​ Xi ថា «ខ្លាំង​ក្លា មុះមុត​ និង​ផ្តោត​ការ​យក​ចិត្តទុកដាក់​ខ្លាំង»។

លោក Trump បាន​បន្ថែមថា​ «មាន​វិន័យ​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេសចិន​នៅ​ពេល​ដែល​ប្រធានាធិបតី Xi ដឹក​នាំ​អ្វី​ដែល​ជា​កិច្ចប្រតិបត្តិការមួយ​ប្រកប​ដោយ​ជោគជ័យ​ខ្លាំង។ ​យើង​កំពុង​ធ្វើការ​ជិត​ស្និទ្ធ​ដើម្បី​ជួយ​ប្រទេស​ចិន»។ ការ​រៀបរាប់​ជា​ផ្លូវការ​របស់​ប្រទេស​ចិន​អំពី​ការ​សន្ទនា​គ្នា​កាលពី​ថ្ងៃសុក្រ​រវាង​ប្រធានាធិបតី​ទាំង​ពីរ​នាក់​នេះ​មិន​បាន​និយាយ​យោង​ដល់​ការត្អូញត្អែរ​របស់​ចិន​អំពី​ប្រតិកម្ម​របស់​រដ្ឋបាល Trump ដល់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ទេ​ ដែលសហរដ្ឋអាមេរិក​ជា​ប្រទេស​ទី​មួយដែល​បាន​បិទ​ការិយាល័យ​ការ​ទូត​របស់​ខ្លួននៅ​ក្នុង​ក្រុង Wuhan ហើយ​បញ្ជា​ឱ្យ​ពួក​អ្នកការទូត​ខ្លួន​ចាកចេញ​ពីប្រទេស​ចិន​ថែម​ទៀត​ផង។

មរណភាព​របស់​វេជ្ជបណ្ឌិត​ចិន​ម្នាក់​ដែល​បាន​ត្រូវ​រិះគន់​យ៉ាងខ្លាំងដោយ​អាជ្ញាធរ​គណបក្ស​កុម្មុយនិស្ត នៅ​ក្រោយ​លោក​បាន​ព្រមានអំពី​មេរោគ​ថ្មី​មួយ​កាលពី​ខែធ្នូ​បាន​បណ្តាល​ឱ្យមាន​ការផ្សាយ​អំពី​កំហឹង​តាមបណ្តាញអ៊ីនធឺណិត​ចំពោះ​អាជ្ញាធរ​គណបក្ស​អំពី​ការ​ត្រួតត្រា​តឹងរ៉ឹង​លើ​ព័ត៌មាន​អំពី​វិបត្តិ​ខាង​សុខភាព​នេះ។

​ប៉ូលិស​បាន​ចោទ​ប្រកាន់​លោកវេជ្ជបណ្ឌិត​ Li Wenliang ដែល​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ព្រឹក​ថ្ងៃសុក្រ ​តាមពេល​វេលា​ក្នុង​ស្រុក ក្នុង​មន្ទីរពេទ្យ​កណ្តាល​ក្រុង Wuhan ថា «ផ្សព្វផ្សាយ​ពាក្យ​ចចាមអារាម​តាម​អ៊ីនធឺណិត» និង​ «បង្អាក់​របៀប​រៀបរយ​សង្គម​យ៉ាងធ្ងន់ធ្ងរ»។

មាន​មនុស្ស​ច្រើន​នាក់​បាន​កោតសរសើរ​លោក​វេជ្ជបណ្ឌិត Li ដោយ​មាន​រួមមាន​ទាំង​លោក Zeng Guang ប្រធាន​អ្នកវិទ្យាសាស្ត្រ​នៃមជ្ឈមណ្ឌល​ត្រួតត្រា​ជំងឺ​នៃ​ប្រទេស​ចិន​ផង​ដែរ៕

XS
SM
MD
LG