ស្នាដៃសិល្បៈខ្មែរថ្មីមួយឈ្មោះថា «បង្សុកូល» នឹងសម្តែងនៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែធ្នូខាងមុខនេះ បន្ទាប់ពីការសម្តែងលើកដំបូងដោយជោគជ័យនៅក្នុងប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗកន្លងទៅនេះ។
ស្នាដៃសិល្បៈដែលមានឈ្មោះថា «បង្សុកូល» នឹងត្រូវសម្តែងនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ នៅឯសាលមហោស្រព Howard Gilman Opera House នៃមជ្ឈមណ្ឌល Brooklyn Academy of Music ដែលអាចទទួលទស្សនិកជនដល់ទៅជាង២០០០នាក់។ «បង្សុកូល» គឺជាការច្របាច់បញ្ចូលគ្នានូវការសម្តែងសិល្បៈបុរាណនិងសម័យដែលមានការប្រគុំតន្រ្តី ការច្រៀង និងការសម្តែងកាយវិការផងដែរ។
នេះគឺជាស្នាដៃសិល្បៈមហោរីទ្រង់ទ្រាយធំដំបូងបង្អស់ដែលត្រូវបានរៀបចំឡើងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ប្រមាណ១,៧លាននាក់នៅក្នុងរបបខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ នេះបើយោងតាមអង្គការសិល្បៈខ្មែរអមតៈ ដែលផ្តួចផ្តើមរៀបចំការសម្តែងនេះឡើង។ អង្គការសិល្បៈខ្មែរអមតៈគឺជាអង្គការមិនស្វែងរកប្រាក់កម្រៃមួយ ដែលមានគោលបំណងជួយគាំទ្រដល់ស្នាដៃសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់។
«បង្សុកូល» គឺជាពិធីបែបសាសនាព្រះពុទ្ធ ភាគច្រើនធ្វើនៅក្នុងពិធីបុណ្យសព ដែលប្រជាជនខ្មែរជឿថា នឹងជួយដល់ព្រលឹងរបស់អ្នកស្លាប់ឲ្យទៅកាន់សុខគតិភព។
«បង្សុកូល» ត្រូវបានសម្តែងលើឆាកអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងទីក្រុង Melbourne ប្រទេស អូស្ត្រាលី កាលពីខែតុលាកន្លងទៅនេះ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង។
ចុចមើលការសម្តែងសិល្បៈ«បង្សុកូល»របស់អង្គការសិល្បៈខ្មែរអមតៈ៖
បន្ទាប់ពីសម្តែងនៅទីក្រុង ញូវយ៉ក នៅពាក់កណ្តាលខែក្រោយនេះរួចហើយ «បង្សុកូល» នឹងត្រូវទៅសម្តែងនៅទីក្រុង បុសស្តុន រដ្ឋ Massachusettsនៅថ្ងៃទី១៩និងថ្ងៃទី២០ ខែធ្នូ នៅទីក្រុង ប៉ារីស ប្រទេស បារាំង នៅខែឧសភា ឆ្នាំ២០១៨ និងត្រឡប់ទៅសម្តែងនៅប្រទេសកម្ពុជានៅឆ្នាំ២០១៩ ដែលជាខួបទី៤០ឆ្នាំនៃការដួលរលំរបបខ្មែរក្រហម។ នេះបើយោងតាមគេហទំព័រ«បង្សុកូល»។
ស្នាដៃសិល្បៈនេះក៏ជាការសហការគ្នាលើកដំបូងបង្អស់រវាងសិល្បករខ្មែរដ៏ឆ្នើមពីររូប ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម គឺលោក ហ៊ឹម សុភី ដែលជាអ្នកនិពន្ធទំនុកភ្លេង និងលោក ប៉ាន់ រិទ្ធី ដែលជាផលិតករខ្សែភាពយន្តលំដាប់អន្តរជាតិដ៏ល្បីល្បាញមួយរូប។
លោក ហ៊ឹម សុភី ដែលមានស្រុកកំណើតនៅខេត្ត ព្រៃវែង បានទទួលអាហារូបករណ៍ទៅសិក្សាផ្នែកតន្រ្តីនៅសាកលវិទ្យាល័យ Moscow Conservatory of Music ប្រទេស រុស្ស៊ី កាលពីឆ្នាំ ១៩៨៥ និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកតន្ត្រីអឺរ៉ុប។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៩៨ និងបានបង្កើតសាលាតន្ត្រីមួយដែលមានឈ្មោះថា ហ៊ឹម សុភី កាលពីឆ្នាំ២០១៣។ នេះបើយោងតាមគេហទំព័របង្សុកូល។
ស្នាដៃសិល្បៈរបស់លោកពីមុនៗមករួមមានការសម្តែងសិល្បៈតន្ត្រីដែលមានឈ្មោះថា «ទីដំរីយំ» ឬជាភាសាអង់គ្លេសថា Where Elephants Weep ដែលត្រូវបានពាំនាំមកសម្តែងជាលើកដំបូងនៅក្នុងទីក្រុង ឡូវែល រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំ២០០៧។ សា្នដៃសិល្បៈនេះមានការសម្តែងរួមគ្នានូវតន្រ្តីខ្មែរបុរាណនិងវង់ភ្លេងអឺរ៉ុប ដែលមានទាំងការប្រគុំតន្ត្រី រ៉ក់ និងការរែប ផងដែរ។ នៅក្នុងស្នាដៃសិល្បៈ«បង្សុកូល»នេះ លោក ហ៊ឹម សុភី បាននិពន្ធបទភ្លេងដោយបញ្ចូលគ្នានូវឧបករណ៍ភ្លេងបុរាណខ្មែរនិងមានអ្នកចម្រៀងទោល អមដោយវង់ភ្លេងអឺរ៉ុបនិងការច្រៀងបន្ទរពីក្រុមសិល្បៈតៃវ៉ាន់ផងដែរ។
លោក ហ៊ឹម សុភី បានថ្លែងថា ថ្វីត្បិតតែការសម្តែងនេះផ្តោតទៅលើភាពសាហាវយង់ឃ្នងក្នុងរបបខ្មែរក្រហមក៏ពិតមែន ប៉ុន្តែវាមិនធ្វើឲ្យទស្សនិកជនសោកសៅនោះទេ។
លោក ហ៊ឹម សុភី បានថ្លែងប្រាប់ VOA កាលពីខែ កក្កដា ថា «វាមិនត្រឹមតែដើម្បីឧទ្ទិសដល់អ្នកស្លាប់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់អ្នកនៅរស់រានមានជីវិតឲ្យបន្តមានក្តីសង្ឃឹមផងដែរ»។
លោក ប៉ាន់ រិទ្ធី មានស្រុកកំណើតនៅរាជធានី ភ្នំពេញ និងបានរត់ភៀសខ្លួនទៅរស់នៅទីក្រុង ប៉ារីស ប្រទេស បារាំង ក្រោយពីរបបខ្មែរក្រហមបានបញ្ចប់នៅឆ្នាំ១៩៧៩។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩០ ហើយធ្វើដំណើរចេញចូលទីក្រុងប៉ារីស និងរាជធានី ភ្នំពេញ ជាញឹកញាប់។ នេះបើយោងតាមគេហទំព័រ «បង្សុកូល»។ ខ្សែភាពយន្តរបស់លោកដែលមានចំណងជើងថា The Missing Picture គឺជាភាពយន្តខ្មែរលើកដំបូងបង្អស់ដែលបានប្រកួតប្រជែងយកពានរង្វាន់ អូស្ការនៅឆ្នាំ២០១៣។ ផលិតករខ្សែភាពយន្តដែលទទួលបានការកោតសរសើរពីអន្តរជាតិរូបនេះ ក៏បានចូលរួមផលិតខ្សែភាពយន្ត «ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលដឹកនាំដោយតារាហូលីវូដ អ្នកស្រី Angelina Jolie ដែលបានចាប់ផ្តើមចាក់បញ្ចាំងលើគេហទំព័រ Netflix កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅនេះផងដែរ។ ខ្សែភាពយន្តទាំងពីរនេះ សុទ្ធតែឆ្លុះបញ្ចាំងពីការកាប់សម្លាប់និងទុក្ខវេទនាដែលប្រជាពលរដ្ឋខ្មែរបានជួបប្រទះក្នុងសម័យខ្មែរក្រហម។
នៅក្នុងស្នាដៃសិល្បៈ «បង្សុកូល» លោក ប៉ាន់ រិទ្ធី បានដឹកនាំការសម្តែងដោយប្រើប្រាស់វីដេអូចាស់ៗជាមួយនឹងរូបភាពបែបស្រមើស្រមៃ ដែលបង្ហាញពីវប្បធម៌និងប្រវត្តិសាស្ត្រកម្ពុជា។ លោកបានថ្លែងប្រាប់ VOA កាលពីខែកក្កដាថា ការសម្តែងសិល្បៈនេះមិនបានបញ្ចប់ទៅជាមួយនឹងភាពសោកសៅនោះទេ។
លោក ប៉ាន់ រិទ្ធី បានថ្លែងថា «យើងមិនបានបញ្ចប់«បង្សុកូល» ជាមួយឈុតឆាកកម្សត់ទេ ប៉ុន្តែជាមួយនឹងសារដ៏សុទិដ្ឋិនិយម ទៅកាន់មនុស្សជំនាន់ក្រោយ ឲ្យពួកគេឈប់កើតទុក្ខ ប៉ុន្តែឲ្យជឿជាក់ថា នឹងតែងតែមានផ្លូវថ្មីសម្រាប់ពួកគេ»៕