គណបក្ស​អភិរក្ស​និយម​ផ្តួល​នាយករដ្ឋមន្ត្រី​ឆ្វេងនិយម​​ក្នុង​ការ​បោះឆ្នោត​នៅ​ប្រទេស​ក្រិក

លោក Kyriakos Mitsotakis ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​អាថែន កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។

មេដឹកនាំ​ក្រុម​ប្រឆាំង​ដែល​អភិរក្ស​និយម​ក្នុង​ប្រទេស​ក្រិក គឺ​លោក​ Kyriakos Mitsotakis បាន​ទទួល​ជោគជ័យ​ភ្លូកទឹក​ភ្លូកដី​លើ​លោក​នាយករដ្ឋមន្ត្រី​ Alexis Tsipras ​នៅ​ក្នុងការបោះឆ្នោត​សភាជាតិ​កាលពីថ្ងៃ​អាទិត្យ​ហើយ​គ្រោង​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ​នេះ។​

ដោយ​មាន​សន្លឹកឆ្នោត​ជាង​៩០ភាគរយ​បាន​រាប់​រួចហើយ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​របស់​លោក​ Mitsotakis ​ទទួលបាន​សន្លឹកឆ្នោត​ចំនួន​៣៩,៨​ភាគរយ រីឯ​គណបក្ស ​Syriza របស់​លោក​ Tsipras ទទួលបាន​៣១,៦​ភាគរយ។​

លោក​ Tsipras ដែល​មាន​អាយុ​៤៤ឆ្នាំ​ត្រូវ​បាន​ពលរដ្ឋ​បោះឆ្នោត​ទម្លាក់​ពី​មេដឹកនាំ​នៃ​ប្រទេស​ក្រិក​បន្ទាប់​ពីកាន់​អំណាច​បាន​បួនឆ្នាំ​។ លោក​បាន​ទូរស័ព្ទ​ទៅ​លោក​ Mitsotakis ដោយ​ព្រម​ទទួល​ចុះចាញ់​ហើយ​បាន​អបអរ​សាទរ​ជ័យ​ជម្នះ​របស់​លោក Mitsotakis​ ផងដែរ។​

លោក​ Mitsotakis បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ជោគជ័យ​របស់​លោក​ថា៖

«ខ្ញុំ​បាន​ស្នើសុំ​អាណត្តិ​ដ៏ខ្លាំងមួយ​ដើម្បី​ផ្លាស់ប្តូរ​ប្រទេស​ក្រិក។ អ្នកទាំងអស់​គ្នា​បាន​ផ្តល់​ជូន​ដោយ​ក្តី​សប្បុរស។ ចាប់​ពីថ្ងៃនេះ​តទៅ​ ការប្រយុទ្ធ​ប្រកប​ដោយ​ការ​លំបាក​ប៉ុន្តែល្អ​ប្រសើរចាប់​ផ្តើម​ហើយ... ពលរដ្ឋ​ក្រិក​សក្តិសម​ទទួល​បានអ្វីៗ​ដែលល្អ​ជាងនេះ​ហើយ​ពេល​វេលា​បាន​មកដល់​សម្រាប់​យើង​បង្ហាញការពិត​ហើយ‍»។​

លោក​ Mitsotakis បាន​បញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ​ Harvard នៅ​សហរដ្ឋ​អាមេរិក។ គណបក្ស​របស់​លោក​ទទួលបាន​អាសនៈចំនួន​១៥៨​ដែល​ជាចំនួន​ភាគច្រើន​នៅ​ក្នុង​សភា​ជាតិ​ដែល​មាន​ចំនួន​៣០០​អាសនៈ។

លោក​ជាកូនប្រុស​តែមួយ​គត់​របស់​លោក​ Konstantinos Mitsotakis ​អតីត​នាយករដ្ឋ​មន្ត្រី​ និង​ជាប្អូន​ប្រុស​របស់​លោកស្រី​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ Theodora “Dora” Bakoyanni ​និង​ជា​ឪពុក​មា​របស់​ចៅហ្វាយ​ក្រុង​អាថែន​ដែល​ទើបជាប់ឆ្នោត​ថ្មីៗនេះ។​

លោក ​Mitsotakis បាន​សន្យា​ថា​នឹង​បង្កើត​ការងារ​ឱ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន តាម​រយៈ​ការទាក់​ទាញ​វិនិយោគ​ទុន​បរទេស ការ​កាត់​បន្ថយ​ពន្ធដារ និង​លុប​ចោល​ឧបសគ្គនានាចំពោះអ្នកធ្វើ​ជំនួញ៕