អ្នកបោះឆ្នោតក្រិក ដែលមានភាពធុញទ្រាន់ចំពោះវិបត្តិសេដ្ឋកិច្ច ការដាក់កំហិតលើការចាយវាយ និងភាពវឹកវរខាងផ្នែកនយោបាយអស់ពេលរាប់ឆ្នាំមកហើយនោះ កំពុងនាំគ្នាទៅកាន់មណ្ឌលបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីមួយ។
ការបោះឆ្នោតនេះមានការប្រជែងគ្នារវាងគណបក្សនិយមឆ្វេងដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រី Alexis Tsipras និងគណបក្សប្រជាធិបតេយ្យអភិរក្សនិយមថ្មីរបស់លោក Vangelis Meimarakis ។ ការបោះឆ្នោតលើកនេះ ដែលជាការបោះឆ្នោតទូទាំងប្រទេសលើកទី៣ នៅឆ្នាំនេះក្នុងប្រទេសក្រិកនេះត្រូវបានធ្វើឡើងនៅពេលដែលលោក Tsipras បានលាចេញពីតំណែងកាលពីខែមុន បន្ទាប់ពីលោកបានជាប់ឆ្នោតមិនដល់៧ខែ ក្នុងការសន្យាថា នឹងប្រឆាំងចំពោះវិធានការសន្សំសំចៃ ដែលបណ្តាប្រទេសឲ្យខ្ចីប្រាក់បានទាមទារជាថ្នូរនៃការឲ្យខ្ចីប្រាក់រាប់ពាន់លានដុល្លារសម្រាប់យកទៅសងបំណុល។
ទោះជាលោកបានធ្វើការសន្យាយ៉ាងដូច្នេះក៏ដោយ ហើយទោះជាមានការបោះប្រជាមតិកាលពីខែកក្កដា ដែលជនជាតិក្រិកបានបោះជំទាស់នឹងការទទួលយកលក្ខខណ្ណយ៉ាងតឹងរឹងរបស់បណ្តាប្រទេសអឺរ៉ុបក៏ដោយ ក៏លោក Tsipras បានទទួលយកតាមលក្ខខណ្ណដើម្បីទទួលយកប្រាក់កម្ចីសេដ្ឋកិច្ចទី៣ ដែលមានទឹកប្រាក់ ៩៨ពាន់លានដុល្លារកាលពីខែមុនដែរ។ លោក Meimarakis បានចោទលោក Tsipras ថា គ្មានសមត្ថភាពក្នុងការចរចា។
ការស្ទង់មតិអ្នកបោះឆ្នោតបង្ហាញថា គណបក្ស Syriza នាំមុខគណបក្សប្រជាធិបតេយ្យថ្មីបន្តិច មុនថ្ងៃបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។ ទោះជាគណបក្សណាឈ្នះឆ្នោតក៏ដោយ គេមិនរំពឹងថា គណបក្សណាមួយអាចឈ្នះដោយសម្លេងភាគច្រើនក្នុងសភា ដែលមាន៣០០អាសនៈនោះទេ ទោះជាមានការបន្ថែម៥០អាសនៈក៏ដោយ។ គណបក្សឈ្នះឆ្នោតចាំបាច់ត្រូវបង្កើតជារដ្ឋាភិបាលចម្រុះមួយ ជាមួយគណបក្សតូចពីរទៀត៕