សភានៃប្រទេសក្រិកត្រៀមខ្លួនបោះឆ្នោតលើសេចក្តីព្រាងច្បាប់កាត់បន្ថយការចាយវាយដើម្បីសងបំណុលយ៉ាងច្រើនមួយ ខណៈដែលលោកនាយករដ្ឋមន្ត្រី Alexis Tsipras បានអំពាវនាវឲ្យសមាជិកសភាគាំទ្រការកែទម្រង់ធំៗ ដែលបណ្តាប្រទេសផ្តល់ប្រាក់កម្ចីបានទាមទារជាថ្នូរនឹងការឲ្យខ្ចីប្រាក់ ដែលប្រទេសក្រិកត្រូវការជាបន្ទាន់នោះ។
សមាជិកសភាក្រិកត្រូវគេរំពឹងថា នឹងចំណាយពេលកន្លះថ្ងៃពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ ហើយកន្លះថ្ងៃទៀតដើម្បីបោះឆ្នោត។
សេចក្តីព្រាងច្បាប់ ដែលបញ្ជូនទៅសភាកាលពីថ្ងៃអង្គារម្សិលមិញនេះ ចែងយ៉ាងច្បាស់លាស់ នូវការកែទម្រង់ប្រាក់ចូលនិវត្តន៍ ព្រមទាំងការត្រួតពិនិត្យយ៉ាងតឹងរឹងលើថវិការបស់រដ្ឋាភិបាល។ បណ្តាប្រទេសអឺរ៉ុបដែលឲ្យក្រិកខ្ចីប្រាក់នោះ បានទាមទារឲ្យសភាក្រិកអនុម័តលើសេចក្តីព្រាងច្បាប់នេះមិនហួសពីថ្ងៃពុធ ដើម្បីចាប់ផ្តើមការចរចាថ្មីលើកញ្ចប់ប្រាក់កម្ចីសងបំណុលមួយទៀត ដែលមានទឹកប្រាក់ជិត ៩៥ពាន់លានដុល្លារ។
សហជីពកម្មករក្រិកខ្លះ បានអំពាវនាវឲ្យមានការធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ។
បណ្តាប្រទេសម្ចាស់បំណុលអឺរ៉ុប បានប្រកាសអំពីកិច្ចព្រមព្រៀងលើការទាមទារថ្មី កាលពីថ្ងៃច័ន្ទ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីផ្តល់ប្រាក់កម្ចីជាបន្ទាន់ភ្លាមៗឲ្យធនាគារក្រិកដែលត្រូវការប្រាក់យ៉ាងចាំបាច់ ដើម្បីអនុញ្ញាតឲ្យសាធារណជនអាចដកហូតយកប្រាក់ប្រចាំថ្ងៃតិចតួចមួយចំនួន៕