លោក Sebastian Kurz ប្រកាស​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ប្រទេស​អូទ្រីស

លោក Sebastian Kurz មេដឹកនាំ​គណបក្ស​ប្រជាជន​អូទ្រីស​ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ការ​បោះឆ្នោត​សកល​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ក្រុង Vienna ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

លោក Sebastian Kurz វ័យ​៣១​ឆ្នាំ ដែល​ជា​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម បាន​ប្រកាស​ជ័យ​ជម្នះ​នៅក្នុង​ការ​បោះឆ្នោត​នៅ​ប្រទេស​អូទ្រីស។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​ជា​មេដឹកនាំ​ក្មេង​វ័យ​បំផុត​នៅ​អឺរ៉ុប។

អ្នក​អង្កេត​និយាយ​ថា លោក Kurz បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បង្កើត​គណបក្ស​អភិរក្ស​និយម​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​ការ​ប្រកាន់​ស្តាំ​និយម​នៅ​អូទ្រីស​មាន​សកម្មភាព​ឡើង​វិញ ដោយ​រួម​ទាំង​ការ​ប្រកាន់​ស្តាំ​និយម​ជ្រុល​ផង​ដែរ ក្រោយ​ពី​មាន​ការ​បែកបាក់​សាមគ្គីភាព​រវាង​អ្នក​អភិរក្ស​និយម​និង​អ្នក​សង្គម​និយម។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្មី​ពី​អង្គការ SORA បាន​បង្ហាញ​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​និយម ដែល​បាន​ធ្វើ​យុទ្ធនាការ​ទៅ​លើ​ភាពចាំបាច់​នៃ​សមភាព​សង្គម​បាន​ដណ្តើម​ការ​គាំទ្រ​ពី​គណបក្ស​សេរីភាព ដែល​ប្រកាន់​ស្តាំ​និយមជ្រុល​ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​ទី​ពីរ​ បន្ទាប់​ពីគណបក្ស​អភិរក្ស​និយម។ ​

យុទ្ធនាការ​នោះ​គឺ​ផ្តោត​ទៅ​លើ​បញ្ហា​អន្តោប្រវេសន៍។ ជាមួយ​នឹង​ចំនួន​ប្រជាជន​ជិត​៩​លាន​នាក់ ប្រទេស​អូទ្រីស​បាន​ទទួល​យក​ជន​ស្វែង​រក​សិទ្ធិជ្រកកោន​ចំនួន​៩​ម៉ឺន​នាក់ ក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​អន្តោប្រវេសន៍​កាល​ពី​ឆ្នាំ​២០១៥ ដែល​ភាគច្រើន​នៃ​ពួកគេ​ទាំង​នោះ​គឺ​ជា​អ្នក​កាន់​សាសនា​ឥស្លាម។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តោត​ការ​គាំទ្រ​លើ​អ្នក​នយោបាយ​ស្តាំ​និយម​កាន់​តែ​ច្រើន​ ដោយ​សារ​តែ​អ្នក​នយោបាយ​ទាំង​នោះ​គាំទ្រ​ឲ្យ​មាន​ច្បាប់​អន្តោប្រវេសន៍​ដែល​តឹងរ៉ឹង​ជាង​មុន៕​