គណៈកម្មាធិការសភាអាមេរិកដែលស៊ើបអង្កេតករណីវាយប្រហារលើវិមានសភាអាមេរិកកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២១ បានបើកធ្វើសវនាការផ្តល់សក្ខីកម្មជាសាធារណៈលើកដំបូងរបស់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយសមាជិកនៃគណៈកម្មាធិការនេះបានដាក់ការស្តីបន្ទោសលើអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានញុះញង់នូវអ្វីដែលគេហៅថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលមិនធ្លាប់មាននៅក្នុងសហរដ្ឋអាមេរិក។
សវនាការរយៈពេល២ម៉ោងដែលមានការផ្សាយតាមទូរទស្សន៍ផងនោះជាវគ្គទី១ក្នុងចំណោមសវនាការដែលនឹងគ្រោងធ្វើទៅចំនួន៧ដងនៅក្នុងខែមិថុនានេះ បន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងទូលំទូលាយលើការវាយប្រហារនោះដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump បន្ទាប់ពីលោកបានចាញ់ការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២០លើគូប្រជែងរបស់លោកគឺលោក Joe Biden។
ស្របពេលដែលសេចក្តីលម្អិតដ៏សំខាន់មួយចំនួននៃលទ្ធផលស៊ើបអង្កេតនោះមានការបែកធ្លាយក្នុងពេលប៉ុន្មានខែថ្មីៗនេះ សមាជិកគណៈកម្មាធិការស៊ើបអង្កេតពិសេសនេះបានប្រើវេទិកាសវនាការនោះ ដើម្បីផ្តល់នូវអ្វីដែលប្រធានគណៈកម្មាធិការនោះគឺលោកសមាជិករដ្ឋ សភា Bennie Thompson បានហៅថា «ជាការទទួលខុសត្រូវដ៏ពិតប្រាកដនូវអ្វីដែលបានកើតឡើងហើយអ្វីដែលបាននាំទៅដល់ការវាយប្រហារនោះ»។
លោក Thompson បានថ្លែងនៅក្នុងសុន្ទរកថាបើកសវនាការនោះថា ការវាយប្រហារនោះ«គឺជាការប៉ុនប៉ងក្នុងការធ្វើរដ្ឋប្រហារមួយ»។
លោកបន្តទៀតថា អំពើហិង្សានោះជាលទ្ធផលនៃការឃុបឃិតដ៏ធំក្នុងការបដិសេធលទ្ធផលនៃការបោះឆ្នោត ហើយលោកTrumpគឺជាមនុស្សដ៏សំខាន់ម្នាក់នៅក្នុងការរៀបចំផែនការនេះ។
លោកបានបន្ថែមទៀតថា៖ «នៅទីបញ្ចប់គឺលោក Donald Trump ដែលពេលនោះគឺជាប្រធានាធិបតីអាមេរិកបានលើកទឹកចិត្តក្រុមកុបករឱ្យដើរសំដៅទៅកាន់វិមានសភាអាមេរិកដើម្បីធ្វើវិទ្ធង្សនាលើស្ថាប័នប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក»។
ការវាយប្រហារថ្ងៃទី៦ ខែមករាបានកើតមានឡើងបន្ទាប់ពីលោក Trump បានថ្លែងសុន្ទរកថានៅមុននោះបន្តិចនៅក្នុងពិធីជួបជុំមួយនៅជិតសេតវិមានដែលលោកបានជំរុញដល់អ្នកគាំទ្ររបស់លោករាប់ពាន់នាក់ឱ្យដើរទៅវិមានសភាអាមេរិកដើម្បី«ធ្វើការប្រយុទ្ធឱ្យបានខ្លាំងក្លា»។
នៅពេលដែលសមាជិកសភាអាមេរិកកំពុងជួបប្រជុំគ្នាដើម្បីផ្តល់សច្ចាប័នយល់ព្រមលើលទ្ធផលបោះឆ្នោតប្រធានាធិបតីដែលលោក Biden បានឈ្នះទៅលើលោក Trump នោះ អ្នកគាំទ្ររបស់លោក Trump ប្រមាណជាង២.០០០នាក់បានសម្រុកចូលទៅក្នុងអគារវិមានសភា ដើម្បីបញ្ឈប់កិច្ចប្រជុំដែលផ្តល់សច្ចាប័ននោះ។
អតីតអនុប្រធានាធិបតីអាមេរិកលោក Mike Pence ដែលកំពុងដឹកនាំកិច្ចប្រជុំផ្តល់សច្ចាប័ននៅក្នុងវិមានសភានោះនិងសមាជិកសភាដទៃផ្សេងៗទៀតត្រូវបានជម្លៀសទៅរកកន្លែងសុវត្ថិភាពហើយបានត្រឡប់មកវិញនៅពេលរាត្រីនោះដើម្បីបញ្ចប់ពិធីផ្តល់សច្ចាប័នទៅលើការបោះឆ្នោតនោះ។
មនុស្ស៧នាក់ ដែលក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ផងបានស្លាប់នៅក្នុងហេតុការណ៍វាយប្រហារនោះ។ នេះបើយោងទៅលើរបាយការណ៍មួយរបស់ព្រឹទ្ធសភាអាមេរិក។ មន្ត្រីប៉ូលិសជាង១៥០នាក់ បានទទួលរងរបួសនៅក្នុងការវាយប្រហាររបស់ក្រុមកុបករទៅលើវិមានសភានៅពេលនោះ។ នេះជាការវាយប្រហារមួយដែលមិនធ្លាប់ដែលកើតមានឡើងឡើយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក៕