ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Trump ហៅ​ការចាញ់​ឆ្នោត​កាលពី​ឆ្នាំ២០២០ថា ជា​«ការកុហក​ធំ»មួយ


រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅក្នុង​សន្និសីទ​សកម្មភាព​នយោបាយ​អភិរក្ស​និយម (CPAC) នៅ​ទីក្រុង Orlando រដ្ឋ Florida កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​ចាញ់លោក Joe Biden ខាងគណបក្ស​ប្រជាធិបតេយ្យក្នុងការ​ឈរ​ឈ្មោះ​បោះឆ្នោតជាថ្មីកាល​ពី៦​ខែមុន តែលោក​ Trump នៅតែ​អះអាង​ថា ​លោក​ត្រូវ​បាន​គៃ​បន្លំ​មិនឱ្យ​កាន់​តំណែង​មួយ​អាណត្តិ​ទៀត​ក្នុង​សេតវិមាន។ ការនិយាយបែប​នេះ ​នាំ​ឱ្យ​មន្ត្រី​សាធារណរដ្ឋខ្លះ​ខ្វែង​គំនិត​គ្នា​ ហើយ​មិន​យល់ស្រប​ជាមួយ​លោក Trump អំពី​ភាពស្របច្បាប់​នៃ​ជ័យជម្នះ​របស់​លោក Biden។

លោក Trump បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថ្មី​មួយ​កាល​ពីថ្ងៃ​ចន្ទ ​ទី​៣ ​ខែឧសភា​ថា «ការបោះ​ឆ្នោត​ប្រធានាធិបតី​ដោយ​លួចបន្លំកាល​ពី​ឆ្នាំ២០២០ នឹង​ត្រូវ​ស្គាល់​ពីថ្ងៃ​នេះ​ត​ទៅ​ថា ​ជា​ការកុហក​ធំ!»។

អត្ថាធិប្បាយ​របស់លោកអតីតប្រធានាធិបតី​ Trump ពី​វីឡា​យ៉ាងធំ​របស់​លោក​នៅ​ជាប់នឹងមហា​សមុទ្រ​ Atlantic ក្នុង​រដ្ឋ​ Florida​ បាននាំ​ឱ្យ​អ្នក​ប្រឆាំងខាង​នយោបាយ​របស់​លោកនិយាយថា ​អ្វីដែលពួកគេ​ធ្លាប់​និយាយ​ពីមុនមក​ថា ​ការអះអាង​របស់លោក Trump ​អំពី​ការ​ឈ្នះឆ្នោត ជាការកុហក​យ៉ាង​ធំមួយ​នោះ ពិតជា​ត្រូវមែន។ លោក Trump បាន​ចាញ់​ឆ្នោត​ដាច់ណាត់នៅ​ក្នុងការ​បោះឆ្នោត​របស់​អង្គអ្នក​បោះឆ្នោតដែល​មាន​សំឡេង​៣០៦​ ទល់​នឹង២៣២​ ដែល​កំណត់លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​និងដោយចាញ់​សន្លឹក​ឆ្នោតជាង៧​លាននៅ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​អាមេរិកាំង។

បន្ទាប់ពី​លោក Trump បាន​និយាយអះអាង​ដូច្នេះកាល​ពី​ថ្ងៃ​ចន្ទ​ទី៣​ ខែឧសភា​ អ្នក​រិៈគន់​លោក​ខ្លាំង​បំផុតក្នុង​ចំណោម​ពួកសាធារណរដ្ឋ គឺ​លោកស្រី Liz Cheney សមាជិកា​សភា​តំណាង​រាស្ត្រអាមេរិកាំងប្រចាំរដ្ឋ Wyoming បាន​បង្ហោះ​សារ​តាម បណ្តាញ​សង្គម​ Twitter ថា «គ្មានការ​លួច​បន្លំ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០២០ទេ។​ ជន​ណា​ដែល​អះអាងថា ​ការ​បោះឆ្នោត​នេះ ​មាន​ការលួចបន្លំ​នោះ គឺជាអ្នក​រាលដាល​ការ​កុហក​ធំ ជា​អ្នក​ប្រឆាំង​នឹង​នីតិរដ្ឋនិង​បំពុល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​យើង»។

លោកស្រី Liz Cheney ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ម្នាក់​ក្នុងចំណោម​សមាជិក​គណបក្ស​សាធារណរដ្ឋ​១០​នាក់​ ដែល​បានបោះឆ្នោតឱ្យ​មានការ​ចោទ​ប្រកាន់​លោក Trump ពីបទ​ញុះញង់អ្នក​គាំទ្រ​លោក​រាប់​រយ​នាក់ឱ្យ​ចូលលុក​ក្នុងអាគារសភា​សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ទី​៦​មករា ​នៅ​ពេល​សភា​បញ្ជាក់​ជ័យជំម្នះរបស់​លោក Biden ​តាម​រយៈ​អង្គ​អ្នក​បោះឆ្នោត។ មាន​មនុស្ស​ប្រាំ​នាក់ ​បានស្លាប់ក្នុង​ឧប្បត្តិហេតុ​នោះ។

លោក​ Trump បានចាញ់​ក្តីរាប់​សិប​ ដែល​តវ៉ា​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ តែ​លោកមិនបានទទួល​ស្គាល់​ជាផ្លួវការថា ​លោក​ចាញ់​លោក Biden ទេ ។ លោក Trump បានចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុនលោក Biden ធ្វើ​សច្ចា​ប្រណិធាន​ចូលកាន់តំណែង​ប្រធានាធិបតី កាលពី​ថ្ងៃទី​២០​ ខែមករា។

លោក​ Trump បាន​បង្ហើប​ថា ​លោក​ប្រហែលនឹងឈរ​ឈ្មោះបោះឆ្នោតជាប្រធានាធិបតី​ទៀត​ក្នុង​ឆ្នាំ២០២៤ តែ​លោក​ក៏​បាន​និយាយ​ដែរ​ថា​ លោក​នឹង​សម្រេច​អំពីរឿង​នេះ នៅ​ក្រោយការ​បោះឆ្នោត​សភា​ក្នុង​ខែ​វិច្ឆិកា២០២២ ដែល​នឹង​សម្រេចថា​តើគណបក្ស​ណា​នឹង​ត្រួតត្រា​សភា​សហរដ្ឋ​អាមេរិក​ទាំងពីរ។ បច្ចុប្បន្ន​គណបក្ស​ប្រជាធិបតេយ្យ ត្រួត​ត្រា​សភា​សហរដ្ឋ​អាមេរិក​ទាំងពីរ​ដោយ​សំឡេង​ភាគច្រើន​យ៉ាង​ស្តួចស្តើង៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG