គ្រាន់តែលោក Donald Trump ស្បថថាលោកនឹងគោរពតាមរដ្ឋធម្មនុញ្ញនៅពេលដែលលោកធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីទី៤៥នៃសរអាភ្លាម ក្រុមសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនិយាយថា លោករំលោភបំពានច្បាប់នោះទៅហើយ។ លោក Richard Blumenthal សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Connecticut ថ្លែងថា៖ «លោក Trump រំលោភលើច្បាប់ការពារមិនឲ្យមានឥទ្ធិពលពីបរទេសនេះ យ៉ាងគឃ្លើន»។
មាត្រាដែលចែងនៅក្នុងច្បាប់នេះផ្តល់អំណាចឲ្យសភាអនុម័តលើការទទួលយកប្រាក់ពីបរទេសដោយមន្ត្រីដែលជាប់ឆ្នោត ហើយក្រុមអ្នកប្រជាធិបតេយ្យថា លោក Trump មិនមានតម្លាភាពទេ។ «យើងមិនអាចយល់ព្រមនឹងអ្វីដែលយើងមិនបានដឹងនោះទេ។ យើងមិនអាចយល់ព្រមនឹងអ្វីដែលលោក Trump កំពុងលាក់លៀមនោះទេ»។
ទំនាស់ផលប្រយោជន៍បុគ្គលដែលកើតឡើងពីជំនួញនៅទូទាំងសកលលោក របស់លោកប្រធានាធិបតី បានបង្កឲ្យមានពាក្យបណ្តឹងចំនួន៣ករណី។ បណ្តឹងធ្វើឡើងដោយក្រុមសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យអាចជាករណីល្អជាងគេ នេះបើផ្អែកលើការត្រួតពិនិត្យមើលរបស់សភា ពាក់ព័ន្ធនឹងករណីការអនុវត្តគោលនយោបាយបរទេសរបស់លោកប្រធានាធិបតី។ លោក Tom Udall សមាជិកព្រឹទ្ធសភាមកពីរដ្ ឋNew Mexico ថ្លែងថា៖
«តើធ្វើម្តេចយើងដឹងទៅថាលោកប្រធានាធិបតី Trump ធ្វើនេះដើម្បីផលប្រយោជន៍ដល់ពលរដ្ឋអាមេរិកាំង មិនមែនជាប្រយោជន៍ផ្ទាល់ខ្លួនលោកនោះ?»។
លោកស្រី Elizabeth Wydra ជាមេធាវីជួយរៀបចំពាក្យបណ្តឹងនេះនិយាយថា មានណោះស្រាយយ៉ាងងាយស្រួលមួយ។ «វាមិនមែនជាច្បាប់ ឬក៏ជាសំណើសុំឲ្យរក្សាទុកទឹកប្រាក់ចំណេញដែលលោកទទួលបាននោះទេ។ លោកត្រូវតែគោរពតាមរដ្ឋធម្មនុញ្ញ និងត្រូវទៅសភាជាមុនសិន ដែលការណ៍នេះលោកមិនបានធ្វើនៅឡើយទេ»។
ប៉ុន្តែជារឿយៗលោក Trump បានសរសេរតាមរយៈ Twitter ជជែកថាមុខជំនួញរបស់លោក មិនប៉ះពាល់ដល់តំណែងជាប្រធានាធិបតីរបស់លោកទេ។
លោក Seth Barreth Tillma ជាមេធាវីប្រឆាំងនឹងបណ្តឹងមួយទៀតបានប្រាប់ VOA តាមរយៈប្រព័ន្ ធSkype ថា លក្ខខណ្ឌនៅក្នុងច្បាប់នេះមិនអាចយកទៅប្តឹងលោក Trump បានទេ។ «ការធ្វើជំនួញជាមួយប្រទេសក្រៅ ឬជាមួយក្រុមហ៊ុនបរទេស គឺមិនមែនជាការទទួលបានអត្ថប្រយោជន៍ពីបរទេសនោះទេ។ នេះអាចជាហេតុផលសំខាន់មួយដែលខាងដើមបណ្តឹងមិនអាចឈ្នះបាន»។
ទោះជាគេមិនដឹងថា តើតុលាការនឹងសម្រេចយ៉ាងណាក៏ដោយ ក៏លោក Jerry Nadler សភាតំណាងរាស្ត្រមកពីទីក្រុង New York ថ្លែងថា៖ «មានករណីពាក់ព័ន្ធនឹងច្បាប់នេះតិចតួចណាស់ ដោយសារតែគ្មានប្រធានាធិបតីណាពីមុនមកហ៊ានសាកល្បងជាមួយនឹងករណីនេះទេ»។
ចំណាត់ការដំបូងៗនៅក្នុងករណីនេះ អាចលាតត្រដាងពត៌មានសំខាន់ពាក់ព័ន្ធនឹងហរិញ្ញវត្ថុ។ លោកមេធាវី Seth Barreth Tillma បានថ្លែងបន្តទៀតថា៖ «ពួកគេកំពុងព្យាយាមឲ្យបង្ហាញពីប្រាក់បង់ពន្ធរបស់ប្រធានាធិបតី។ បន្ទាប់មកទៀតពួកគេនឹងព្យាយាមទម្លាក់លោកប្រធានាធិបតីពីតំណែង»។
ករណីព្យាយាមទម្លាក់ពីតំណែងនេះគឺជាផលប៉ះពាល់មួយយ៉ាងធំធេង បើទោះបីជាលោកTrump ត្រូវចាញ់ ឬឈ្នះក៏ដោយ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា