អ្នកកាសែតចំនួន២៩នាក់ត្រូវបានចាប់ដាក់ពន្ធនាគារចាប់តាំងពីការធ្វើរដ្ឋប្រហារមក និងមានការចេញដីកាចាប់ខ្លួនអ្នកកាសែតរាប់សិបនាក់ផ្សេងទៀត។ លោក Cafer Solgun អ្នកកាសែតដែលធ្វើការនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយក្នុងចំណោមស្ថាប័នជាង១០០ដែលត្រូវបានបិទទ្វារនៅក្នុងការបង្ក្រាបនោះ មិនយល់ថាហេតុអ្វីបានជាមនុស្សដូចគាត់បានក្លាយជាគោលដៅនៃការបង្ក្រាបទៅវិញ។
លោក Solgun បាននិយាយថា៖ «គឺពួកអ្នកធ្វើគម្រោងរដ្ឋប្រហារទេដែលឆ្កួតលីលា ទៅបំផ្ទុះគ្រាប់បែកលើរដ្ឋសភាតួកគី និងបានព្យាយាមដណ្ដើមអំណាច។ ប៉ុន្តែហេតុដូចម្តេចបានជាខ្ញុំ Cafer Solgun និងអ្នកកាសែតរាប់សិបនាក់ផ្សេងទៀតត្រូវពាក់ព័ន្ធនឹងរឿងនេះដែរ?»
លោក Erdogan បានទទូចថា ជនដែលត្រូវបានយកជាទីដៅនៃការបង្ក្រាបនេះ មានចំណងទាក់ទងជាមួយនឹងបព្វជិតតួកគីលោក Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ លោក Gulen ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់បណ្តាញអ្នកគាំទ្រសម្ងាត់ ដើម្បីអនុវត្តការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ។
អាជ្ញាធរតួកគីបានអះអាងថា លោក Gulen បានប្រើប្រព័ន្ធផ្សព្វផ្សាយជាតិ និងថ្នាក់មូលដ្ឋានរបស់លោក ដើម្បីគាំទ្រដល់ការបះបោរដោយយោធាដែលបរាជ័យ។ លោក Gulen បានបដិសេធថា លោកមិនជាប់ពាក់ព័ន្ធដូចការចោទប្រកាន់ទាំងអស់នោះឡើយ។ នៅពេលនេះ ហេតុផលនៅពីក្រោយការបង្រ្កាបដែលកើតមានក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ ត្រូវបានគេចោទសួរកាន់តែខ្លាំង។
លោកស្រី Nina Ognianova នៃគណៈកម្មាធិការការពារអ្នកកាសែត ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយថា ទំហំនិងវិសាលភាពនៃការចាប់ខ្លួន ជាពិសេសនៅក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនេះ នាំឲ្យមានការសន្និដ្ឋានដ៏គួរឲ្យព្រួយបារម្ភ។
«ការបង្ក្រាបនោះវាជ្រុលហួសពីអ្វីដែលចាំបាច់ក្នុងការការពារសុវត្ថិភាពរបស់រដ្ឋ។ វាហាក់បីដូចជា លោក Erdogan និងរដ្ឋាភិបាល AKP បានប្រើប្រាស់រដ្ឋប្រហារដែលបរាជ័យមួយនេះដើម្បីបោសសម្អាតប្រព័ន្ធផ្សព្វផ្សាយ បោសសម្អាតរដ្ឋ និងបោសសម្អាតសម្លេងជំទាស់នៅក្នុងប្រទេសនេះ»។
ទោះយ៉ាងណា ការចោទប្រកាន់បែបនេះ ត្រូវបានរដ្ឋាភិបាលបដិសេធយ៉ាងដាច់អហង្ការដោយបានលើកឡើងថា មានតែស្ថាប័នផ្សព្វផ្សាយ និងអ្នកកាសែត ដែលមានទំនាក់ទំនងនឹងលោក Gulen ទេដែលត្រូវបានយកជាទីដៅនៃការបង្ក្រាប។ សម្ព័ន្ធមិត្តលោកខាងលិចរបស់តួកគី ក៏បានសម្តែងការព្រួយបារម្ភផងដែរលើការបង្រ្កាបនេះ ជាពិសេសទៅលើប្រព័ន្ធផ្សព្វផ្សាយ។
ប៉ុន្តែប្រធានាធិបតី Erdogan បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយចោទប្រកាន់ក្រុមអ្នករិះគន់ថាបានកាន់ជើងពួកផ្សំគំនិតធ្វើរដ្ឋប្រហារ។
លោក Ayse Sozen Usluer ប្រធានទំនាក់ទំនងការបរទេសរបស់លោក Erdogan បានការពារការចាប់ខ្លួននិងការឃុំខ្លួនទាំងនោះ ដោយប្រៀបធៀបទៅនឹងស្ថានភាពនៅសហរដ្ឋអាមេរិកបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា។
«បន្ទាប់ពីភេរវកម្មថ្ងៃទី១១ ខែកញ្ញា ខ្ញុំសូមសួរអ្នកថា នៅគុក Guantanamo តើមនុស្សទាំងនោះជាជនសង្ស័យ ឬមួយពួកគេត្រូវបានចាប់ដាក់គុកដោយបានឆ្លងកាត់ដំណើរការតុលាការរួចហើយ? ពួកគេជាជនសង្ស័យ។ ដូច្នេះហើយ ទាំងនេះគឺជាការប្រុងប្រយ័ត្ន ដែលកំពុងត្រូវបានអនុវត្តឡើងនាពេលនេះនៅក្នុងប្រទេសតួកគី»។
លោកប្រធានាធិបតី Erdogan បានក្តាប់យកអំណាចក្នុងពេលមានអាសន្ន ដែលអនុញ្ញាតឲ្យលោកគ្រប់គ្រងតាមក្រឹត្យច្បាប់។ ហើយនោះជាអ្វីដែលក្រុមអ្នកវិភាគនិយាយថា ជាការព្រួយបារម្ភ និងចោទជាសំណួរថា តើការបង្រ្កាបនោះនឹងក្លាយទៅជាការតាមប្រមាញ់គ្រប់ជនដែលធ្វើការរិះគន់ឬយ៉ាងណា៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង