ការ​យក«ពន្ធ​លើប្រាក់​​ចំណេញ​មូល​ធន»​បង្ក​ជា​ក្តី​បារម្ភ​មួយ​ចំនួន

រូបឯកសារ៖ បុរសជនជាតិចិន​ម្នាក់​ដើរ​កាត់​សំណង់​អគារ​ជាច្រើន ដែល​ស្ថិត​នៅក្នុង​ដំណើរការ​សាងសង់​នៅក្នុង​ក្រុងព្រះសីហនុ។

នៅ​ពេល​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​ថា​រដ្ឋ​នឹង​ចាប់​ផ្តើម​អនុវត្ត​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន ចាប់​ពី​ដើម​ឆ្នាំ​២០២៤ មាន​ប្រតិកម្ម និង​ការ​លើក​ឡើង​មតិ​ចម្រុះ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​មិន​ពេញ​ចិត្ត ដោយ​បារម្ភ​អំពី​ផល​ចំណេញ។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​វិស័យ​អចល​ទ្រព្យ​មើល​ឃើញ​ទាំងផល​វិជ្ជ​មាន និង​អវិជ្ជ​មាន​នៃការ​ប្រមូល​ពន្ធ​ចំណេញមូល​ធន​២០​%​ពី​ការ​លក់​ឬ​ផ្ទេរអចលន​ទ្រព្យ។

អ្នក​ជំនាញ​បញ្ជាក់​ពី​រូប​ភាព​វិជ្ជ​មាន​នៃ​ការ​ប្រមូល​ពន្ធនោះ នឹងបង្កើន​តម្លា​ភាព​ក្នុង​វិស័យ​អចល​ទ្រព្យ ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​រឹង​មាំ ជា​ពិសេ​ស​អាចកាត់​បន្ថយ​ការទិញ​-​លក់​អចលន​ទ្រព្យរយៈ​ពេល​ខ្លី ដើម្បី​ចំណេញ ដោយ​ទទួល​បាន​មក​វិញ​នូ​វ​អ្ន​ក​ប្រើ​ប្រាស់​ពិត​ប្រាកដ។ ដោយ​ឡែក​ត្រង់​ចំណុច​អវិជ្ជ​មាន​វិញ ​អ្នក​ជំនាញ​ថា​ ​វា​អាច​ប៉ះ​ពាល់ពល​រដ្ឋ​ដែលខ្ចី​លុយ​ធនាគារ ដើម្បី​ទិញ​លក់​អចលន​ទ្រព្យ​ក្នុង​រយៈ​ពេល​ខ្លី​ ព្រោះ​មិន​បាន​ចំណេញ​ ​និង​អាចធ្វើ​ឱ្យការ​ទិញ-​លក់​អចលន​ទ្រព្យថយ​ចុះបន្តិច​ផង​ដែរ។

លោក នួន រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ ​Khmer Foundation Appraisal​(KFA) ប្រាប់​វីអូអេ​ថា​ រដ្ឋា​ភិបាល​បាន​ពន្យារ​ពេល​មិន​ប្រមូល​ពន្ធ​មូលធន​នេះ​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា​ ការ​បង់​ពន្ធ​មូល​ធន​នេះ​មិន​មែន​មាន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ។ លោក​បញ្ជាក់​ទៀត​ថា ​ការ​បង់​ពន្ធ​លើ​ពន្ធ​មូល​ធន​នេះ​គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ការ​លក់​ដូរ​អចលន​ទ្រព្យ​ទទួល​បាន​ផល​ចំណេញ​ប៉ុណ្ណោះ និង​ដើម្បី​បង្ហាញ​តម្លា​ភាព​រវាង​អ្នក​ចុះ​បញ្ជី​រក​ស៊ី​ត្រឹម​ត្រូវ ​និង​អ្នក​មិន​បាន​ចុះ​បញ្ជី។

លោក​ថ្លែង​ថា៖ «ចំពោះ​ខ្ញុំ​ជា​វិស័យ​អច​លន​ទ្រព្យ ខ្ញុំ​គិត​ថា​មិន​មាន​បញ្ហា​អី​ប៉ះ​ពាល់ ដោយ​សារ​តែ​ក្រុម​ហ៊ុន​យើង​ស្រប​ច្បាប់ ក្រុម​ហ៊ុន​យើង​យក​ទៅ​បង់​ពន្ធ​រហូត​តាំង​ពី​ដើម​រៀង​មក។ ហើយ​វា​មិន​ជា​បន្ទុក​អី​ធំ​ដុំ​សម្រាប់​ការ​រក​ស៊ី​របស់​យើង ​ដោយ​សារ​តែ​ទាល់​តែ​យើង​ចំណេញ​បាន​យើង​បង់​ពន្ធ បើ​ខាត​យើង​មាន​បង់​ពន្ធ​ឯណា។ អ៊ីចឹង​គេ​ទាម​ទារ​អ្វី​ដែល​តម្លា​ភាព ​អ្វី​ដែល​យើង​ឃើញ​ថា​យើង​មាន​តម្លា​ភាព​ យើង​អត់​ខ្លាច​នឹង​ការ​ធ្វើ​ការ​រក​ស៊ី​បង់​ពន្ធ​នោះ​ទេ»។

ទាក់​ទង​នឹង​ការ​ប្រកាស​ប្រមូល​ពន្ធ​លើ​ចំណេញ​មូល​ធន​ចំនួន​២០​%​នេះ ​ពល​រដ្ឋ​មួយចំនួនក៏បាន​លើកឡើង​ពី​ការមិន​ពេញ​ចិត្ត​របស់​ពួក​គេ​តាម​បណ្តាញ​សង្គម ដោយ​អ្នក​ខ្លះ​ថា​ពួក​គេ​បានខ្ចី​លុយ​ធនាគារ​យក​ទៅ​ទិញ​អចលន​ទ្រព្យ ដើម្បី​ទុក​ចំណេញ ប៉ុន្តែ​បែរ​ជា​ត្រូវ​បង់​ទាំង​ការ​ប្រាក់​ធនាគារ​ និង​ត្រូវ​បង់​ពន្ធ២០%​លើ​ប្រាក់​ចំណេញ​បែប​នេះ​ទៀត។

អ្នកស្រី អាន សុធីតា អគ្គ​នាយិកា​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ PropNex Cambodiaប្រាប់​វីអូអេ​ថា​ ប្រសិន​បើ​រដ្ឋ​ប្រមូលពន្ធចំណេញមូល​ធននៅ​ឆ្នាំ​២០​២៤​ ​គឺ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មិន​ប្រឈម ឬ​ប៉ះ​ពាល់​ខ្លាំង​នោះ​ទេ ​ដោយ​សារអ្នក​អភិវឌ្ឍន៍​ទាំង​នោះ​បាន​គិត​រួច​ជា​ស្រេច​ចំពោះ​ពន្ធ​ចំណេញមូល​ធន​នេះ ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​ការ​លក់​អចលន​ទ្រព្យ​ធ្លាក់​ចុះ​បន្តិច។

អ្នកស្រី អាន ​សុធីតា ​មើលឃើញ​ថា​ ការ​ប្រមូល​ពន្ធ​ចំណេញ​មូល​ធន​នេះ ​រដ្ឋ​អាចមាន​ចំណូល​ច្រើនដើម្បី​យក​ទៅ​អភិ​វឌ្ឍ​ប្រទេស និង​កសាងហេដ្ឋា​រចនា​សម្ព័ន្ធ។ ទោះ​ជា​យ៉ាងណា អ្នកស្រី​ថា​ការ​ប្រមូល​ពន្ធ​បែប​នេះ​នឹង​កាត់​បន្ថយ​ចំនួន​អ្នក​ដែល​ទិញ​-​លក់​អចលន​ទ្រព្យរយៈ​ពេល​ខ្លី ដើម្បី​ចំណេញ។

អ្នកស្រី​ថ្លែង​ថា៖ «ចំណុច​ល្អ​មួយ​ទៀត គឺ​មានន័យ​ថា​យើង​កាត់​បន្ថយ​Speculator​[ឈ្មួញ​កណ្តាល​] ​អ្នក​វិនិ​យោគ​ដែល​គាត់​ទិញ​លក់​ៗ។ បើ​សិន​គាត់​មាន​ធន​មូល​ធនហ្នឹង គាត់​ត្រូវ​ពន្យារ​ពេល​ក្នុង​ការ​ទិញ​លក់​ហើយ ព្រោះ​អី​គាត់​ត្រូវ​ការបង់​ពន្ធ​ខ្ពស់ អ៊ីចឹង​ក៏​ទទួល​បានអ្នក​វិនិ​យោគ​ល្អៗ មាន​ន័យ​ថា​អ្នក​ទិញ​លក់​ៗ ចំណេញ​វា​ធ្វើ​ឱ្យ​បំប៉ោង​តម្លៃ​អចលន​ទ្រព្យ។ អ៊ីចឹង​ជួយ​កាត់​បន្ថយSpeculator ​[ឈ្មួញ​កណ្តាល​]​ហ្នឹង»។

អ្នកស្រី​បន្ថែម​ថា ​ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ខ្ចី​លុយ​ធនាគារ ដើម្បី​ទិញ​លក់​អចលន​ទ្រព្យ​ក្នុង​រយៈ​ពេល​ខ្លី ​ឬ​ទិញ​-​លក់​ត្រឹម​រយៈ​ពេល១​ឆ្នាំ​ នោះ​វា​នឹង​ពិបាកចំណេញ លុះ​ត្រា​ទិញ ដោយ​ទុក​រយៈ​ពេល​យូរ​ឆ្នាំ ទើបពល​រដ្ឋអាច​ទទួល​បាន​ប្រាក់​ចំណេញ​មួយ​ចំនួន ដោយ​សារ​តែ​កំណើន​តម្លៃ​អចល​ទ្រព្យ​តាម​ឆ្នាំ​នីមួយ​ៗ។

អ្នកស្រី​ថ្លែង​បន្ត​ថា៖ ​«​បើ​សិន​ជា​យើង​និយាយ​ថា​គាត់​ខ្ចី​លុយ​ធនាគារ យក​មក​វិនិ​យោគ​លើ​វិស័យ​អចល​ទ្រព្យ គឺ​ពិត​ជា​ប៉ះ​ពាល់​ខ្លាំង​ណាស់។ បើ​សិន​ជា​កម្ចី​ពី​ធនាគារ ​អាចនិយាយ​ថា​៨% ហើយ​ថែមទាំង​ពន្ធ​ប្រថាប់​ត្រា​៤% ហើយ​ថែម​ទាំង​ពន្ធ​លើ​ប្រាក់​ចំណេញ​អាច​និយាយ​ជា​អាត្រា​នៃ​តម្លៃ​លក់ ប្រហែល​ជា​៤% អ៊ីចឹង​ប្រហែល​គិត​ថា​មួយ​ឆ្នាំ​គឺ១៦%​បាត់​ហើយ។ អ៊ីចឹង​បើ​គាត់​ទិញ​លក់​ក្នុង​មួយ​ឆ្នាំ គឺ​ត្រូវ​តែ​ឱ្យ​មាន​ប្រាក់​ចំណេញ​ខ្ពស់​លើស​ពី​១៦% ទើប​គាត់​អាច​លក់​បាន»។

​បើ​តាម​អ្នកស្រី ​អាន ​សុធីតា ​ប្រសិន​បើ​រដ្ឋ​ចង់ប្រមូល​ពន្ធ​ផង និង​ចង់​ធ្វើ​ឱ្យ​វិស័យ​អចលន​ទ្រព្យ​រីក​ចម្រើន​ផង រដ្ឋ​គួរ​ពិចារណា​កំណត់​ភាគរយ​នៃ​ការ​យក​ពន្ធ​មូល​ធន​នេះ តាម​កម្រិត​នៃ​ការ​ទិញ​លក់​អចលន​ទ្រព្យ ​ដូច​ក្នុង​ករណី​ការ​ទិញ​លក់​អចលន​ទ្រព្យ​ធ្វើ​ឡើង​ក្រោម​២ឆ្នាំ តម្រូវ​ឱ្យ​យក​ពន្ធ​ចំនួ​ន​២០% ប៉ុន្តែ​បើ​ក្នុង​ករណី​ទិញ​លក់​អចលន​ទ្រព្យ ធ្វើ​ឡើង​លើស​ពី​២ឆ្នាំ ​គួរ​តែ​យក​ត្រឹម​តែ​១០​% ឬ​៥%។

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​លោក មាស សុខ​សេន​សាន​ ប្រាប់​វីអូអេ​ថា ឆ្នាំ​២០២៤ គឺ​ជា​ពេល​វេលា​សម​រម្យ ​ដើម្បី​ប្រមូល​ពន្ធ​ចំណេញ​មូល​ធន​ ដោយ​រួមទាំ​ង​អចលនទ្រព្យ​ ភតិ​សន្យា ទ្រព្យ​វិនិយោគ កេរ្តិ៍​ឈ្មោះ​អាជីវកម្ម កម្មសិទ្ធិ និង​រូបិយ​បណ្ណ​បរទេស។

លោក​បញ្ជាក់​ជា​អក្សរ​ថា៖ «ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូល​ធន​ក្រៅ​ពី​អចលន​ទ្រព្យ​ នៅ​ឆ្នាំ​២០២៤ ជា​ពេល​វេលា​សម​ស្រប​មួយ​ ព្រោះ​កន្លង​មក​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​បាន​ផ្សព្វផ្សាយ និង​ផ្ដល់​ព័ត៌មាន​យ៉ាង​ទូលំ​ទូលាយ​ដល់​សាធារណ​ជន​ តាម​រយៈ​កម្មវិធី​សិក្ខា​សាលា កម្មវិធី​ពន្ធដារ​កម្ពុជា កម្មវិធី​រៀន​អំពី​ពន្ធដារ​ ឬ​កម្មវិធី​ផ្សេងៗ​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ដើម្បី​សាធារណ​ជន​ និង​អ្នក​ជាប់​ពន្ធ​បាន​យល់​ដឹង​អំពី​ប្រភេទ​ពន្ធ​នេះ»។

​នៅ​ក្នុង​កម្ម​វិធី​ស្តី​ពី​«ការ​យល់​ដឹង​អំពី​ពន្ធ​ដារ» ​ដែល​រៀបចំ​ដោយអគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ ​កាលពីថ្ងៃទី​១៥ ​ខែ​កញ្ញា ឆ្នាំ២០២៣​ លោក គង់ វិបុល​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារឱ្យ​ដឹង​ថា​ ប្រសិន​បើ​រដ្ឋា​ភិបាល​អាណត្តិ​ទី៧​មិន​មានការ​បន្ត​ពន្យារ​ពេល​លើ​ការ​ប្រមូល«ពន្ធ​លើចំណេញ​មូល​ធន​»នេះ​ទេ អគ្គនាយក​ដ្ឋាន​ពន្ធដារនឹង​ចាប់​ផ្តើម​អនុវត្ត​ការ​ប្រមូលនេះ​នៅ​ដើម​ឆ្នាំ​២០​២៤។

លោក គង់ វិបុល បាន​ការពារ​ថា ​ការ​ប្រមូល​ពន្ធ​លើ​ចំណេញ​មូល​ធន​នេះ​នឹង​មិន​ប៉ះ​ពាល់​វិស័យ​អចលន​ទ្រព្យ​នោះ ដោយ​សារ​ការ​ទិញ​និង​លក់​ចំណេញ ទើប​ត្រូវ​ដក​យក​ប្រាក់​ចំណេញ​២០% ​សម្រាប់​បង់​ពន្ធ។ លោក​បន្ថែម​ថា​កា​របង់​ពន្ធចំណេញ​មូល​ធន​២០%​នេះ​ ​តម្រូវ​ឱ្យ​អ្នក​លក់​អចលន​ទ្រព្យ​ជា​អ្នក​បង់ ដោយ​ខុស​គ្នានឹង​ការ​បង់ពន្ធ​ប្រថាប់​ត្រា​៤% ​ដែល​តម្រូវ​ឱ្យ​អ្នក​ទិញ​អចលន​ទ្រព្យ​ជា​អ្នក​បង់។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​សួរ​ថា​ប៉ះ​វិស័យ​អចលន​ទ្រព្យ​អត់​? ​វិស័យ​អចលន​ទ្រព្យនេះ ​គេ​បង់​ជា​កញ្ចប់​ជា​អី គេ​បាន​គិត​គូរ​ចំណេញមូលធន​នៅ​ក្នុង​ហ្នឹង​រួច​ទៅ​ហើយ។ កន្លង​ទៅ គេ​បាន​បង់​ហើយ​ មាន​ន័យ​ថា​ពន្ធ​លើ​ប្រាក់​ចំណេញ​ហ្នឹង។ បើ​រក​ស៊ី​ក្នុង​វិស័យ​ហ្នឹង​ចំណេញ ​ឬ​ខាតគេ​ធ្វើ​បញ្ជី​ស្នាម​បង់​ពន្ធ​រួច​ទៅ​ហើយ។ មិន​មែន​ចាំ​តែ​២០២៤ ត្រូវ​តែ​បង់​ទេ ពី​ព្រោះ​គាត់​រក​ស៊ី​ខាង​អចលនទ្រព្យ​ គឺ​គេ​គិត​ពន្ធ​លើ​ប្រាក់​ចំណេញ ដែល​ចំណេញ គឺ​ចំណេញ​មូល​ធន​ហ្នឹង គេ​បូក​ចូល​គ្នា​រួច​ហើយ។ អ៊ីចឹង វា​អត់​មាន​ប៉ះ​ពាល់​អីទេ​ យើង​ខ្ញុំ​បាន​បង់​ជា​កញ្ចប់ ​បង់​ជា​អី ​បាន​គិត​គូរ​រួច​ហើយ​នៅ​ក្នុង​ពន្ធ»។

​លោក​បន្ថែម​ថា​៖ «អ្វី​ដែល​អនុវត្ត​សម្រាប់​ពល​រដ្ឋ​ទូទៅ​ ​សម្រាប់​ប្រជា​ជន​សាមញ្ញ​ទូទៅ ​ដែល​មាន​អចលន​ទ្រព្យ​សិប​លាន​ដុល្លារ​ដែល​លក់​ទៅ ​ហើយ​ចំណេញ​ បាន​ផល​ម​ក​ច្រើន វា​ជាកា​តព្វ​កិច្ច​ដល់​ពេល​ត្រូវ​ប​ង់​ពន្ធ​ហើយ»។

បើ​តាមលោក ​គង់ វិបុល ការ​ប្រមូល​ពន្ធមូលធន​នេះ គឺ​ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស ការ​ពារ​សន្តិ​សុខ សុវត្ថិ​ភាព​ប្រជា​ជន ​និង​បើក​ប្រាក់​បៀ​វត្សរ៍​ដល់​មន្ត្រី​រាជ​ការ។ លោក​បន្ថែម​ថា​ក្នុង​អំឡុងវិបតិ្ត​ជំងឺ​កូវីដ​១៩ រដ្ឋា​ភិបាល​បាន​យក​លុយ​ពន្ធ​មក​ទិញ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​សម្រាប់​ប្រជាពលរដ្ឋ។

លោក​លើក​ឧទាហរណ៍​ថា រដ្ឋាភិបាល​បារាំង និង​អូស្រ្តាលី​យក​ពន្ធ​ចំណេញ​មូល​ធន​រហូត​ដល់៤០% ទៅ​៥០%។

លោក​ថ្លែង​ថា​៖​ «ហើ​យ​បើ​យើ​ង​មិន​បង់​ពន្ធ​ទាំង​អស់​គ្នា ប្រទេស​យើង​មា​នអីអ​ភិវឌ្ឍ អ្នក​ខ្លះ​មាន​ឡាន​ជិះ​ទំនើប ​ប៉ុន្តែ​រក​ថ្នល់​បើក​គ្មាន ធ្វើ​ម៉េច​ទៅ ​ជិះ​ក្នុង​ភក់​ហ្ហេ? អ៊ីចឹង​សូម​គិត​មើល​ផង​សាធារណ​ជន​មួយ​ចំនួន​គិត​ផង វិស័យ​ការពារ​ជាតិ ​វិស័យ​សន្តិសុខ​...ចោរ​កម្ម​ពេញ​ស្រុក​ គ្មាន​សន្តិសុខ​គ្មានអី ​គ្មាន​ប្រាក់​ខែ​បើក​ឱ្យ​ពួក​មន្ត្រី​នគរ​បាល ពួក​កង​ការពារ​ជាតិ​ទាំង​អស់​ហ្នឹង​ តើ​មាន​យន្ត​ការ​អី ទៅការពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​បាន»។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​(ANSA) លោក ​សន ជ័យ លើក​ឡើង​ថា​ ការ​ប្រមូល​ពន្ធ​ផ្សេងៗ​ពី​ប្រជា​ពលរដ្ឋ​គឺ​ជា​ការ​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​សម្រាល​ជីវភាព​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​ក្នុង​ប្រយោជន៍​រួម ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ និង​តម្រូវ​ការ​ណា​មួយ​ដែល​រដ្ឋា​ភិបាល​ត្រូវ​ការ។

លោក​បន្ត​ថា​ ការ​រិះ​គន់​របស់​ប្រជា​ពលរដ្ឋ​ចំពោះ​ការ​ប្រមូល​ពន្ធ​មូល​ធន​នេះ​ គឺ​ជា​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ ប៉ុន្តែ​ការ​ប្រមូល​ពន្ធ​ថ្មី​ណា​មួយ​គួរ​តែ​មាន​ការ​គិត​គូរ​ពី​ពេល​វេលា និង​ស្ថាន​ភាព​នៃ​ប្រាក់​ចំណូល​របស់​អ្នក​រក​ស៊ី ឬ​ធ្វើ​ជំនួញ​ក្នុង​វិស័យ​អចលន​ទ្រព្យ។

លោក​ថ្លែង​ថា៖ «ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​មើល​ឃើញ​ថា​ ការ​ប្រមូល​ពន្ធ​អ្វី​ដែល​ថ្មី​ ដូច​ជា​ពន្ធ​ទៅ​លើ​មូល​ធន​នេះ​ខ្ញុំ​យល់​ថា​គួរ​តែ​ជា​ការ​គិត​គូរ​អំពី​ពេល​វេលា​សម​រម្យ​ ដោយ​សារ​តែ​ការ​ប្រមូល​ពន្ធ​នេះ​ បើ​យើង​មើល​ពី​ស្ថាន​ភាព​នៃ​ប្រាក់​ចំណូល​របស់​អ្នក​រក​ស៊ី​ បាន​ន័យ​ថា​អ្នក​រកស៊ី​ ដូច​ជា​ការ​គួរីយេរ (Courrier)ការ​ទិញ​ដី​ធ្លី​ទុក​លក់​ ក៏​ដូច​ជា​ប្រាក់​ចំណូល​មួយ​ចំនួន​ដែល​បាន​មក​ពី​ប្រាក់​ចំណេញ​ហ្នឹង​ ហើយ​ពេល​វេលា​នេះ​ជា​ពេល​វេលា​ដ៏​លំបាក​មួយ​តាម​ដែល​ខ្ញុំ​មើល។ គេ​ឃើញ​មាន​អាជីវ​កម្ម​តូច​ធំ​មួយ​ចំនួន​បាន​បិទ​ទា្វរ​ ឬក៏​រក​ទាំង​លំបាក​អី​ជា​ដើម»។

លោក សន ជ័យ បន្ត​ថា​ដើម្បីធានា​បាន​នូវ​តម្លា​ភាព និង​ការ​ទទួល​ខុស​ត្រូវ​ថា​ពន្ធ​ដែល​ប្រជា​ពលរដ្ឋបង់​នោះ ត្រូវ​បាន​ប្រើ​ប្រាស់​ចំ​គោល​ដៅ​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ រដ្ឋា​ភិបាល​ត្រូវ​មាន​ការ​ជជែក​ដេញ​ដោល រហូត​ដល់​កម្រិត​ថា្នក់​សភា និង​ពិនិត្យ​មើល​ពី​ការ​ចំណាយ​ថវិកា​ជាតិ​ឱ្យ​បាន​ត្រឹម​ត្រូវ។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ដើម្បី​ធានា​ថា​លុយ​ពន្ធ​ដែល​ពលរដ្ឋ​បង់​ទៅ​នេះ ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ឱ្យ​មាន​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ ឬ​ក៏​គណ​នេយ្យ​ភាព​នេះ គេ​ចាំ​បាច់​ជំរុញ​ឱ្យ​មាន​ការ​ពិគ្រោះ​យោបល់​ ការ​ជជែក​ដេញ​ដោល​តាំង​ពី​កម្រិត​រដ្ឋា​ភិបាល រហូត​ដល់​ទៅ​សភា​ដើម្បី​ធានា​ថា​ថវិកា​ជាតិ​នៃ​ឆ្នាំ​នីមួយ​ៗ​ហ្នឹង​មាន​ការ​ឆ្លើយ​តប​ មាន​យន្ត​ការ​តម្លា​ភាព​ ដើម្បី​ធានា​ថា​ថវិកា​នោះ​យក​ទៅ​ប្រើ​ឱ្យ​ចំ​គោល​ដៅ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០២០ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​ចេញ​ប្រកាស​មួយ​ស្តី​ពី​«ពន្ធ​លើចំណេញ​មូល​ធន» ប៉ុន្តែ​មិន​ទាន់​អនុវត្ត​ភ្លាមៗ​ឡើយ ក្នុង​អំឡុង​ពេល​កម្ពុជា​រង​ផល​ប៉ះពាល់​ពី​ជំងឺ​រាត​ត្បាត​កូវីដ​១៩ ដោយ​រដ្ឋាភិបាល​បាន​សម្រេច​ពន្យារ​ពេលអនុវត្ត រហូត​ដល់​ចុង​ឆ្នាំ​២០២៣៕