ការប្រឹងប្រែង​ថ្នាក់មូលដ្ឋាន​រួមចំណែក​ដល់​​ការ​បោះឆ្នោត​ប្រធានាធិបតី

ពលរដ្ឋ​អាមេរិកាំង​កំពុង​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​គឺ វិទ្យាល័យ JEB Stuart High School នៃ​សង្កាត់ Fairfax នៃ​រដ្ឋ Virginia ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាមេរិកថ្មី​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

​ក្នុងថ្ងៃ​បោះឆ្នោត​នៅ​មណ្ឌល​មួយ​ចំនួន​នៅក្នុង​ក្នុង ​Fairfax ​រដ្ឋVirginia ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​សកម្មជន​គណបក្ស​និង​របស់​មន្ត្រីបោះឆ្នោត​ក្នុង​ការធានា​ឱ្យ​លទ្ធផលនេះ​មានលក្ខណៈ​សុក្រិត។

ការបោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ខែ​វិច្ឆិកា​ហើយ​លទ្ធផល​គឺ​លោក​មហាសេដ្ឋី​ដូណាល់ ត្រាំ​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ​ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ។

​ក្នុងថ្ងៃ​បោះឆ្នោត​នៅ​មណ្ឌល​មួយ​ចំនួន​នៅក្នុង​ក្នុង ​Fairfax ​រដ្ឋ Virginia ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​សកម្មជន​គណបក្ស​និង​របស់​មន្ត្រីបោះឆ្នោត​ក្នុង​ការធានា​ឱ្យ​លទ្ធផលនេះ​មានលក្ខណៈ​សុក្រិត។

ការឃោសនានៅ​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​រហូតដល់ថ្ងៃ​បោះឆ្នោត​ហើយ​ស្ថានីយ៍​បោះឆ្នោត​នៅ​រដ្ឋ​Virginia នេះ​បើក​នៅម៉ោង៦ព្រឹកទទួល​អ្នក​បោះឆ្នោត​រហូតដល់​ម៉ោង​៧​យប់​មុន​នឹង​បិទ​បញ្ចប់។

លោក​ស្រី​ខារ៉ូល មឺរិក ​ប្រធាន​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​មណ្ឌលលីនប្រ៊ូក​បាននាំ​ក្រុមអ្នក​ស្ម័គ្រចិត្ត​មកដល់​កន្លែង​បោះឆ្នោត​នៅ​សាលាបឋមសិក្សា​លីនប្រ៊ូក​នេះ​តាំងពី​មុនពេល​ស្ថានីយ៍​បើកទ្វារ៖

«ខ្ញុំ​រៀបចំ​ក្រុម​អ្នកស្ម័គ្រចិត្ត​ហើយ​អ្វី​ដែល​យើង​ធ្វើ​គឺ​ស្វាគមន៍​អ្នកបោះឆ្នោត​នៅពេល​ដែល​ពួកគេ​ចូល​មក​ហើយ​ផ្តល់​សន្លឹកឆ្នោត​គំរូ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី ឱ្យ​ពួកគេ​ដឹង​ថា​អ្នកណា​ជា​បេក្ខជន​របស់​យើង​និង​ជំហរ​របស់​យើង​លើ​បញ្ហា​ដែល​នៅលើ​សន្លឹកឆ្នោត‍»។

បន្ថែម​លើ​ការទាក់ទាញ​ឱ្យ​ពលរដ្ឋបោះឆ្នោត​ជូន​លោកស្រី​ហ៊ីលឡារី គ្លីនតុន ​លោកស្រី​មឺរិក​យល់​ថា​បញ្ហា​នៅថ្នាក់​មូលដ្ឋាន​ក៏​សំខាន់​ដែរ​ដែល​ទាមទារ​ការយល់គាំទ្រ​របស់​អ្នកបោះឆ្នោត​ដូចជា​ការបង្កើនពន្ធ​លើ​អាហារ​ជាដើម៖ ​

«ខ្ញុំ​គិត​ថា​បញ្ហា​ដ៏ធំ​មួយ​គឺ​មូលនិធិ​គាំទ្រ​ដល់​សាលារៀន។ ខ្ញុំ​គិត​ថា​សាលារៀន​ត្រូវ​ការ​លុយ​ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​កុំ​ឱ្យ​សិស្ស​ច្រើន​ពេក​ក្នុង​មួយ​ថ្នាក់ៗ​និង​ដើម្បី​បង្កើន​ប្រាក់ខែ​សម្រាប់​គ្រូបង្រៀន​ដូច្នេះពន្ធលើ​អាហារ​នេះ​នឹង​បង្កើន​ថវិកា​បាន​៧០លាន​ដុល្លារ​ដែល​នឹង​ជួយ​ដល់ផ្តល់​ថវិកា​ដល់​សាលារៀន‍»។

អ្នកស្ម័គ្រចិត្ត​នៃ​គណបក្ស​ទាំងពីរ​នៅ​មណ្ឌល​បោះឆ្នោត​ក្នុងសាលាវិទ្យាល័យ​មួយ​នេះ​ក៏​ខិតខំ​នៅ​នាទី​ចុងក្រោយ​ឱ្យ​អ្នក​បោះឆ្នោត​ប្តូរ​ចិត្ត​ផងដែរ​ប៉ុន្តែ​ពួកគេ​ត្រូវ​ធ្វើ​ការងារ​នេះ​នៅ​ចម្ងាយ​យ៉ាង​តិច​បំផុត​១២​ម៉ែត្រ​ពី​កន្លែង​បោះឆ្នោត។ នេះ​ជា​ច្បាប់​កំណត់​នៅ​ក្នុង​រដ្ឋ Virginia។ ​

លោក​ប៉ូល អាន់ដឺសុន ​ប្រធាន​មណ្ឌល​បោះឆ្នោត​Ravenswood ​ក្នុង​ក្រុង​ Falls Church ជាអ្នក​ធានា​ថា​ច្បាប់​បោះឆ្នោត​ត្រូវ​បាន​គោរព​តាម​និង​ផ្តល់​ជំនួយ​ដល់​អ្នកបោះឆ្នោត៖

«ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​ក្នុង​ពេល​បោះឆ្នោត​ហើយ​ពួកគេ​មាន​អ្នកណាម្នាក់​ដែល​អាច​ជួយ​គេ​បាន​គឺ​យើង​មាន​ពាក្យ​ស្នើសុំ​មួយ​ដែល​ពួកគេអាច​បំពេញ​សុំ​ឱ្យ​គេជួយ​បាន។ យើង​ក៏​អនុញ្ញាត​ឱ្យ​អ្នក​ដែល​មិន​អាច​ចូលទៅក្នុង​ស្ថានីយ៍បោះឆ្នោត​មក​បោះនៅ​ខាងក្រៅ​បាន​ប្រសិនបើ​ពួកគាត់​ចាស់​និង​មាន​បញ្ហា​សុខភាព​រាងកាយ​ប៉ុន្តែ​យើង​ក៏មាន​ស្លាកសញ្ញា​ជាច្រើន​នៅខាងក្នុង​ពន្យល់​ពី​របៀប​បោះឆ្នោត​ដែរ។ យើង​មាន​មនុស្ស​ដែល​អាច​ណែនាំ​អ្នកបោះឆ្នោត​ពី​របៀប​គូស​លើ​សន្លឹកឆ្នោត​ដោយ​មិន​មើល​សន្លឹកឆ្នោត​របស់​អ្នកទេ‍»។

ក្នុង​យុទ្ធនាការ​បោះឆ្នោត​មាន​បេក្ខជន​ខ្លះ​ចោទ​ថាការបោះឆ្នោត​មាន​ការបន្លំ​ប៉ុន្តែ​លោកប៉ូល​ អាន់ដឺសុន ​មិនគិត​ថា​អីចឹង​ទេ៖

«ពិតជាមិន​កើត​មាន​នៅទីនេះ​ទេ។ ខ្ញុំ​មិន​គិត​ថា​ការបោះឆ្នោត​នេះ​មាន​ការបន្លំ​ទាល់តែ​សោះ។ យើង​មាន​តំណាង​ដែល​មកពី​គណបក្ស​ផ្សេងៗគ្នា​តាមដាន​មើលអ្វីៗ​ដែល​យើងធ្វើ​ក្នុង​ពេល​បើក​និង​បិទ​ម៉ាស៊ីន​និង​សរុប​លទ្ធផល។ តំណាង​មកពី​គណបក្ស​ទាំងពីរ​ត្រូវ​តែចូលរួម។ ហើយ​ពួកគេ​ត្រូវ​តែ​ចុះហត្ថលេខា​ទទួលស្គាល់​ថា​ពួកគេ​ឃើញ​ថា​វា​ត្រឹមត្រូវ។ ដូច្នេះ​មាន​ការផ្ទៀង​ផ្ទាត់​ជាច្រើន​ផងដែរ។ វាជា​ការលំបាក​ក្នុងការ​កែប្រែ​លទ្ធផល​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​មើលឃើញ​ហើយ​លទ្ធផល​នោះ ក៏​នឹង​ត្រូវ​ផ្ទៀងផ្ទាត់​ឡើងវិញ​ពេញ​មួយ​សប្តាហ៍​ពេល​វា​ទៅ​ដល់សាលាក្រុង។ ដូច្នេះ​គ្មាន​អ្វី​ជា​ការសង្ស័យ​ទេ​ថា​ការបោះឆ្នោត​នេះ​គឺ​ពិត​ជា​ត្រឹមត្រូវ‍»។

លើស​ពីនេះ​អ្នកបោះឆ្នោត​មានសិទ្ធិ​សេរីភាព​ក្នុង​ការជ្រើសរើសបេក្ខជន​ដែល​គេ​ពេញ​ចិត្ត​ដោយ​មិន​មាន​ការបង្ខិត​បង្ខំ​ទេ។

លោក​លឹម រតនា ​ពលរដ្ឋ​រស់​នៅ​តំបន់​Falls Church ​រដ្ឋ​Virginia ក៏តែងតែផ្លាស់​ប្តូរ​ការគាំទ្រ​របស់​លោក​តាម​ការពេញចិត្ត​ផងដែរ។

«ក្នុង​ការបោះឆ្នោត​របស់​ខ្ញុំ​មាន​ការផ្លាស់ប្តូរ​ជា​រៀងរាល់​លើក​មិនអាចថា​យើង​មិនជ្រើស​រើស​យក​តែ​គណបក្ស​ហ្នឹងមួយ​ដែល​ស្រឡាញ់​ហ្នឹង​ឈរ​ឈ្មោះ​មួយ​ជីវិត​អីចឹងទេ។ យើង​ត្រូវ​ផ្លាស់​ប្តូរ​មើល​ថា​លក្ខណៈ​ដឹកនាំ​ឬ​យោបល់​របស់​អ្នកនេះ​អ្នកនោះ​ផ្សេង​ដើម្បី​មានការដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឡើងវិញ‍»។

សម្រាប់​ការបោះឆ្នោត​លើកនេះ​ ​លោក​លឹម រតនា​បាន​បោះឆ្នោត​ជូន​លោកស្រី​គ្លីនតុន​ដែលមក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

«អ្នកទាំងពីរ​ក្នុង​គោលបំណង​របស់​ខ្ញុំ​ហ្នឹង​ខ្ញុំជ្រើសរើស​យក​ហ៊ីលឡារី គ្លីនតុន​ព្រោះគាត់​ជាមនុស្ស​ម្នាក់​ដែល​ថា​មើល​ទៅ​អាច​មាន​សមត្ថភាព​ក្នុង​ការដឹកនាំ​ប្រទេស​ដែលខ្ញុំ​ចង់​បាន​ហ្នឹង​គឺ​គាត់​មាន​ទំនាក់​ទំនង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​ល្អ​ហើយ​អ្វី​មួយ​ទៀត​អាចបញ្ជាក់ថា​គាត់​និយាយ​អ្វីក៏ដោយ​មាន​ហេតុផល​ច្បាស់​លាស់​ត្រឹមត្រូវ​។ ចំពោះ​ដូណាល់​ត្រាំ​ខ្ញុំ​ស្តាប់​ទៅ​យោបល់​គាត់​មិន​ជាអ្វី​ទេ​គាត់​មិន​ជាអ្នក​នយោបាយ​ចំតួគាត់​ជា​អ្នកជំនួញ​គ្រាន់តែ​គាត់​និយាយ​ទៅ មាន​ការ​មិន​ពេញចិត្ត​របស់​ខ្ញុំ។ អ្នកដទៃ​ទៀត​ខ្ញុំ​មិន​ដឹង​ទេ‍»។​

ទីក្រុង ​Fairfax ​ក្នុង​រដ្ឋ​Virginia ​មានអត្រា​អ្នកចេញ​មកបោះឆ្នោត​ច្រើន​រហូត​ដល់​ចន្លោះ​ពី​៧០ទៅ៨០​ភាគរយ​ដែល​ខ្ពស់​ជាង​អត្រា​ថ្នាក់​ជាតិ​ដែល​មានតែ​ជាង៥០ភាគរយ​តែប៉ុណ្ណោះ។

នៅក្នុងរដ្ឋ​Virginia ​នេះ​លោកស្រី​ហ៊ីលឡារី​គ្លីនតុន​ជាអ្នក​មានជ័យ​ជម្នះ​លើ​លោក​ដូណាល់​ ត្រាំ​បើ​ទោះបី​ជា​លទ្ធផល​នៅ​ទូទាំង​ប្រទេស​លោក​ដូណាល់​ត្រាំ​ជាអ្នក​ឈ្នះក៏ដោយ៕