ក្រុមអ្នកស្ម័គ្រចិត្តនៃសមាគមធនធានអង្គរបានប្រើប្រាស់វិធីសាស្ត្រថ្មីគឺការទូរស័ព្ទទៅអ្នកបោះឆ្នោតអាស៊ីអាមេរិកាំងជាការបន្ថែមទៅនឹងការចុះជួបអ្នកបោះឆ្នោតតាមផ្ទះដើម្បីរំលឹកពួកគេឱ្យចេញទៅបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ។
លោក រ៉ែនឌី មុត ប្រធានសមាគមធនធានអង្គរដែលស្ថិតនៅទីក្រុង Riverdale ដែលជាតំបន់ភាគខាងត្បូងនៃទីក្រុងអាត្លង់តានៃរដ្ឋចរចា បានបញ្ជាក់ថា ក្រុមអ្នកស្ម័គ្រចិត្តបានទូរស័ព្ទទៅអ្នកបោះឆ្នោតជាច្រើនពាន់នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការបោះឆ្នោតមកដល់ដើម្បីរំលឹកពួកគេឱ្យចេញទៅបោះឆ្នោតឱ្យបានច្រើន។
លោក រ៉ែនឌី មុត បញ្ជាក់បន្ថែមថា យ៉ាងហោចណាស់មានអ្នកបោះឆ្នោតជាង៥០០០នាក់ទទួលបានការរំលឹកនោះ ហើយភាគច្រើនគឺជាពលរដ្ឋខ្មែរអាមេរិកាំង៖
«យើងមានអ្នកស្ម័គ្រចិត្តផង បុគ្គលិកផង ដែលចេះភាសាខ្មែរហ្នឹង ប៉ុន្តែគាត់ឱ្យអ្នកបោះឆ្នោតខ្មែរដែលយើងទូរស័ព្ទទៅយើងបានពន្យល់គាត់ជាភាសាយើង គាត់អត់ចេះនិយាយអង់គ្លេស។ តាមខ្ញុំប៉ាន់ស្មានគេព្យាយាមបូកខ្មែរចូលក្នុងហ្នឹងដែរ តាមខ្ញុំស្មានប្រហែល៦០ភាគរយទៅ៧០ភាគរយ»។
អ្នកស្រី ផាវី ទាន់ បុគ្គលិកនៃសមាគមធនធានអង្គរដែលបានទូរស័ព្ទទៅរំលឹកអ្នកបោះឆ្នោតបានបញ្ជាក់ថា៖
«យើងគ្រាន់តែទូរស័ព្ទរំលឹកគេទេ។ ការសម្រេចចិត្តបោះឆ្នោតជ្រើសរើសគឺសម្រេចទៅលើម្ចាស់ខ្លួនគេផ្ទាល់ទេណា។ យើងគ្រាន់តែធ្វើម៉េចឱ្យគេដឹងថា ពេលដែលបោះឆ្នោតហ្នឹងគឺសំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា ហើយកុំភ្លេចទៅបោះឆ្នោតព្រោះសន្លឹកឆ្នោតរបស់ម្នាក់ៗសុទ្ធតែមានតម្លៃ»។
បុគ្គលិកម្នាក់ទៀតនៃសមាគមនេះគឺ លោក សែម សាមឺឌី បានចែករំឡែកបទពិសោធក្នុងការទូរស័ព្ទថា៖
«គាត់ថាអរគុណហើយបានជួយខ្ញុំណែនាំគាត់ទៅបោះកន្លែងណាកន្លែងណាអីចឹងណា»។
ប៉ុន្តែក៏មានអ្នកដែលមិនចង់ទៅដែរ ដោយសារតែលំបាកទៅរកទីតាំងពិតប្រាកដ។
«ពេលខ្លះគាត់ថា ពិបាករកកន្លែងហើយថាចាំឆ្នាំក្រោយក៏បានដែរ»។
មានពលរដ្ឋខ្មែរអាមេរិកាំងជាង១០.០០០នាក់រស់នៅក្នុងរដ្ឋចរចា ប៉ុន្តែចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅមិនទាន់មានច្រើននៅឡើយ បើប្រៀបធៀបនឹងសហគមន៍អាស៊ីដទៃទៀត។
សម្រាប់ឆ្នាំ២០១៦នេះ សមាគមធនធានអង្គរបានជួយចុះឈ្មោះអ្នកបោះឆ្នោតថ្មីជាខ្មែរអាមេរិកាំងបានចំនួន២២០នាក់ ប៉ុន្តែនៅមិនទាន់បានច្រើនតាមការចង់បានរបស់លោក រ៉ែនឌី នៅឡើយទេ។
លោកបន្ថែមថា៖
«ឆ្នាំមុនខ្ញុំចុះឈ្មោះបានតែ១០០នាក់ទេ ឥឡូវនេះ២០០។ ចឹងខ្ញុំសង្ឃឹមថា ខ្ញុំអាចបង្កើនទ្វេដងរាល់ឆ្នាំ។ ខ្ញុំសង្ឃឹមថាធ្វើអីចឹងបាន ហើយខ្ញុំជឿចិត្តខ្លួនឯងថា អាចធ្វើបានព្រោះអីខ្ញុំមានការពិសោធន៍មកហើយ ហើយបុគ្គលិកខ្ញុំក៏មានការពិសោធន៍។ ខ្ញុំថាឆ្នាំក្រោយខ្ញុំអាចចុះឈ្មោះ៥០០នាក់»។
លោក រ៉ែនឌី មុត បន្ថែមថា បើគិតពីការលំបាករបស់មនុស្សជំនាន់មុនដែលតស៊ូទាមទារសិទ្ធិក្នុងការបោះឆ្នោតទំរាំតែបានគឺចំណាយពេលជាយូរ៖
«សង្គមគេដែលមានដូចជាអាមេរិកាំងខ្មៅ សិទ្ធិស្រ្តីជាដើម ទម្រាំគេបានសិទ្ធិបោះឆ្នោតគេឆ្លងកាត់ការលំបាកច្រើនណាស់ ប៉ុន្តែឥឡូវនេះយើងស្រួលណាស់ឱ្យតែយើងមានសញ្ជាតិ យើងអាចបោះបាន។ គាត់មិនគួរព្រងើយកន្តើយទេ»។
លោកសេដ្ឋីអចលនទ្រព្យ ដូណល់ ត្រាំ (Donald Trump) គឺជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងលោកស្រី ហ៊ីល្លីរី គ្លីនតុន (Hillary Clinton) អតីតរដ្ឋមន្ត្រីការបរទេសមកពីគណបក្សប្រជាធិបតេយ្យកំពុងប្រកួតប្រជែងគ្នាយកតំណែងប្រធានាធិបតី។
លោក ណែម ឈឿង ប្រធានសមាគមក្រុងខ្មែរនៅរដ្ឋចរចា បានផ្តាំផ្ញើដល់អ្នកបោះឆ្នោតក្នុងសហគមន៍របស់លោកឱ្យជ្រើសរើសបេក្ខជនណា ដែលស្គាល់ប្រទេសកម្ពុជា និងអាចជួយផ្តល់ប្រយោជន៍ដល់ប្រទេសកំណើតរបស់ពួកគេផងដែរ។
លោកក៏ស្នើឱ្យពួកគេកុំបោះឆ្នោតឱ្យគណបក្សតែមួយ គឺត្រូវផ្តល់ជម្រើសដើម្បីឱ្យមានតុល្យភាពអំណាច។ ដូចជាបើសិនជាពួកគេបោះឆ្នោតជ្រើសរើសប្រធានាធិបតីមកពីខាងគណបក្សប្រជាធិបតេយ្យ គឺត្រូវជ្រើសរើសអ្នកតំណាងរាស្រ្តដែលមកពីគណបក្សសាធារណរដ្ឋ។
លោកបានពន្យល់បន្ថែម៖
«ដោយសារយើងឃើញនៅស្រុកខ្មែរគឺ យើងឃើញហើយថាកាលណាគេឈ្នះសភាគេឈ្នះរដ្ឋាភិបាលទៀតមានអ្នកណាមើលអ្នកណាម្ល៉ោះហើយ វាអត់អ្នកណាដែលសង្កត់អ្នកណា ឬសួរចម្លើយអ្នកណា ឬសុំសេចក្តីទុកចិត្តពីសភា ឬក៏សុំថវិកាទៅបម្រើធ្វើជាគម្រោងអ្វីរបស់រដ្ឋាភិបាលលោកមិនដែលទៅសុំសេចក្តីទុកចិត្ត ឬក៏សុំការសម្រេចពីសភាផងហ្នឹង។ លោកទុកដូចជាលុយហោប៉ៅខ្លួនឯង។ ម្ល៉ោះហើយវាអត់មានតុល្យភាពអំណាចទេ។ នេះជាអ្វីដែលយើងឃើញម្ល៉ោះហើយ យើងចង់ឱ្យបងប្អូនយល់ហើយជ្រួតជ្រាបថា តើយើងបោះឆ្នោតរបៀបប្រជាធិបតេយ្យហ្នឹងលើប្រព័ន្ធតុល្យភាពអំណាចមិនមែនលើបុគ្គលស្រឡាញ់តែម្នាក់របស់ម្នាក់ ហើយគេយកធ្វើអ្វីក៏បានដែរ។ ហ្នឹងយើងឃើញហើយវាកើតឡើងនៅស្រុកខ្មែរ»។
លោក ណែម ឈឿង ក៏នៅមិនទាន់ពេញចិត្តនឹងកម្រិតនៃការចុះឈ្មោះបោះឆ្នោតរបស់សហគមន៍ខ្មែរអាមេរិកាំងនៅឡើយទេ ហើយថា ក្រុមសកម្មជននឹងមានកិច្ចការត្រូវធ្វើជាច្រើនទៀត។
«រឿងទីមួយដែលធំជាងគេគឺបញ្ហាភាសាហ្នឹង ដែលយើងលំបាកក្នុងការដោះស្រាយដោយសារជួនកាលគាត់មកស្រុកនេះយូរហើយពិបាកចាប់ផ្តើមទៅរៀនឡើងវិញ។ ម្ល៉ោះហើយជាឧបសគ្គជាច្រើនដែលយើងប្រឈមហើយយើងនឹងដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែដោយសារផលប្រយោជន៍ដែលគាត់ចូលសញ្ជាតិ ហើយទៅបោះឆ្នោតបានដល់គាត់ ជាពិសេសគ្នាគាត់ដែលនិយាយប្រាប់គ្នាគាត់តៗអំពីថា បើយើងចូលសញ្ជាតិយើងទៅបោះឆ្នោតយើងបានអ្វីខ្លះចឹងគាត់ឃើញផ្ទាល់ៗតែម្តងពីផលប្រយោជន៍ដែលគាត់បានបង្ហាញគ្នាគាត់ម្ល៉ោះហើយយើងមិនសូវពិបាកជំរុញកន្លែងហ្នឹងទេបាទប៉ុន្តែ យើងត្រូវដោះស្រាយពីបច្ចេកទេសក្នុងការដែលឱ្យគាត់ឈានទៅដល់ចូលសញ្ជាតិហើយទៅបោះឆ្នោត។ នេះជារឿងបច្ចេកទេសដែលយើងត្រូវដោះស្រាយជូនគាត់»។
កង្វះការងារ សុខាភិបាលសាធារណៈ និងការអប់រំសិក្សាធិការគឺជាបញ្ហាដែលសហគមន៍ខ្មែរនៅរដ្ឋចរចាកំពុងជួបប្រទះ៕