ក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ជាធម្មតារក្សាភាពស្ងៀមស្ងាត់ក្នុងពេលមានការតវ៉ា។ ក៏ប៉ុន្តែ នៅលើកនេះ ក្នុងពេលដែលកំពុងតែមានកាតវ៉ានៅទូទាំងប្រទេស ពួកគេមិននៅស្ងៀមទេ។
ក្រុមហ៊ុនបច្ចេកវិទ្យា ធនាគារ ហាងលក់សម្លៀកបំពាក់ និងក្រុមហ៊ុនផលិតកម្មវិធីកំសាន្តនានា បានចេញសារគាំទ្រដល់អ្នកដែលបានចេញធ្វើបាតុកម្មប្រឆាំងនឹងទង្វើរបស់ប៉ូលិសចំពោះពលរដ្ឋដែលមានដើមកំណើតអាហ្វ្រិក។
អ្នកស្រី Kellie McElhaney ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រ Haas នៃសាកលវិទ្យាល័យ UC Berkeley និងជាស្ថាបនិកនៃមជ្ឈមណ្ឌលសម្រាប់សមភាព យេនឌ័រ និងភាពជាអ្នកដឹកនាំ។
អ្នកស្រីបានថ្លែងក្នុងសម្តីដើមថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលចំពោះចំនួននាយកប្រតិបត្តិ ដែលបានចេញមកនិយាយអំពីការតវ៉ា ដែលនេះជាលើកដំបូងហើយ»។
អ្នកស្រី Kellie McElhaney បានថ្លែងបន្តថា អ្វីដែលជំរុញឲ្យនាយកប្រតិបត្តិនៃក្រុមហ៊ុនល្បីៗទាំងនេះ ចេញមកនិយាយ គឺដោយសារភាពសាហាវឃោរឃៅ ដែលគេអាចមើលឃើញនៅក្នុងវីដេអូ ដែលបង្ហាញពីមន្ត្រីប៉ូលិសនៅក្នុងទីក្រុង Minneapolis សង្កត់ជង្គង់របស់លោកនៅពីលើករបស់លោក George Floyd។
អ្នកស្រីបាននិយាយទៀតថា ក្រុមហ៊ុនទាំងអស់គឺ «គ្រប់គ្រងដោយមនុស្ស»។ នៅក្នុងក្រុមហ៊ុនរបស់ពួកគេ មាននិយោជិក នាយកប្រតិបត្តិ និងអតិថិជន ដែលមានគ្រប់ជាតិសាសន៍ និងពណ៌សម្បុរ។ ការណ៍ដែលពួកគេចេញមកនិយាយគាំទ្រការតវ៉ាដូច្នេះ អាចមានហានិភ័យ ក៏ប៉ុន្តែ ផលចំណេញមានច្រើនជាងហានិភ័យឆ្ងាយណាស់។
ក្រុមហ៊ុន Netflix Google និង ធនាគារ Citibank បានបញ្ចេញសារគាំទ្រ
ក្រុមហ៊ុន Netflix បានសរសេរសារលើទំព័រTwitterថា «ការណ៍នៅស្ងៀម គឺមានន័យថាចូលរួមនៅក្នុងប្រព្រឹត្តិខុសដែរ។ យើងចាំបាច់ត្រូវតែបញ្ចេញមតិចំពោះរឿងនេះ សម្រាប់ពលរដ្ឋស្បែកខ្មៅទាំងអស់ដែលជាសមាជិក និយោជិក អ្នកច្នៃប្រឌិត និងអ្នកដែលប្រកបដោយទេពកោសល្យរបស់យើង»។
ក្រុមហ៊ុន Googleបានដាក់សារនៅលើទំព័រស្វែងរកដែលជាទំព័រដើមរបស់ខ្លួនថា «យើងគាំទ្រដល់សមភាពសម្រាប់គ្រប់ជាតិសាសន៍ និងអ្នកទាំងឡាយណាដែលស្វែងរកសមភាពនេះ»។
Twitter បានផ្លាស់ប្តូរគណនី Twitter របស់ខ្លួនទៅជា #BlackLivesMatter ដែលមានន័យថា ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ។
នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានប្រាប់និយោជិកក្នុងសម្តីដើមថា៖ «សូមចូលរួមជាមួយខ្ញុំ និងសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៅក្នុងការតស៊ូមតិ ដើម្បីការផ្លាស់ប្តូរក្នុងក្រុមហ៊ុនរបស់យើង នៅក្នុងសហគមន៍របស់យើង និងនៅក្នុងសង្គមទាំងមូល»។
ប្រធានផ្នែកហិរញ្ញវត្ថុនៃធនាគារ Citibank លោក Mark Mason ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានសរសេរលើទំព័រប្លុកមួយថា៖ «ការប្រកាន់ជាតិសាសន៍ពណ៌សម្បុរ នៅតែបន្តជាឫសគល់នៃការឈឺចាប់ និងអំពើអាក្រក់នៅក្នុងសង្គមរបស់យើង។ ដរាបណាការប្រកាន់ជាតិសាសន៍ពណ៌សម្បុរនៅតែមាន នោះគំនិតដែលចង់ឲ្យសេរីភាព និងសមភាពដើរទៅទន្ទឹមគ្នា នឹងមិនអាចសម្រេចបានទេ»។
ក្រុមហ៊ុនលក់រាយមួយចំនួនដូចជា Target ជាដើម ដែលត្រូវបានគេចូលលួចទំនិញនៅក្នុងហាង និងបំផ្លាញនៅទូទាំងប្រទេស ក៏បានបញ្ចេញមតិផងដែរ។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Target ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុង Minneapolis បាននិយាយថា ការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសស្បែកស បានបង្ហាញនូវ «ការឈឺចាប់ដែលបានលាក់ទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
ហានិភ័យនៃការបញ្ចេញមតិ និងការរក្សាភាពស្ងៀមស្ងាត់
អ្នកស្រី Kellie McElhaneyបានថ្លែងថា តាមរយៈការបញ្ចេញគោលជំហរគាំទ្រការតវ៉ា ក្រុមហ៊ុនអាចប្រឈមនឹងការបាត់បង់អតិថិជន ដៃគូ អ្នកផ្គត់ផ្គង់ និងនិយោជិកដែលមិនយល់ស្របនឹងជំហររបស់ក្រុមហ៊ុននោះ។ ពួកគេ ក៏អាចប្រឈមនឹងការចោទប្រកាន់ថា បានឆ្លៀតយកឱកាសនេះ ដើម្បីផ្សព្វផ្សាយម៉ាករបស់ខ្លួន ពីព្រោះអ្នកខ្លះអាចមើលឃើញថា សេចក្តីថ្លែងការណ៍គាំទ្រដល់ការតវ៉ារបស់ក្រុមហ៊ុននានា មិនមានភាពស្មោះត្រង់។
អ្នកស្រី Kellie McElhaneyបានថ្លែងទៀតថា ក៏ប៉ុន្តែ បើសិនជាក្រុមហ៊ុនមិនបញ្ចេញមតិអ្វីសោះ ក៏ពួកគេនឹងប្រឈមនឹងហានិភ័យដែរ។ នយោជិកវ័យក្មេង ចង់ឲ្យថ្នាក់ដឹកនាំក្នុងក្រុមហ៊ុនបញ្ចេញមតិ។
អ្នកស្រី Kellie McElhaneyបានថ្លែងបន្តក្នុងសម្តីដើមថា៖ «ខ្ញុំជឿថា មនុស្សបញ្ចេញមតិ ពីព្រោះពួកគេមិនមានជម្រើសអ្វីផ្សេងទៀតនោះទេ។ និយោជិកម្នាក់ៗ ចង់ឲ្យអ្នកដឹកនាំរបស់ពួកគេបញ្ចេញមតិ ជាពិសេសគឺនិយោជិកស្បែកខ្មៅ និង Hispanic»។
នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Nike បានផ្សាយពាណិជ្ជកម្មមួយគាំទ្រលោក Colin Kaepernick អតីតកីឡាករបាល់ឱបអាមេរិកាំង ដែលបានតវ៉ាប្រឆាំងនឹងទង្វើរបស់ប៉ូលិសដែលធ្វើទៅលើពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក។ អ្នកខ្លះពេញចិត្តនឹងការផ្សាយពាណិជ្ជកម្មនោះ។ អ្នកខ្លះបានដុតរបស់របរដែលមានម៉ាក Nikeរបស់ខ្លួនចោល។ ការផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈចម្រូងចម្រាសនោះ មិនបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន Nike នោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍នានា។
នៅពេលការតវ៉ាបានរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីមរណភាពរបស់លោក George Floyd មក ក្រុមហ៊ុន Nike បានចេញវីដេអូមួយគាំទ្រសាររបស់អ្នកតវ៉ា ដែលមានសេចក្តីដើមយ៉ាងដូច្នេះថា៖ «សូមកុំព្រងើយកន្ដើយនឹងការប្រកាន់ពូជសាសន៍ឲ្យសោះ។ សូមកុំព្រមទទួលយកការផ្តាច់ជីវិតជនដែលគ្មានទោសឲ្យសោះ។ សូមកុំបង្កើតលេសទៀតឲ្យសោះ»។
ក្រុមហ៊ុន Adidas ដែលជាក្រុមហ៊ុនគូប្រជែងរបស់ក្រុមហ៊ុន Nike បានបង្ហោះវីដេអូរបស់ក្រុមហ៊ុន Nikeនោះ នៅលើទំព័រ Twitter របស់ខ្លួន៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់