រដ្ឋាភិបាល​សុំ​ឲ្យ​ពលរដ្ឋ​សហការ​ចាប់​ខ្លួន​ជនល្មើស​វាយ​តំណាងរាស្ត្រ

Your browser doesn’t support HTML5

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ត្រូវ​បាតុករ​វ៉ៃ​ឲ្យ​រង​របួស

​គណៈកម្មការ​ ​ដែល​បាន​ចាប់​ផ្តើម​បេសក​កម្ម​កាល​ពី​​ថ្ងៃ​ពុធម្សិលមិញ​នេះ​ ​កំពុង​ធ្វើការ​ប្រមូល​ភស្តុតាង​ ​ដោយ​រំពឹង​ថា​ នឹង​មាន​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​​​

ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ចេញ​សេចក្តី​អំពាវនាវ​ស្នើ​សុំ​ឲ្យ​សាធារណជន​ទាំង​ឡាយ​ណា​ដែល​បាន​ប្រទះ​ឃើញ​ហេតុ​ការណ៍​នៃអំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ចូល​មក​បំភ្លឺ​ ផ្តល់​ព័ត៌មាន​ ឬ​ចង្អុល​បង្ហាញ​អត្ត​សញ្ញាណ​នានា​ដើម្បី​ឈាន​ដល់​ការ​ដាក់​បន្ទុក​ ​និង​ចាប់​ខ្លួន​ក្រុម​ជន​ដៃ​ដល់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់។​

មួយ​ថ្ងៃបន្ទាប់​ពី​ករណី​វាយ​ប្រហារ​លើ​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​នោះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈ​កម្មការ​ថ្មីមួយ​ក្រោមការ​ដឹកនាំ​របស់​ក្រសួង​មហាផ្ទៃដើម្បី​ស៊ើប​អង្កេត​លើ​ករណី​នេះ។​ ​គណៈកម្មការ​ ​ដែល​បាន​ចាប់​ផ្តើម​បេសក​កម្ម​កាល​ពីថ្ងៃ​ពុធម្សិលមិញ​នេះ​ ​កំពុង​ធ្វើការ​ប្រមូល​ភស្តុតាង​ ​ដោយ​រំពឹង​ថា​ នឹង​មាន​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។

«ដើម្បី​សុំ​ឲ្យ​បងប្អូន​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ហ្នឹង​ ស្គាល់​ភិនភាគ​ជន​ដៃដល់​ ​និង​រូបភាព​ផ្សេងៗ​ សុំ​ផ្តល់​មក​គណៈកម្មការ។​ ដំណើរ​ការ​ទៅ​មុខ​ហើយ ​ហើយ​សង្ឃឹម​ថា​ មិនយូរទេ​នឹង​មាន​លទ្ធផល»។​

គេហទំព័រ​ប៉ូលិស​ជាតិ​បាន​ឲ្យ​ដឹង​ថា ​គណៈ​កម្មការថ្មី​នេះ​គឺដឹក​នាំ​ដោយ​លោក​ឯម សំអាន ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និងមន្ត្រី​ប៉ូលិស​សំខាន់ៗ​មួយ​ចំនួន​ទៀត។​ ​VOA​ ​មិន​អាច​ទំនាក់​ទំនាក់​សុំ​សេចក្តី​អធិប្បាយ​ពីប្រធាន​និង​សមាជិក​របស់​គណៈ​កម្មការ​ថ្មី​នេះ​បាន​ទេ។​

ការ​វាយ​ប្រហារ​លើ​អ្នក​តំណាងរាស្ត្រ​ទាំងពីរ​រូប​គឺ​លោក​ញ៉យ ចំរើន​ តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ និងលោក​គង់​ សភា​ ​តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ ​បាន​ប្រព្រឹត្ត​ឡើង​ក្នុងពេល​ជាង​មួយ​ម៉ោង​ក្រោយ​ពី​មាន​បាតុកម្ម​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមអ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ នា​ព្រឹក​ច័ន្ទទាម​ទារ​ឱ្យ​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចេញ​ពី​តំណែង​ជា​អនុ​ប្រធាន​សភាជាតិ។​

គេ​សង្កេត​ឃើញ​ថា​ ​មិន​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​នោះ​ទេ​ ក្នុង​ពេល​ដែល​ក្រុម​ដៃដល់​ធ្វើ​សកម្មភាព​វាយ​ប្រហារ​លើ​តំណាង​រាស្រ្ត​នៅមុខ​រដ្ឋសភា​ជាតិ​នោះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ពិសេស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​កន្លងទៅ ​លោក​ហ៊ុន ​សែន​បញ្ជាក់​ថា​ ​នៅ​មុខ​រដ្ឋសភា​នោះ​មិន​មាន​បាតុករគាំទ្រ​លោក​ទេ​ក្នុង​ពេល​ផ្ទុះ​អំពើ​ហិង្សា​នោះ។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ដែលកាន់​អំណាច​ជាង​៣០ឆ្នាំ​ ​បាន​ថ្លែង​ថា​ ការ​ផ្ទុះ​អំពើហិង្សា ​និង​ការ​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ច័ន្ទ​នោះ​ ​ទំនង​ជា​«ការ​ជះ​ឥទ្ធិពល»​ពី​ការ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​ ​ជា​បន្ត​បន្ទាប់ ​ពេល​ដែល​ ​លោក​ធ្វើ​ទស្សន​កិច្ច​នៅ​បុរី​ញូវយ៉ក​ និង​ក្រុង​ប៉ារីស​ក្នុង​ពេល​ថ្មីៗ​នេះ។​

យ៉ាង​ណា​ក៏​ដោយ ​ទាក់ទងនឹងការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ហិង្សា​ចំពោះ​តំណាង​រាស្ត្រ​នេះ ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ ​លទ្ធផល​ដែល​នឹង​ចេញ​ពីការ​ស៊ើប​អង្កេត​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​ ឬ​កង្វះ​សមត្ថភាពរបស់​ក្រុម​មន្ត្រីអាជ្ញាធរ​មាន​សមត្ថកិច្ច។​

លោក​ស្រី ​ជា វណ្ណាត​ អ្នក​ឃ្លាំ​មើល​នយោបាយមួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ បាន​សាទរ​ការ​បង្កើតគណៈ​កម្មការ​ថ្មី​នេះ​ ​ដើម្បី​ធានា​ឲ្យមានការ​សន្និដ្ឋាន​ដ៏​ត្រឹម​ត្រូវ​មួយ។​ ​លោក​ស្រី​យល់​ថា​ ការ​រក​ឃើញ​ការណ៍​ពិត​ ​និង​មូលហេតុ​នៅ​ពី​ក្រោយ​ព្រឹត្តិ​ការណ៍​ហិង្សា​ដ៏​សាហាវ​នេះ​ ​នឹង​ផ្តល់​ជា​អត្ថ​ប្រយោជន៍​ ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ ទាំង​រាជរដ្ឋាភិបាល​ ​និង​គណបក្ស​ជំទាស់។​ ​លើស​ពី​នេះ​ទៀត​ វា​អាច​បង្ហាញ​ថា​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិត​ជា​បាន​បំពេញ​ការងារ​របស់​ពួកគេ។​ ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រនេះ​ក៏​អាច​ជា​ព្រឹត្តិ​ការណ៍​សំខាន់​មួយ​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ថ្មី​មួយ​ក្នុងការ​បោះឆ្នោត​ខាង​មុខ​ ​ប្រសិន​បើ​ការណ៍​ពិត​មិន​ត្រូវ​បាន​លាត​ត្រ​ដាង​នោះ។​

«ពីព្រោះ​ការណ៍​ពិត​ វា​ជា​ផល​ប្រយោជន៍​ដល់​គ្រប់​គ្នា​ទាំង​អស់។ ​បើ​មិន​អញ្ចឹងទេ​ ទាំង​រដ្ឋាភិបាល​ក្តី​ ​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី​ សាធារណជន​ក្តី ​កាន់​តែ​មាន​ការ​អស់​សង្ឃឹម​ទៅ​លើ​អាជ្ញាធរ​ដែល​មាន​តួនាទី​ដោះ​ស្រាយ»។​

លោក​អ៊ូ វីរៈ​ ​ជា​នាយក​វេទិកា​អនាគត​ ​និង​ជា​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ទៀត​ ​ហាក់​ដូចជា​ពុំ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការបង្កើតគណៈ​កម្មការ​ស៊ើប​អង្កេត​ថ្មី​នោះ​ទេ​ ​ដោយ​ហេតុ​ថា​ ​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​ខុស​ច្បាប់​នេះ​ វា​ជា​ការទទួលខុស​ត្រូវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែល​មាន​ស្រាប់​រួច​ទៅ​ហើយ។​

«អញ្ចឹងការ​បង្កើត​គណៈកម្មការ​នេះ ​ជា​រូបភាព​ជាជាង​ស្ថានភាព​ជាក់ស្តែង។​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ។​ ខ្ញុំ​ចាំ​មើល​លទ្ធផល»។​

លោក​អ៊ូ វីរៈ​ចង់​មើល​ឃើញការ​អនុវត្ត​ច្បាប់​ដែលជា​បន្ទាត់​បំពេញ​តួនាទីនិង​កាតព្វកិច្ច​ជា​ជាង​គ្រាន់​តែ​បង្កើត​គណៈ​កម្មការ​ដែល​មាន​តែ​សំបក​ក្រៅ​ ហើយរង់ចាំ​តែ​ការ​បញ្ជា​ពី​ក្រុម​អ្នក​នយោបាយ​ ​ដែល​នេះវា​នាំ​ឲ្យ​ខាត​ពេល​យូរ​ និង​មិនសូវ​មាន​ប្រសិទ្ធភាព​ការងារ។​

«ចាំ​យើង​បង្កើត​គណៈ​កម្មការ​សិន ​បាន​យើង​ទៅ​ចាប់​អ្នក​គប់ដុំថ្ម​ ​ឬ​មួយ​ក៏​ប៉ូលិស​ដឹង​តួនាទី​ថា​ គប់​អញ្ចឹងដឹង​តែ​ខុសច្បាប់​ ដឹង​តែ​ត្រូវ​ចាប់ ​ដឹង​តែ​តួនាទី​ប៉ុណ្ណឹង»។​

លោក​អ៊ូ វីរៈ​ និង​លោកស្រី​ជា វណ្ណាត​យល់​ថា​ ក្រុម​ជន​ដៃ​ដល់​ដែល​ធ្វើ​សកម្ម​ភាព​វាយ​ប្រ​ហារ​លើ​តំណាង​រាស្រ្ត​នោះ​គ្រាន់​តែ​ជា​មនុស្ស​មួយ​ក្រុម​តូច​ដែល​ទំនង​ជា​ត្រូវបាន​រៀបចំ​ឡើង​ ​ខណៈ​ដែល​បាតុករ​មួយ​ចំនួន​ធំ​ផ្សេង​ទៀត​មិន​បាន​ដឹង​គម្រោង​វាយ​ប្រហារ​ទៅ​លើ​តំណាង​រាស្ត្រនោះ​ទេ។​ រីឯ​ការ​ពិត​ជាក់ស្តែង​យ៉ាង​ណា​នោះ​ មាន​តែ​គណៈ​កម្មការ​ថ្មី​ទេ​ដែល​នឹង​មាន​សមត្ថ​ភាព​បំភ្លឺ។​

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ​គណៈ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក​ញ៉យ​ ចំរើន​ និង​លោក​គង់ ​សភា​ នៅ​ឯ​មន្ទីរពេទ្យមួយក្នុង​ប្រទេស​ថៃ។​ ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​នាមុខ​ស្ថាប័ន​របស់​ខ្លួននេះ​រង​ការ​រិះគន់​យ៉ាង​ខ្លាំងពី​ក្រុម​អ្នកឃ្លាំ​មើល​ការ​វិវឌ្ឍនយោបាយ​នៅ​កម្ពុជា​ អង្គ​ការ​សង្គម​ស៊ីវិល​ ​អង្គការ​សិទ្ធិមនុស្ស​ និង​ស្ថានទូត​អន្តរ​ជាតិ​នា​នា​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ៕​