មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនានានៅក្នុងទីក្រុងផ្សេងៗនៅទូទាំងប្រទេសកូឡុំប៊ីកាលពីថ្ងៃពុធម្សិលមិញ ដើម្បីតវ៉ាក្នុងគោលបំណងគាំទ្រកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាល និងក្រុមពួកឧទ្ទាមប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី ដែលបានវាយប្រយុទ្ធគ្នាអស់រយៈពេលច្រើនជាង ៥ ទសវត្សរ៍កន្លងមកហើយ។
ការដើរជាក្បួនតវ៉ាកាលពីថ្ងៃពុធម្សិលមិញនេះ គឺជាការប្រមូលផ្ដុំគ្នាតវ៉ាទ្រង់ទ្រាយធំលើកទីពីររបស់ប្រជាពលរដ្ឋកូឡុំប៊ី ដើម្បីគាំទ្រកិច្ចព្រមព្រៀងសន្តិភាព ដែលមិនត្រូវបានគាំទ្រដោយអ្នកបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិកន្លងមកនេះ។
ការតវ៉ាគាំទ្រកិច្ចព្រមព្រៀងនេះបានធ្វើឡើង ស្របពេលដែលលោកប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos ដែលទើបតែទទួលបានពានរង្វាន់ណូបែលសន្តិភាព បានបន្តការចរចាបន្ថែមទៀតជាមួយនឹងអ្នកនយោបាយគណបក្សប្រឆាំង និងអ្នកតំណាងក្រុមឧទ្ទាមបដិវត្តន៍កូឡុំប៊ី ក្នុងគោលបំណងដើម្បីថែរក្សាកិច្ចព្រមព្រៀងសន្តិភាពនេះ។
កាលពីសប្ដាហ៍មុន លោក Santos បាននិយាយថា លោកនឹងបន្តនូវកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងពួកឧទ្ទាមរហូតដល់ថ្ងៃទី ៣១ ខែតុលា ទោះបីជាការរំពឹងទុកឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងឲ្យបានប្រសើរជាងនេះ បន្ទាប់ពីប្រជាពលរដ្ឋកូឡុំប៊ីបោះឆ្នោតមិនគាំទ្ររួចមក មានឱកាសតិចតួច ដោយសារតែមេដឹកនាំពួកឧទ្ទាមបដិវត្តន៍កូឡុំប៊ីបដិសេធមិនព្រមធ្វើការកែប្រែលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចហើយក៏ដោយ។
កន្លងមក ប្រជាពលរដ្ឋកូឡុំប៊ីភាគច្រើនបានបោះឆ្នោតបដិសេធកិច្ចព្រមព្រៀងនេះ គឺដោយសារកិច្ចព្រមព្រៀងនេះធានាឲ្យពួកឧទ្ទាមមានកៅអីនៅក្នុងសភា ដោយមិនមានការបោះឆ្នោត ហើយពួកគេនឹងត្រូវរួចទោសពៃរ៍ពីអំពើឧក្រិដ្ឋ ដែលពួកគេត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តនៅក្នុងការបះបោរប្រឆាំងនឹងរដ្ឋាភិបាលកន្លងមក៕