ប្រជាពលរដ្ឋ​កូឡុំប៊ី​បោះ​ឆ្នោត​បដិសេធ​កិច្ច​ព្រមព្រៀង​សន្តិភាព

A combination photo of an opposition demonstrator being run over by a Venezuelan National Guard (GNB) vehicle on a street near the Generalisimo Francisco de Miranda Airbase "La Carlota" in Caracas.

ប្រជាពលរដ្ឋ​កូឡុំប៊ី​បាន​បោះ​ឆ្នោត​បដិសេធ​កិច្ច​ព្រមព្រៀង​សន្តិភាព​សម្រាប់​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ កិច្ច​ព្រមព្រៀង​ដែល​បាន​ចរចា​អស់​រយៈពេល​ជាង ៤ ឆ្នាំ រវាង​រដ្ឋាភិបាល​កូឡុំប៊ី និង​កងកម្លាំង​បដិវត្តន៍​កូឡុំប៊ី ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន​ទូទៅ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នក​បោះ​ឆ្នោត​ក្នុង​ចំនួន ៥០.២១ ភាគរយ​បាន​បោះ​ឆ្នោត​បដិសេធ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ។

លោក Peter Hakim ដែល​ជា​ប្រធាន និង​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​មកពី​អង្គការ​ចរចា​អន្តរ​អាមេរិកាំង​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA ថា អតីត​ប្រធានាធិបតី​កូឡុំប៊ី​លោក Alvaro Uribe ជា​មេដឹកនាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រឆាំង​ចំពោះ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ។

មូលហេតុ ដែល​ប្រជាពលរដ្ឋ​កូឡុំប៊ី​ភាគ​ច្រើន​បោះ​ឆ្នោត​បដិសេធ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ គឺ​ដោយសារ​ពួកគេ​មាន​ការ​ខកចិត្ត​ដែល​ថា ពួក​ឧទ្ទាម​បដិវត្តន៍​កូឡុំប៊ី​ស្ទើរ​តែ​ទាំង​អស់ មិន​ត្រូវ​បាន​គេ​កាត់ទោស​ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ប្រព្រឹត្តិ​នៅ​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អស់​រយៈពេល​រាប់​ទសវត្ស​កន្លង​មក​នេះ។

លោក​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos បាន​មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​ឧទ្ទាម​បដិវត្តន៍​កូឡុំប៊ី​នេះ​នឹង​នៅតែ​បន្ត​អនុវត្ត​ទៅ​មុខ​ទៀត។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ទេ។ ខ្ញុំ​នឹង​នៅ​តែ​រក្សា​ការ​ស្វែងរក​សន្តិភាព​រហូត​ដល់​នាទី​ចុងក្រោយ​នៃ​អាណត្តិ​របស់​ខ្ញុំ ពីព្រោះ​ថា នេះ​ជា​វិថី​ដែល​ធ្វើ​ឲ្យ​ប្រទេស​កូឡុំប៊ី​មាន​ភាព​ប្រសើរ​ឡើង​វិញ​សម្រាប់​កូនចៅ​របស់​យើង​ទាំង​អស់​គ្នា‍»។

មេដឹកនាំ​ភាគី​ទាំង​សង​ខាង បាន​បញ្ជាក់​ថា ពួកគេ​នឹង​ព្យាយាម​កែសម្រួល​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ឡើង​វិញ ជាជាង​ការ​ត្រឡប់​ទៅ​រក​ជម្លោះ​វិញ ដែល​ជម្លោះ​ដែល​បាន​ចាប់ផ្ដើម​តាំង​ពី​ឆ្នាំ ១៩៦៤ នេះ បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់​ខ្លួន និង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ៕