មន្ត្រីតុលាការខ្មែរក្រហមប្រឈមមុខនឹងសំណួរ ការឈឺចាប់ និងស្រណោះស្រណាកជាច្រើនក្នុងពេលពិភាក្សាជាមួយក្រុមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅរដ្ឋកាលីហ្វ័រញ៉ា។ ពលរដ្ឋជាច្រើនមិនបានពេញចិត្តនឹងការកាត់ទោសរកយុត្តិធម៌ដល់ជនរងគ្រោះទាក់ទងនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជិតពីរលាននាក់នោះទេ។
លោកនីកូឡាស់ កុំជាំង (Nicholas Koumjian) សហព្រះរាជអាជ្ញាអន្តរជាតិក្នុង តុលាការកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប.បានព្យាយាមពន្យល់ ក្រុមជនរងគ្រោះ ដែលរួចពីស្លាប់នៅសម័យខ្មែរក្រហម នៅក្រុងឡងប៉ិច រដ្ឋ កាលីហ្វ័រញ៉ាអំពីដំណើរការកាត់ទោសដើម្បីស្វែងរកយុត្តិធម៌ពីឧក្រិដ្ឋកម្មទាក់ ទងនឹងអំពើកាប់សម្លាប់រង្គាលកាលពីទសវត្សរ៍១៩៧០។ តែពលរដ្ឋអ្នកចូលរួម មួយចំនួនបានសម្តែងការមិនសប្បាយចិត្តនឹងការរៀបចំកាត់ទោសយកយុត្តិធម៌ ក្នុងតុលាការខ្មែរក្រហមនោះទេ។
ពួកគេបានរៀបរាប់ថា ការឈឺចាប់របស់គេ ដែលបានបាត់បង់សាច់ញាតិជាច្រើន ការរងទុក្ខរបស់ពួកគេមុនមកដល់ស.រ.អា. ការឆ្លងកាត់ការរងទុក្ខវេទនា ការព្រាត់ប្រាស់ស្រុកទេស និងសាច់ញាតិជាទីស្រឡាញ់គឺធំធេងគ្មានអ្វីប្រៀប បានទាល់តែសោះ។ តែពួកគេថា តុលាការបាននាំយកមនុស្សតែពីរបីនាក់មក កាត់ទោស ហើយពន្យារពេលដ៏យូរ ទន្ទឹមគ្នានឹងជនដៃដល់រាប់ពាន់ រាប់ម៉ឺននាក់ នៅរួចខ្លួនដោយសេរី។
ឆ្លើយតបនឹងការត្អូញត្អែរ លាយឡំនឹងការរិះគន់របស់ពលរដ្ឋខ្មែរអាមេរិកាំងទាំង នោះ លោកសហព្រះរាជអាជ្ញានីកូឡាស់កុំជាំងបានថ្លែងថា៖
«លោកអ្នកនិយាយថា តុលាការដំណើរការយឺត។ លោកអ្នកនិយាយថា តុលាការនេះកាត់ទោសមនុស្សតិចតួច។ ខ្ញុំយល់ស្របមែន។ ជាការណ៍ពិត មនុស្សរាប់ពាន់នាក់គួរត្រូវតែនាំយកមកកាត់ទោស។ តែវាមិនអាចទៅរួច។ ប្រសិនបើលោកអ្នកនិយាយថា កាត់ទោសកើតយឺតពេល ខ្ញុំយល់ស្រប។ តុលាការគួរតែកាត់ទោស៣០ឆ្នាំមកហើយ។ តែវាជារឿងមិនអាចទៅរួច។ ពេលនេះយើងមានសេចក្តីសម្រេចចិត្តត្រូវធ្វើ។ ម៉ោងកំពុងរំកិលទៅមុខ។ ខៀវ សំផន អាយុ៨៣ឆ្នាំ ហើយនួន ជា អាយុ៨៨ឆ្នាំ។ ពេលវេលាចេះតែរំកិលទៅមុខ។ ដូច្នេះសំណួរសួរថា តើយើងមិនធ្វើអ្វីទាំងអស់? តើយើងដើរចេញ ឬក៏យើងជំរុញទៅមុខ ហើយព្យាយាមបញ្ចប់ការរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មនៅសេសសល់ ដែលបានកើតឡើងនោះ?»
លោកនីកូឡាស់បានថ្លែងយ៉ាងដូច្នេះទៅកាន់ក្រុមពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ១០០នាក់ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាដេញដោលពីរឿងរ៉ាវអតីតកាលក្នុងទីស្នាក់ការសមាគមខ្មែរនៅទ្វីបអាមេរិក CAA របស់លោកគីម ថៃគួចក្នុងក្រុងឡងប៉ិច ដែលគេដឹងថា មានពលរដ្ឋខ្មែរភៀសខ្លួនពីរបបខ្មែរក្រហមមករស់នៅទីនោះច្រើនជាងគេក្នុងប្រទេសអាមេរិក។
ការបញ្ចាំងខែ្សអាត់វីដេអូឲ្យឃើញពីការធ្វើសក្ខីកម្មរបស់ដើមបណ្តឹងជាសង្ខេប និងការបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ក្រុមអ្នកចូលរួម ហើយនឹងការសួរដេញ ដោលដោយក្លាហានរបស់ពួកគេ នៅចំពោះមុខលោកព្រះរាជអាជ្ញាអន្តរជាតិ នោះ បានបំបែកភាពស្ងប់ស្ងៀមរបស់ពលរដ្ឋខ្មែរជាច្រើនក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី៤ខែកញ្ញា ដែលរៀបចំដោយអង្គការសមាគមខ្មែរជាង១០។ ហើយកម្មវិធីនេះត្រូវសម្របសម្រួលដោយលោកឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាសម័យទសវត្សរ៍១៩៧០។
លោកស្រីសាស្ត្រាចារ្យខ្មែរអាមេរិកាំងនូ លក្ខិណា និងជាប្រធានវិទ្យាស្ថានស្រាវ ជ្រាវអនុវត្តសង្គមនៃកម្ពុជា (Asric) ដែលមានមូលដ្ឋាននៅស.រ.អា.ជាអ្នកជួយរៀបចំកម្មវិធីពិភាក្សានេះដែរ ដោយសារតែអង្គការអ្នកស្រីធ្វើការជួយពលរដ្ឋខ្មែរនៅស.រ.អា.ដាក់ពាក្យប្តឹងពួកអតីតមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿងជាបន្តបន្ទាប់នោះ។ លោកស្រីបានបញ្ចេញយោបល់ក្នុងវេទិកាពិភាក្សារឿងខ្មែរក្រហមថា តុលាការមិនបានបកស្រាយឲ្យពលរដ្ឋ ជាពិសេសពលរដ្ឋនៅក្រៅប្រទេសដូចជាស.រ.អា. ឲ្យបានយល់ទេ ចំពោះគំនិតខុសគ្នារឿងយុត្តិធម៌ ដែលជាការកាត់ផ្តាច់រវាងការចង់បានរបស់តុលាការ និងការចង់បានរបស់ពលរដ្ឋនោះ។
«បញ្ហាស្មុគស្មាញរបស់តុលាការខ្មែរក្រហមនេះ ខ្ញុំគិតថា តុលាការមិនទាន់បាន ពិភាក្សាឲ្យបានយល់ពេញលេញ ឬសូម្បីការអប់រំក៏មិនផ្តល់ឲ្យបានពេញលេញដែរ។ តុលាការមិនទាន់ធ្វើកិច្ចការនេះដល់ពលរដ្ឋខ្មែរនៅបរទេសទេ។ ពេលតុលាការនិយាយអំពីជនរស់រានមានជីវិត ឬជនរងគ្រោះ គេផ្តោតលើតែជនរងគ្រោះដែលនៅក្នុងប្រទេសតែប៉ុណ្ណោះ។ រឿងនេះហើយដែលជាការប្រឈមមុខរបស់អង្គការ ASRIC ក្នុងការធ្វើឲ្យគេចូលរួមពាក់ព័ន្ធនឹងដំណើរការនីតិវិធី»។
លោកសហព្រះរាជអាជ្ញាបានសួរថា តើអារម្មណ៍របស់ជនរងគ្រោះចង់បានអ្វី? លោកស្រីនូ លក្ខណាបានបញ្ជាក់ភ្លាមថា «យុត្តិធម៌ពេញលេញ និងការបញ្ជាក់ ការណ៍ពិតនិងសុំទោស»ពីជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហម។
«បើយោងតាមការសន្ទនាជាមួយនឹងអ្នករស់រានមានជីវិតដែលបានដាក់ពាក្យប្តឹង ពួកគេចង់ឮឃាតករ ដែលជាប់ពិរុទ្ធទាំងនេះសុំទោស ហើយដែលរឿងនេះជា រឿងមិនអាចកើតឡើង។ ពួកគេមិនដែលសុំទោសទេ»។
លោកសហព្រះរាជអាជ្ញាវិញបានអះអាងថា ទាំងខៀវ សំផន និងនួន ជា ដែលជាមេដឹកនាំខ្មែរក្រហមកំពូលពីរនាក់ដែលនៅរស់រានមានជីវិតឈរតតាំងនឹងតុលាការ តែងតែប្រកែកមិនទទួលស្គាល់ការសម្លាប់ ការជាប់ទាក់ទងឧក្រិដ្ឋកម្មទាំងនោះទេ។ ពួកគេថា នោះជារឿងដែលក្រុមសត្រូវរបស់ខ្មែរក្រហមជាអ្នកប្រព្រឹត្ត ដោយលោកសហព្រះរាជអាជ្ញាដកស្រង់សម្តីនួន ជាមកបញ្ជាក់ថា ជាចារកម្មវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ លោកចាត់ទុកថា ការសម្លាប់ពលរដ្ឋខ្មែរជាង១លាន ៧សែននាក់មិនអាចមានការបកស្រាយសមហេតុផលដើម្បីដោះសារបានទេ។
លោកបានថ្លែងយ៉ាងដូច្នេះដោយលើកយកឧទាហរណ៍ដែលមានការអះអាង ផ្ទុយគ្នាខ្លះរវាងសម្តីនួន ជា ដែលផ្តល់សក្ខីកម្មក្នុងតុលាការ និងការសម្ភាស ជាមួយនឹងលោកថេត សម្បត្តិ សហផលិតករខ្សែភាពយន្តឯកសាររឿងសត្រូវរបស់ ប្រជាជន ឬ Enemies of the People។
«គាត់មិនអាចជាមនុស្សដែលគួរឲ្យជឿជាក់បានទេ។ គាត់បានបដិសេធមិន ទទួលខុសត្រូវពីអ្វីដែលបានកើតឡើង»។
លោកព្រះរាជអាជ្ញាដកស្រង់សម្តីនួន ជាមកបញ្ជាក់ថា ការសម្លាប់នោះគឺដោយ សារតែគេចង់បំផ្លាញដល់គណបក្សកុម្មុយនីស្តខ្មែរក្រហម។ តែលោកសហ ព្រះរាជអាជ្ញាអះអាងថា មានពលរដ្ឋស្រី្ត ក្មេង មនុស្សម្នារយ៉ាងច្រើនត្រូវសម្លាប់ធ្វើទារុណកម្មនៅគុកស-២១ និងទូទាំងប្រទេស ដោយការចោទប្រកាន់ឥតហេតុ ផលនោះថា ជាសេអ៊ីអា ថាជាកាហ្យ៊េបេជាដើម។
ទោះជាយ៉ាងណាក៏ដោយ កាលពីដើមខែសីហា តុលាការខ្មែរក្រហមបានកាត់ទោសឲ្យនួន ជា បងធំទី២ និងខៀវ សំផន ប្រមុខរដ្ឋ ជាប់គុកមួយជីវិតពីបទទាក់ទងនឹងការជម្លៀសពលរដ្ឋពីទីក្រុងដោយបង្ខំ ដែលធ្វើឲ្យស្លាប់ និងព្រាត់ ប្រាស់គ្រួសារយ៉ាងវេទនា ហើយនឹងការសម្លាប់ពលរដ្ឋនៅទួលពោធិជ្រៃ ដែល នួន ជានិយាយថា លោកគ្មានជាប់ពាក់ព័ន្ធនោះ។
ថ្លែងប្រាប់វីអូអេក្រោយពីកិច្ចពិភាក្សាជាមួយសហព្រះរាជអាជ្ញា អ្នកស្រីព្រំ រ័ត្នរស់នៅក្នុងក្រុងឡងប៉ិច អះអាងថា ការស្លាប់ក្រុមគ្រួសារអ្នកស្រីមិនអាចដូរនឹងយុត្តិធម៌ដែលតុលាការបានផ្តល់ទេ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា ការផ្តល់យុត្តិធម៌កន្លងមករបស់តុលាការខ្មែរក្រហមគឺមិនទាន់បានគាប់ចិត្តអ្នកស្រីទេ។
«អរដែរ តែត្រេកអរ វាតិច។ ដូចថា វាស្រួលណាស់។ ពួកវា វាស្រួល។ វាជាប់គុក វាមានបាយញ៉ាំ។ វាមានកន្លែងដេក។ ប៉ុន្តែខ្ញុំវិញ អត់បាយ ស្រែកយំ ទឹកភ្នែកហូរឈាមហូររហូតដល់ស្លាប់ ដាច់ជីវិត។ ពេលមុនស្លាប់ ប្អូនប្រុសខ្ញុំ សុំបាយ ឃ្លានបាយ។ ប្អូនស្រីខ្ញុំឃ្លានបាយ។ ឪពុកខ្ញុំក៏ស្រែកសុំបាយគេរហូត អត់មានបាយមួយគ្រាប់ចូលពោះរហូតដល់ដាច់ខ្យល់។ ម្តាយខ្ញុំសុំទឹកគេផឹកក៏គេមិនយកឲ្យទេ រហូតទាល់ដាច់ខ្យល់។ ហើយវា វាមានអី។ វាមិនពិបាកទេ។ គុកមួយជីវិតនេះ។វាស៊ីស្រួល ដេកស្រួល»។
អ្នកចូលរួមកិច្ចពិភាក្សាម្នាក់ទៀតបានថ្លែងថា ការកាត់ទោសនេះមិនបានពង្រីក ដល់ប្រទេសនានា ដូចជាចិន វៀតណាម ស.រ.អា. និងរុស្ស៉ី និងមន្ត្រីរដ្ឋាភិបាល កំពូលៗ ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសម័យខ្មែរក្រហមនោះទេ។ រឿងនេះលោក មិនអាចទទួលយកបានទេ។
«ខ្ញុំខកចិត្តដោយសារតុលាការពន្យារពេលយូរណាស់ តែតុលាការមិនចោទនិងមិនចាប់ខ្លួនអ្នកផ្សេងទៀត ក្រៅតែពីបីនាក់នោះ។ ពេលមួយ ខ្ញុំមិនប្រាកដទេ តែខ្ញុំមិនបានតាមមើលតុលាការទេ។ ខ្ញុំនិយាយថា ហ្អើយ ប៉ុណ្ណឹងបានហើយ។ ខ្ញុំមិនចង់ស្តាប់ទេ»។
លោកសហព្រះរាជអាជ្ញាបរទេសបានអះអាងថា ជារឿងល្អដែលកម្ពុជាមាន តុលាការឧក្រិដ្ឋអន្តរជាតិ ប្រសើរជាងប្រទេសមួយចំនួន រួមទាំងប្រទេសស៊ីរី ដែលគ្មានតុលាការកាត់ទោសទេ ទោះជាគេចង់បានក្តី។
«យ៉ាងហោចណាស់តុលាការនេះ ខ្ញុំសង្ឃឹមថា នឹងនាំមកនូវការទទួលស្គាល់ខ្លះ អំពីការឈឺចាប់ ដែលកម្ពុជាបានឆ្លងកាត់»។
លោកក៏បានបន្ថែមថា ការកាត់ទោសនេះនឹងត្រូវគេចងក្រងជាឯកសារប្រវត្តិ សាស្ត្រ ជាមរតកចំពោះអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា និងការប្រឹង ប្រែងរបស់ពិភពលោកក្នុងការយកចិត្តទុកដាក់ចំពោះយុត្តិធម៌ ផ្តល់ឱកាសដល់ ជនរងគ្រោះ ដើម្បីនិយាយចេញ ហើយអាចឲ្យមានការទទួលស្គាល់ចំពោះ ឧក្រិដ្ឋកម្ម ដែលជាការវិវត្តផ្នែកប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសដែលនឹងផ្តល់ក្តីសង្ឃឹមអំពីយុត្តិធម៌ដល់ពលរដ្ឋកម្ពុជា។
ជនទាំងពីរគឺនួន ជា និងខៀវ សំផននឹងត្រូវគេកាត់ទោសប៉ុន្មានខែខាង មុខនេះបន្ថែមទៀតក្នុងសំណុំរឿង០០២វគ្គទី២ពីបទចោទលើឧក្រិដ្ឋកម្មនានា ដែលទទួលខុសត្រូវចំពោះការកាប់សម្លាប់ពលរដ្ឋខ្មែរ១លាន៧សែននាក់នៅ ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ឧក្រិដ្ឋកម្មទាំងនោះគឺរួមទាំងឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ផងដែរ ក្នុងសំណុំរឿង០០២វគ្គទី២៕