គណបក្ស​សង្គ្រោះជាតិ​ប្រារព្ធ​ពិធី​រំឭក​ថ្ងៃ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស

លោក​ កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​​សង្គ្រោះ​ជាតិ និងជាអ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម ថ្លែងនៅក្នុងពិធី​​រំឭក​ថ្ងៃ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ​ទី​២៣​ ​ខែ​តុលា។ (ហ៊ុល រស្មី/VOA)

ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ គោរព​ខ្លឹម​សារ​ដើម​នៃ​កិច្ច​​​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ដែល​បាន​ផ្តល់​តម្លៃ​ដល់​ការ​កសាង​នីតិរដ្ឋ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៣​ ​ខែ​តុលា គណបក្ស​ប្រឆាំង បាន​ប្រារព្ធ​ពិធីរំឭក​ថ្ងៃ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ ប៉ារីស​ថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ នៅ​ឯ​ទីស្នាក់​កណ្តាល​របស់​គណបក្ស​ នៅ​ក្នុង​រាជធានី​ភ្នំពេញ។ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​រាប់​រយ​នាក់ថា​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​មាន​លក្ខណៈ​ប្រវត្តិ​សាស្ត្រ​នេះ​ នៅ​តែ​មាន​សុពល​ភាព​ក្នុង​ការ​ការ​ពារ​ប្រទេស​កម្ពុជា​ពី​ការ​រំលោភ​បំពាន​បូរណភាព​ទឹក​ដី​ និង​អធិបតេយ្យ​ភាព​កម្ពុជា។

ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ គោរព​ខ្លឹម​សារ​ដើម​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ដែល​បាន​ផ្តល់​តម្លៃ​ដល់​ការ​កសាង​នីតិរដ្ឋ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

ថ្លែង​នៅ​ក្នុង​ពិធីរំឭក​ខួប​២៥​ឆ្នាំ​ នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដែល​បាន​រៀបចំ​ឡើង​នៅ​ឯ​ទី​ស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ព្រឹក​អាទិត្យ​ លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណ​បក្សសង្គ្រោះ​ជាតិ​ បាន​ថ្លែង​បា្រប់​ក្រុម​អ្នក​គាំទ្រ​រាប់​រយ​នាក់​ថា​ រដ្ឋាភិបាលក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ ពុំ​ទាន់​អាច​ធ្វើ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ស្មើៗ​គ្នា​ គ្រា​ដែល​សកម្ម​ភាព​រំលោភ​បំពាន​សិទ្ធិ​មនុស្សបាន​បន្ត​កើត​ឡើង​ ក្រោយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សនិ្ត​ភាព​ទីក្រុង​ប៉ារីស​ អស់​រយៈពេល​ ២៥​ឆ្នាំ​មក​នេះ។

«នីតិរដ្ឋ​ទាល់​តែ​អនុវត្ត​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ អ្នក​ណាក៏ដោយ​ ឋានៈ​ប៉ុណ្ណា​ក៏ដោយ បក្ស​ណា​ក៏​ដោយ​ ឲ្យ​តែ​ខុស​ ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់​ដូច​គ្នា​ អញ្ចឹង​យើង​ស្វាគមន៍​ ដល់​ឥឡូវ​វា​អត់​ដូចគ្នា។​ មែន​ទេ​ បង​ប្អូន​?»។

​ការ​លើក​ឡើង​របស់​លោក​កឹម សុខា​ អំពី​នីតិរដ្ឋ​នៅ​កម្ពុជា​ បាន​ធ្វើ​ឡើង​ នៅ​ចំពេល​លោក​ និង​ក្រុម​មន្ត្រី​ ក៏​ដូច​ជា​សកម្ម​ជន​នយោបាយ​គណបក្ស​ប្រឆាំង​មិន​តិច​ជាង​១៨នាក់​ ត្រូវ​គេដឹងថា​ កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​ប្រព័ន្ធ​តុលាការ​ ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​សារ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ កឹម សុខា​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​បាន​ស្នើ​ឲ្យ​ អ្នក​ន​យោ​បាយ​ខ្មែរ​ បញ្ឈប់​យក​រឿង​បុគ្គល​មក​បង្ក​ទំនាស់​ ហើយ​ផ្តើម​គិតគូ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ផ្តល់​សេរីភាព​ដល់​ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ការ​ប្រមូល​ផ្តុំ​សំដែង​មតិ​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក​បញ្ជាក់​បន្ថែម​ថា​ ប្រទេសកម្ពុជា ពិត​មាន​ជា​សន្តិភាព​ និង​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​នេះ តែ​ប្រជារាស្ត្រ​ខ្មែរ​បាន​រង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង ហើយ​ធនធាន​ធម្មជាតិ​បាន​រងការ​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ។

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស (Paris Peace Agreement) ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ បាន​ធ្វើ​ឲ្យ​ភាគី​៤​ ឈប់​បាញ់​គ្នា​ នាំ​ឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ អធិបតេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ គឺ​ជា​ស្នា​ព្រះហស្ថ​របស់​សម្តេចឪ​ព្រះ​បាទ​នរោត្តម​ សីហនុ ​ដែល​ជា​អ្នក​ផ្តួចផ្តើម។

រូបឯកសារ៖ លោកស្រី មូ សុខហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នៅក្នុង​បន្ទប់​ផ្សាយ​របស់​ VOA នៅរាជធានីភ្នំពេញ។

លោកស្រី​ មូ សុខហួរ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ រដ្ឋា​ភិបាល​កំពុងដឹកនាំ​ប្រទេស​ដោយ​ប្រាស​ចាក​ពី​ខ្លឹម​សារ​ដើម​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

«ការ​សម្លាប់​អ្នកនយោបាយ​ សកម្មជន​ដី​ធ្លី​ អ្នក​ការពារ​បរិស្ថាន​ និង​មេដឹកនាំ​សហជីព​ ព្រម​ទាំង​ការ​សម្លាប់​អ្នក​វិភាគ​ឯក​រាជ្យ​ លោក​បណ្ឌិត​ កែម​ ឡី​ នា​ពេល​ថ្មីៗ​នេះ​ នៅ​ពុំ​ទាន់​រក​ឃើញ​ឃាតករ​ ជាការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​គោលការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិ​រដ្ឋ​ ពុំ​ទាន់​ត្រូវ​បាន​អនុវត្តន៍»។

លោក​ស្រី​បាន​បន្ត​ថា​ រដ្ឋា​ភិបាល​ក៏​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ក្បែរ​ខាង ហើយ​ថា​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​នៃ​សន្ធិ​សញ្ញា​ព្រំដែន​មួយ​ចំនួន​ដែល​ផ្ទុយ​ពីកិច្ចព្រម​ព្រៀងសន្តិភាព​ទី​ក្រុង​ប៉ារីស។

​ក្រុម​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក៏​បាន​ធ្វើ​ពិធីរំឭក​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ផង​ដែរ​ ហើយ​បាន​អះអាងថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លែង​មាន​ឥទ្ធិពល​ផ្លូវ​ច្បាប់​លើ​ប្រទេស​កម្ពុជា​ហើយ តែ​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​ថា​ ជា​ផែនទី​ចង្អុល​ផ្លូវ​ ហើយ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ស្រប​តាម​កិច្ច​ព្រមព្រៀង​នេះ។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ជាដៃគូ​ចរចា​នយោបាយ​ជាមួយ​ អតីតព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាទ​សម្តេច​នរោត្តម​សីហនុ​ក្នុង​ការ​នាំ​កម្ពុជា​ទទួល​បាន​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស បាន​ថ្លែង​កាល​ពីសប្តាហ៍​មុន​ នៅ​ឯ​ខេត្ត​ប៉ៃ​លិន​ថា រដ្ឋា​ភិបាល​មិន​បំភ្លេច​កិច្ច​ព្រមព្រៀងនេះ​ទេ​ ហើយ​បាន​ព្រមាន​ដល់​អ្នក​នយោបាយ​នានា​ មិន​ឲ្យ​ធ្វើ​ការ​បក​ស្រាយ​ក្លែង​បន្លំ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ដែល​បាន​ក្លាយ​ជា​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ទៅ​ហើយ​នោះ។

«សង្ឃឹម​ថា​ អ្នក​នយោបាយ​ទាំងឡាយ​ បក​ស្រាយ​នៅ​ព្រឹត្ត​ការណ៍​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ ជាជាង​ការ​ប្រើ​ប្រាស់​នូវ​បញ្ហា​ទាំង​អស់​នេះ​ ធ្វើ​ជា​ការ​កេង​ចំណេញ​ខាង​នយោបាយ ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​រហូត​ទៅ​ដល់​មាន​ក្លែង​បន្លំ​នូវ​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​ប៉ារីស​ ដែល​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​ប៉ារីស​នោះ បាន​និង​កំពុង​ក្លាយ​ខ្លួន​ទៅ​ជា​រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​រួច​ស្រេច​ទៅ​ហើយ»។

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ មិន​អធិប្បាយ​អំពី​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ទៅ​លើកិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ទេ។ លោក​បាន​អះ​អាង​ថា​ កិច្ច​ព្រមព្រៀង​ដដែល​នេះ​ មិនបាន​ជួយ​ពន្លត់​ភ្លើង​សង្គ្រាម​ទាំង​ស្រុង​នៅ​កម្ពុជា​ផងដែរ។ លោក​បញ្ជាក់​ថា​ សង្គ្រាម​បាន​បញ្ចប់​ទាំងស្រុង​ តាម​រយៈ​ការ​ដាក់​ចេញ​គោល​នយោបាយ​ឈ្នះៗ​របស់​លោក។

ក្រុម​អង្គការសង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ក៏​បាន​ធ្វើការរំឭក​ឡើង​វិញ​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះផង​ដែរ​ ដោយ​ពួកគេ​យល់​ឃើញ​ផ្សេងៗ​គ្នា​ថា​ រដ្ឋា​ភិបាល​មិន​បាន​អនុវត្តន៍​ពេញលេញ​ទៅ​តាម​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ ពាក់​ព័ន្ធនឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ ហើយ​ថា​កិច្ច​ព្រម​ព្រៀង​នេះ​ ក៏​នៅ​បន្ត​មាន​សុពល​ភាព​ដដែល។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើងថា ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ក្នុង​ឆ្នាំ២០១៦​នេះ បញ្ហា​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​គឺនៅ​មិន​ទាន់​មាន​ភាព​ប្រ​សើរត្រឹម​ត្រូវ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​ ​ភាព​ចម្រូង​ចម្រាស​នៃ​ការ​បង្កើត​ច្បាប់​ថ្មីៗ​មួយ​ចំនួន​ដែល​ប៉ះ​ពាល់​ដល់​ឯក​រាជ្យ​ភាព​របស់​តុលាការ​ និង​រឹត​បន្តឹង​ការ​ប្រមូល​ផ្តុំ​ការ​សម្តែង​មតិ​ អាច​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ការ​កសាង​សន្តិ​ភាព​ពេញ​លេញ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក​សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ កិច្ច​ព្រមព្រៀង​ដែល​កើត​ចេញ​ពី​ការ​ចូលរួម​របស់​រដ្ឋាភិបាល​មក​ពី​១៨​ប្រទេស​ បាន​អស់​សុពលភាព​តាំងពីឆ្នាំ​ ១៩៩៣​មក​ គឺ​បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​រដ្ឋធម្មនុញ្ញ​ថ្មី។

លោក​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​កសាង​ប្រទេស​ដោយ​ផ្អែក​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ដល់​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា​ ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ មិន​ព្រម​ទទួល​ស្គាល់​ភាព​រីក​ចម្រើន​ជា​វិជ្ជមាន​របស់​កម្ពុជា​នោះ​ទេ ហើយ​តែង​តែ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​បាន​គាប​សង្កត់​សិទ្ធិ​សេរីភាព​ ​ប្រជា​រាស្ត្រ​ខ្មែរ​ ដែល​ផ្ទុយ​ពី​ស្ថានភាព​ជាក់ស្តែង។

«ប្រជាពលរដ្ឋ​ទាំង​នគរ​គេ​ទទួល​ស្គាល់​ហើយ មូលហេតុ​អីបាន​ជា​បក្ស​ប្រឆាំង​ មួយ​គ្រាប់​ពីរ​គ្រាប់​ហ្នឹង មិន​ទទួល​ស្គាល់ពី​ព្រោះ​គាត់​ល្មើស​ច្បាប់​ ហើយ​គាត់​មិន​ទទួល​ស្គាល់​ការណ៍​ពិត​ ហើយ​មិន​ទទួលស្គាល់​កំហុស​របស់​គាត់​ដែល​ល្មើស​ច្បាប់​ហ្នឹង​ឯង​ ហើយ​ចេះ​តែ​មក​វាយ​តម្លៃ​ថា រដ្ឋាភិបាលគាប​សង្កត់​គាត់​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ទៅ​វិញ​ អា​នេះ​ហើយ​ជា​បញ្ហា​មួយ​ដែល​មាន​ការ​សោក​ស្តាយ​ណាស់ ដែល​គាត់​ស្គាល់​ការណ៍ពិត​ហើយ​ គាត់​ធ្វើមិន​យល់​ការណ៍​ពិត​ហ្នឹង»។

​នៅ​ក្នុង​ពិធីរំឭក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​កាលពីថ្ងៃ​អាទិត្យ​កន្លង​ទៅ ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​បញ្ចេញ​ឲ្យ​ដឹង​អំពី​ញ្ញត្តិ​របស់​ខ្លួន​ ដែល​នឹង​ដាក់​ជូន​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ ញ្ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ពី​ក្តីបារម្ភ​ទាក់​ទិន​បញ្ហា​មួយចំនួន​រួមមាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ បញ្ហា​សិទ្ធិ​មនុស្ស​ គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស​ និង​នីតិរដ្ឋ។

ការ​ធ្វើ​ពិធីរំឭក​កិច្ច​ព្រមព្រៀងសន្តិភាព​ នៅ​ទីស្នាក់កណ្តាល​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នេះ កើតមាន​ឡើង​ក្រោយ​ពីអាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​បដិសេ​ធ​មិន​ឲ្យ​ក្រុម​អ្នកតំណាង​រាស្ត្រ​គណ​បក្ស​ជំទាស់​រៀប​ចំ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​ពិធីរំឭកកិច្ច​ព្រម​ព្រៀង​សន្តិភាព​ នៅ​ទីស្នាក់​កណ្តាល​កណ្តាល​គណបក្ស​ប្រឆាំង អាជ្ញាធរ​បាន​បិទកំណាត់​ផ្លូវ​ជាតិ​លេខ​២​មួយ​ចំហៀង ហើយ​កង​កម្លាំង​ប៉ូលីសរាប់​សិប​នាក់​ត្រូវបាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវភ្ជាប់​មក​កាន់​ទី​ស្នាក់​ការកណ្តាល​គណ​បក្ស​ជំទាស់​ផង​ដែរ។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ។

​លោក​មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ប្រាប់​ VOA​ថា​ កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ នឹង​នៅ​បន្ត​មាន​ឥទ្ធិពល​ទៅ​លើ​សង្គម​កម្ពុជា​ជានិច្ច​ ក្នុង​កាលៈទេសៈ​ដែល​អ្នកនយោបាយ​ខ្មែរ​ មិន​ទាន់អាចបង្កើត​បាន​យន្តការ​រួម​មួយ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​បម្រើ​ប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ។

«ហេតុ​អ្វី​បាន​យើង​ថា​ អត់​អាច​បោះ​បង់​ចោល​បាន​ ព្រោះ​ខ្មែរ​យើង​អត់​ទាន់​មាន​ឯក​ភាព​ជាតិ​ទេ បើ​មាន​បួន​ក្រុម​យើង​ឈ្លោះ​គ្នា​ទាំង​បួន​ក្រុម​ បើ​មាន​១០​ក្រុម​ គឺ​យើង​ឈ្លោះ​គ្នា​ទាំង​១០​ក្រុម​ អត់​ត្រូវ​គ្នា​ទេ​បាទ។ អញ្ចឹង​ដរាប​ណា​ ការ​ឯកភាព​ផ្ទៃ​ក្នុង​ហើយ​និង​ទំនាស់​ ដែល​យើង​មាន​ដូច​រាល់​ថ្ងៃ​នេះ​ ខ្ញុំ​គិត​ថា​ខ្មែរ​ អត់​អាច​បោះ​បង់​ចោល​នូវ​ស្អី​ដែល​ជា​គោលការណ៍​លក្ខខណ្ឌ​ ដែល​បាន​ចែង​ ឬ​ក៏​បាន​យល់​ព្រម​នៅ​ក្នុង​សន្និសីទ​ទីក្រុង​ប៉ារីស​បាន​ទេ»។

កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃទី ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ត្រូវ​បាន​រដ្ឋាភិបាល​បំភ្លេច​ចោល​ម្តង​រួច​មក​ហើយ តែក្រោយ​កម្ពុជា​ចាប់​ផ្តើម​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ក្បែរ​ខាង​និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ​នរោត្តម​សីហនុ​ រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ការរំឭក​ដល់​កិច្ច​ព្រម​ព្រៀង​នេះ​ឡើង​វិញ។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ រួម​ទាំង​អ្នកគាំ​ទ្រ​គណបក្ស​ប្រឆាំង៕