សាខា​សង្គ្រោះ​ជាតិ​នៅ​​បារំាង​រៀបចំ​ពិធី​អបអរ​សាទរ​ជើង​ឯក​ពាន​រង្វាន់​ប្រជាធិបតេយ្យ

រូបឯកសារ៖ លោក សុក សុផាត (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​បារាំង។ (រូបថត​ផ្តល់ឲ្យ)

ពានរង្វាន់នេះ​ត្រូវ​បាន​​ផ្តល់​ឲ្យដោយអង្គការកូរ៉េឈ្មោះ វេទិកាសិទ្ធិមនុស្ស និងសន្តិភាព អាស៊ី​។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅប្រទេស​បារំាង​គ្រោង​រៀបចំ​ពិធី​អបអរ​សាទរ​នៅ​ថ្ងៃ​សៅរ៍ក្នុង​ទីក្រុង​ប៉ារីស​ដល់លោក​សម រង្ស៊ី មេដឹកនាំ​អតីត​បក្ស​ប្រឆាំងដែល​បានទទួល​ពាន​រង្វាន់​ជាជើង​ឯក​ប្រជាធិបតេយ្យ​ចំពោះវីរភាព​និង​ការ​តស៊ូដើម្បីសិទ្ធិ​មនុស្ស​និងលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ពានរង្វាន់នេះ​ត្រូវ​បានផ្តល់​ឲ្យដោយអង្គការកូរ៉េឈ្មោះ វេទិកាសិទ្ធិមនុស្ស និងសន្តិភាព អាស៊ី​។

លោកសុក សុផាត ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស​បារំាងបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ការដែល​គាត់​ទទួលរង្វាន់​ហ្នឹង​គឺ​ជា​ទីមួយកិត្តិយស​អ្នកប្រជាធិបតេយ្យ​ទាំង​អស់​ទាំងអ្នកនៅ​បរទេស​ទាំងនៅ​ខាងក្នុង​ប្រទេស​។ ទីពីរ​គឺ​ដើម្បី​ឱ្យ​បងប្អូន​ខ្មែរ​យើង​ដែល​មិន​ទាន់​យល់​ច្បាស់​ យល់​ថែមទៀត​គឺ​មាន​តែលទ្ធិប្រជាធិបតេយ្យ​ទេ​ដែលនាំ​ឱ្យ​ស្រុក​យើង​ទៅមុខ‍»​។​

កាលពីសប្តាហ៍​មុន ក្រុមអ្នកប្រជាធិបតេយ្យ​ខ្មែរ​ដែលមកពី​ប្រទេស​ជាច្រើនរួមទាំងប្រទេស​កម្ពុជា​ផង​បាន​ជួប​ជុំ​គ្នា​រយៈពេល​បីថ្ងៃ​នៅ​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ផ្លាស់​ប្តូរយោបល់និងទស្សនៈ​ពីបញ្ហា​នយោបាយ​និង​ជជែក​ពិភាក្សា​ផ្តល់​គំនិត​ជាអនុសាសន៍​គន្លឹះ​ដើម្បីស្វែងរក​ដំណោះស្រាយ​និង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការស្តារ​និង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាដោយ​ផ្តោត​លើ​ប្រធាន​បទធំៗ​ពីរ​គឺ «ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ដើរមកដល់ផ្លូវទាល់ តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ទាញ​ដំណើរ​វិវត្តន៍​នៃ​ប្រជាធិបតេយ្យ​ខ្មែរ​ឱ្យ​ងាក​មក​លើ​ផ្លូវ​ត្រូវ​វិញ‍» និង​«ការបន្តវេន​និង​វប្បធម៌​នយោបាយ​ថ្មី​សម្រាប់​កម្ពុជា‍»។​

ការជួបជុំ​នោះក៏មានការធ្វើ​មហា​បាតុកម្ម​អុច​ទៀន​ដើម្បី​ទាម​ទារលទ្ធិ​ប្រជាធិបតេយ្យ​និងឱ្យ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះចេញពីតំណែង ហើយ​មានការចូលរួម​ពី​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជាច្រើន​ពាន់នាក់​ផងដែរ។

លោក​សុក សុផាត បាន​បន្ថែម​ថា៖

«យើង​ប្រជុំ​គ្នា​ហ្នឹង​យើង​បាន​សម្រេច​ថា​គោលការណ៍​ប្រជាធិបតេយ្យ​ហ្នឹង​របៀប​ម៉េច ហើយ​បើ​ថ្ងៃណាមួយ​យើង​ទាំង​អស់​គ្នា​ដែល​ជាអ្នកនៅក្នុងសមាជ​ហ្នឹង​ បាន​ទៅដឹកនាំ​ស្រុក​យើង​គឺ​យើង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​មែនទែន​ជាគោលការណ៍។ ដូច្នេះ​ហើយ​ជាសក្ខីភាព​ដែល​លោក​ប្រធាន​បាន​ទទួល​រង្វាន់ជើង​ឯក​ប្រជាធិបតេយ្យ​ ជាសក្ខីភាព​គឺ​កិត្តិយស​ដល់​គាត់​គឺ​ជា​អ្នកប្រជាធិបតេយ្យ​ខ្មែរ​យើង​ហ្នឹង​គឺមាន​គោល​ការណ៍​ដើម្បី​ដឹកនាំ​យើង​ ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ឱ្យ​ស្គាល់​លទ្ធិ​ប្រជាធិបតេយ្យ‍»។​

សេចក្តីសម្រេច​របស់​សមាជ​នោះបាន​ទាមទារ​ឱ្យ​គោរពស្មារតី​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ការចរចា​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប​និង​សហគមន៍​អន្តរជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាដើម។​

លោកសម រង្ស៊ីប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិបាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកចូលរួម​មហា​បាតុកម្ម​ភ្លើង​ទៀនជាច្រើន​ពាន់​នាក់​ថាការប្តេជ្ញាចិត្ត​មុន​អ្វីៗ​ទាំង​អស់គឺ​ត្រូវ​ដណ្តើម​យក​ប្រទេស​កម្ពុជា​មក​ពី ក្រុមគ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែនដែល​បាន​កាន់អំណាច​ជាង​៣០ឆ្នាំមក​ហើយ។

លោក​បាន​បន្ថែម​ថា៖

«ក្នុងន័យ​នេះ​ខ្ញុំ​បាន​ប្តេជ្ញា​ថា​ខ្ញុំ​នឹងវិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះហើយ​ខ្ញុំ​សូម​បបួល​ក្មួយៗ​នៅ ​កូរ៉េ​ឱ្យ​ទៅ​ប្រទេស​កម្ពុជា​ជាមួយខ្ញុំ។ ព្រមទេ?‍»

សំណើ​របស់​លោក​ត្រូវ​បាន​ក្រុមអ្នកចូលរួម​ស្រែក​គាំទ្រ​ថា​នឹង​ចូលរួម​ក្នុង​ដំណើរ​វិល​វិញ។​ លោក​បាន​បន្ថែម​ថា៖

«ថ្ងៃនេះ​បងប្អូន​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​។ ខ្ញុំ​ទៅ​មិន​មែន​ឱ្យ​ហ៊ុន សែន​ចាប់​ខ្ញុំ​ទេ​បងប្អូន។ មិន​មែន​ឱ្យ​ហ៊ុន សែន​សម្លាប់​ខ្ញុំ​ទេ​បងប្អូន។ ខ្ញុំ​ទៅជាមួយ​បងប្អូនក្មួយៗ​កូរ៉េ​ ក្មួយៗ​បងប្អូន​ពីប្រទេស​ថៃ​។ ក្មួយៗ​គ្រប់​ប្រទេស​ដែលធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ​ យើង​ទៅ​បំផុស​កម្លាំងស្នេហាជាតិ​ក្នុង​ប្រទេស​កម្ពុជា។ យើង​ទៅ​កម្ពុជា​ទៅ ចាប់ហ៊ុន សែន​ឱ្យ​ប្រជារាស្ត្រ​កាត់ទោស​ជន​ក្បត់ជាតិ​ហ៊ុន សែន‍»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ចាត់​ទុក​ថា​សមាជ​នោះ​គឺ​ធ្វើ​ក្រៅ​ក្របខណ្ឌនៃ​ច្បាប់ប្រទេសកម្ពុជា​ដែល​គណបក្ស​កាន់​អំណាច​មិន​យក​ចិត្ត​ទុក​ដាក់​ទេ។ ហើយ​បាន​បន្ថែម​ថាការលើកឡើងនានានៅ​ក្នុង​សេចក្តីសម្រេច​របស់​សមាជនោះ​គឺ​គ្រាន់តែជា​សារ​ដដែលៗដែល​គណបក្ស​កាន់អំណាច​មិន​ឆ្លើយឆ្លង​ជាមួយ​ទេ។

លោក​សួស យ៉ារ៉ា​ អ្នកនាំពាក្យ​គណបក្ស​បាន​បន្ថែមប្រាប់វីអូអេថា៖

«ទីមួយ​យើង​មិន​ចង់ប្រើពាក្យ​ថា​អ្នកដែលនៅក្រៅច្បាប់​ហើយ​យើង​ក៏​មិន​ចង់​ហៅ​ឈ្មោះ​គាត់​ទៀត​ដែរ​ក៏ប៉ុន្តែ​គាត់​ត្រូវ​អនុវត្ត​ច្បាប់​សិន​ ចាំ​គាត់​និយាយ​គេ​។ ទីពីរ​យើង​ទាំងអស់​គ្នា​យល់​ឃើញ​ថា​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​តាម​បែប​កម្ពុជា​ហើយ​។ អីចឹង​ជន​ណា​ដែល​នៅ​ក្រៅច្បាប់​ហើយ​លើក​ឡើង​សំណើ​ឬពាក្យ​ចាក់រុក​ទាំងឡាយ​ ឬក៏​សុភាព​រាបសារ​ទាំងឡាយ​នេះ​គឺ​ជា​ល្បិច​កល​ណាមួយ​ដែល​ចង់​បំផ្លិចបំផ្លាញ​សន្តិភាព​នៅ កម្ពុជា​។ អីចឹង​សម្រាប់​កម្ពុជា​ការបង្រួប​បង្រួមគឺស្ថិត​នៅក្នុងក្របខណ្ឌ​កម្ពុជា​រួច​ទៅហើយ​ ហើយ​ប្រជាជន​ក៏កំពុងតែ​ចូលរួម​និង​រីករាយ​នូវ​អ្វី​ដែល​សន្តិភាព​កំពុង​ទទួល​បាន​។ អីចឹង​ដូច្នេះ​និយាយ​ឱ្យ​ចំ​ទៅ​គឺ​យើង​មិន​គិត​មិន​គូ​មិន​ពិចារណា​នូវ​សម្តី ដែល​គ្មាន​ខ្លឹមសារ​សម្រាប់​ធ្វើការពិចារណា​អ្វី​ទៅថ្ងៃ​អនាគតទេ‍»។​

រូបឯកសារ៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីសាធារណៈមួយកាលពីឆ្នាំ២០១៥។ (ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP)

មន្ត្រី​អតីតគណបក្ស​ប្រឆាំង​និង​សកម្ម​ជន​គាំទ្រ​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​ក្រោយពីការរំលាយ​គណបក្ស​នេះ​កាលពី​ចុងឆ្នាំ​២០១៧។ ប៉ុន្តែ​ពលករចំណាកស្រុក​កម្ពុជាដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ពីបញ្ហា​នយោបាយ។

កញ្ញា​រស់ សុផល ពលការិនី​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​និង​ជាអ្នករៀបចំ​សមាជ​និង​មហា​បាតុកម្ម​បាន​បញ្ជាក់​ប្រាប់​វីអូអេក្នុង​កម្មវិធី​ហេឡូវីអូអេ​ថា៖

«មហាបាតុកម្ម​ភ្លើង​ទៀន​នេះ​ខ្ញុំ​ចង់​បញ្ជាក់​ទៅដល់​បងប្អូន​ជនរួមជាតិ​ថា​គឺជា​ការបង្ហាញ​អំពី​កម្លាំង​សាមគ្គី​អ្នកជាតិ​និយម​ អ្នកប្រជាធិបតេយ្យ​ហើយ​យើង​មើលឃើញ​ថា​លោក​ហ៊ុន សែន​ដែល​ជា​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន​ហ្នឹង​គឺ​គាត់​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ចំពោះ​កម្លាំង​សាមគ្គី​អ្នក​ប្រជាធិបតេយ្យ​ ដល់​ថ្នាក់​លោក​ហ៊ុន សែន​ផ្ទាល់​និយាយ​ទៅកាន់​ពលរដ្ឋ​ថា​ងើ​បមួយ​វាយ​មួយ​ងើប​ពីរ​វាយ​ពីរ​។ ហើយ​មួយវិញទៀត​មហា​បាតុកម្ម​របស់​យើង​ខ្ញុំមើល​ឃើញ​ថា​ដើម្បី​លើក​ទឹក​ចិត្ត​និង​បណ្តុះនូវ​ពង្រីក​ឆន្ទៈ​មនសិការ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​ឱ្យ​ពួកគាត់​មាន​ស្មារតី​ប្រយុទ្ធ​នឹង​មេដឹកនាំ​ផ្តាច់​ការ​និង​រំលោភ​សិទ្ធិ​មនុស្ស‍»។​

លោកស្រី​មូរ សុខហួរ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មើលឃើញ​ថា​ពលករ​ទាំងនោះមាន​ឆន្ទៈ​មោះមុត ​គោលដៅ​ច្បាស់​លាស់និងការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ចង់​បាន​លទ្ធិ​ប្រជាធិប​តេយ្យនិងសិទ្ធិ​មនុស្ស​កើតឡើង​ជាថ្មី​នៅ​កម្ពុជា​ទើប​ពួកគេ​អាច​ធ្វើ​សកម្ម​ភាព​បាន​ដោយ​គ្មាន​ខ្លាចការគំរាម​កំហែង៕