លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានចម្អក និងឆ្លើយតបយ៉ាងធ្ងន់ៗចំពោះការជំរុញរបស់លោក សម រង្ស៊ី ឲ្យលោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ត្រៀមកម្លាំងកម្ចាត់ លោក ហ៊ុន សែន មុនពេលដែលលោក ហ៊ុន សែន កម្ចាត់លោក។
ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា លោកបានពិភាក្សាជាមួយលោក ស ខេង ឧបនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជារួចហើយថា នឹងមិនឆ្លើយតបជាមួយនឹងការបំផុសបំផុលរបស់លោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់ដែលកំពុងរស់នៅក្រៅប្រទេសនេះឡើយ។
ទោះយ៉ាងណា លោក ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«វាមិនដែលម៉ែអាណា ទីមួយឱ្យគេធ្វើបក្សប្រហារ ព្រោះអនុប្រធានបក្សទម្លាក់ប្រធានបក្ស មិនបក្សប្រហារ? ប៉ុន្តែអាធ្ងន់ជាងគេ ឧបនាយករដ្ឋមន្ត្រីធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី មានន័យថា មិនរដ្ឋប្រហារ! ណា! រួចចេះតែប្រើគេទៅរួចហ្អាស់ ចេះនិយាយទៅកើតហ្អាស់ អាចថាទៅរួច ប៉ុន្តែឥឡូវ សូមឱ្យទាំងអស់គ្នា ស្ងាត់ស្ងៀម ជាមួយពួកអាគេបាញ់ហ្នឹង»។
លោក ហ៊ុន សែន ដែលជាមេបក្សកាន់អំណាចបានធ្វើការចម្អកធ្ងន់ៗបែបនេះ បន្ទាប់ពី លោក សម រង្ស៊ី បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយអំឡុងសន្និសីទស្តីពីសន្តិភាព និងសិទ្ធិមនុស្សនៅអាស៊ី ដែលរៀបចំដោយអង្គការវេទិកាសិទ្ធិមនុស្សនិងសន្តិភាពអាស៊ី (Asia Human Rights Peace Forum) ក្នុងទីក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដោយបានបំផុសបំផុលឲ្យ លោក ស ខេង ឧបនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាធ្វើរដ្ឋប្រហារ។
នេះមិនមែនជាលើកដំបូងឡើយដែលលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅបរទេសបានធ្វើការបំផុសបំផុលថ្នាក់ដឹកនាំក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចឲ្យមានជម្លោះផ្ទៃក្នុង។
កាលពីខែដើមខែមេសាកន្លងទៅ លោក សម រង្ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំគណបក្សសង្រ្គោះជាតិតាមរយៈវីដេអូ ដែលត្រូវបានបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលបានដាក់ចំណងជើងថា «តើនរណាហ៊ានវាយមុន?» ក្នុងនោះលោក សម រង្ស៊ី ថា បក្សសង្រ្គោះជាតិនឹងគាំទ្រអ្នកដែលហ៊ានទម្លាក់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បញ្ជាក់យ៉ាងដូច្នេះ៖
«ដូចក្រុមស ខេង ឥឡូវក្រុមហ៊ុន សែន មើលមុខគ្នាអត់ចំ យើងត្រូវតែប្រាប់ពួកអាហ្នឹង ថា អ្នកណាទម្លាក់ហ៊ុន សែន យើងគាំទ្រ មិនមែនឯកោ ហើយកុំឲ្យហ៊ុន សែន វាយមុន វាយមុនទៅ យើងបញ្ចុះបញ្ចូលអ៊ីចឹងទៅខ្ញុំជឿថា នឹងមានផ្ទុះហើយពីខាងក្នុង»។
កាលពីចុងសប្តាហ៍កន្លងទៅ ពលករនិងអ្នកគាំទ្រ លោក សម រង្ស៊ី រាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្នុងប្រទេសកូរ៉េខាងត្បូងក្នុងបាតុកម្ម «ភ្លើងទៀន» ដែលរៀបចំដោយអង្គការវេទិកាសិទ្ធិមនុស្សនិងសន្តិភាពអាស៊ី Asia Human Rights Peace Forum។ ថ្លែងនៅខាងមុខពលករខ្មែរនិងអ្នកគាំទ្ររាប់ពាន់នាក់ក្នុងប្រទេសកូរ៉េខាងត្បូង លោក សម រង្ស៊ី ថាលោកនឹងត្រឡប់មកប្រទេសកម្ពុជាដោយប្រមូលផ្តុំពលករខ្មែរ និងអ្នកគាំទ្រលោកនៅក្រៅប្រទេសទាំងឡាយឱ្យមកចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក សម រង្ស៊ី បាននិយាយថា៖
«យើងទៅ ខ្ញុំទៅ មិនមែនឲ្យ ហ៊ុន សែន ចាប់ខ្ញុំទេបងប្អូន មិនមែនឲ្យ ហ៊ុន សែន សម្លាប់ខ្ញុំទេ បង ប្អូន។ ខ្ញុំទៅជាមួយបងប្អូនក្មួយៗកូរ៉េ ក្មួយៗបងប្អូនពីប្រទេសថៃ ក្មួយៗគ្រប់ប្រទេសដែលធ្វើដំណើរជាមួយខ្ញុំ យើងទៅបំផុសកម្លាំងស្នេហាជាតិ ក្នុងប្រទេសកម្ពុជា។ យើងទៅប្រទេសកម្ពុជាទៅចាប់ហ៊ុន សែន ឲ្យប្រជារាស្រ្តកាត់ទោសជនក្បត់ជាតិ ហ៊ុន សែន»។
ទោះយ៉ាងណាក៏ដោយ នៅថ្ងៃចន្ទនេះលោក ហ៊ុន សែន ហាក់ដូចជាមិនភ័យខ្លាចចំពោះការអះអាងវិលត្រឡប់របស់លោក សម រង្ស៊ី ដែលកំពុងស្ថិតក្នុងប្រទេសកូរ៉េនេះឡើយ។
លោក ហ៊ុន សែន បាននិយាយថា៖
«កុំឆ្លើយជាមួយវា! ឆ្កែខាំជើងយើង យើងកុំយកមាត់យើងខាំជើងឆ្កែ អាហ្នឹងនិយាយមួយបែប ព្រោះអានេះវាស្មើនឹងសត្វធាតុទៅហើយ! វាមិនដែលអាណាដល់ថ្នាក់ប៉ុណ្ណឹងពេក! រួចហើយសុទ្ធតែថា ហ្អើស! សម្រុកចូល អញរង់ចាំតែអាសម្រុកចូលហ្នឹង! ហ្អ៊ី អាពតប៉ុន្មានកងពលវាយមិនទាំងដួលផង ទីចុងបំផុត អានេះចង់មកចាប់ឯងលេង ដូចស្រួលពេកទេដឹង»!
ក្នុងសារអេឡិចត្រូនិកដែលឆ្លើយនឹងសំណួររបស់ VOA ទាក់ទិននឹងការទម្លាក់លោក ហ៊ុន សែន លោក សម រង្ស៊ី ដែលកំពុងស្ថិតក្នុងប្រទេសកូរ៉េខាងត្បូងនៅតែបង្ហាញការជឿជាក់ថា ថ្នាក់ដឹកនាំមួយចំនួនក្នុងជួរគណបក្សកាន់អំណាចមានសមត្ថភាពអាចទម្លាក់លោក ហ៊ុន សែន ដើម្បីសង្គ្រោះជាតិ។
លោក សម រង្ស៊ី បានសរសេរជាភាសាអង់គ្លេសនិងប្រែសម្រួលដោយ VOA ក្នុងន័យដើមថា៖
«ខ្ញុំជឿថា លោក ស ខេង ម៉ែន សំអន និងមន្រ្តីគណបក្សប្រជាជនជាន់ខ្ពស់ផ្សេងៗទៀតនឹងទម្លាក់ ហ៊ុន សែន ដើម្បីសង្រ្គោះគណបក្សប្រជាជន និងដើម្បីឲ្យកម្ពុជាចៀសផុតពីគ្រោះភ័យ ដោយសារការបម្រើផលប្រយោជន៍ចិន ដោយខ្វាក់ភ្នែករបស់ហ៊ុន សែន»។
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយមួយរូប ដែលតែងតែអង្កេតស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាគឺលោក ឡៅ ម៉ុងហៃ បាននិយាយថា លោក សម រង្ស៊ី កំពុងព្យាយាមធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុង នៅក្នុងគណបក្សកាន់អំណាចគឺគណបក្សប្រជាជន និងព្យាយាមធ្វើឲ្យលោក ហ៊ុន សែន ផ្ទុះកំហឹង។
លោក ឡៅ ម៉ុងហៃ បាននិយាយថា៖
«អាហ្នឹងអ្នកនយោបាយបើនៅស្ងៀម អាហ្នឹងគឺ ហើយអត់មានអ្នកដឹងឮ ក៏បាត់ឥទ្ធិពលទៅ អាហ្នឹងអ៊ីចឹងបាទ។ ហើយសម្តេចតេជោ គឺតាំងពីដើមមក ពេលឆ្លើយឆ្លង ដែលគាត់មិនពេញចិត្តអីអ៊ីចឹងទៅ គឺគាត់តែងតែមានកំហឹង អ៊ីចឹងទៅដូចខ្មែរថា ខឹងខុស ខឹងខាត គឺការប្រើពាក្យអសុរស ដែលធ្វើឲ្យមានការទិទានសម្តីសំដៅរបស់គាត់ សម្តេចតេជោហ្នឹងទៅថែមទៅទៀតទៅ»។
អស់ពេលប៉ុន្មានឆ្នាំមកហើយ ការវាយប្រហារគ្នាតាមរយៈពាក្យសម្តីបានក្លាយជាវប្បធម៌មួយរវាងមេដឹកនាំនយោបាយកម្ពុជា គឺរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនដែលបានជាប់ឆ្នោតកាលពីឆ្នាំ២០១៨ ជាថ្មីម្តងទៀតអស់រយៈពេលជាង ៣០ឆ្នាំ និងលោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។
ទោះយ៉ាងណាក៏ដោយ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយដដែលនេះ សង្ឃឹមថា អ្នកនយោបាយទាំងឡាយនឹងវិលមករកការផ្សះផ្សាគ្នា ដោះស្រាយបញ្ហារួមវិញជាជាងធ្វើការវាយប្រហារគ្នាទៅវិញទៅមក។
ស្របពេលដែល លោក សម រង្ស៊ី ព្យាយាមផ្តោះផ្តងពាក្សសម្តីជាមួយថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា តុលាការរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បានបើកសវនាការលើរូបលោកក្នុងសំណុំរឿង ញ៉ុះញ៉ង់កងទ័ពមិនឱ្យស្តាប់បង្គាប់។ នេះគឺជាបណ្តឹងមួយក្នុងចំណោមបណ្តឹងជាច្រើនប្រឆំាងនឹងរូបលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស៕