ថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបនៃគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសបានប្រកាសទទួលយកលោកសម រង្ស៊ី មេដឹកនាំគណបក្សបណ្តោះអាសន្នក្នុងពេលដែលលោកកឹម សុខាប្រធានគណបក្សនៅបន្តជាប់ឃុំក្នុងលំនៅដ្ឋាន។
នៅក្នុងសារមួយចេញផ្សាយកាលពីថ្ងៃអង្គារទី១៨ខែធ្នូ លោកអេង ឆៃអ៊ាង និងលោកស្រីមូរ សុខហួរដែលជាអនុប្រធានគណបក្សបានពន្យល់ថាការអញ្ជើញលោកសម រង្ស៊ីមកដឹកនាំបក្សឡើងវិញគឺដើម្បីជៀសវាងមិនឱ្យក្បាលម៉ាស៊ីនគណបក្សជាប់គាំងហើយលោកសម រង្ស៊ីនឹងបំពេញតួនាទីនេះរហូតដល់ថ្ងៃដែលលោកកឹម សុខា«ទទួលបានសេរីភាពពេញលេញវិញហើយអាចសម្តែងមតិរបស់លោកជាសាធារណៈដោយខ្លួនឯង»។
លោកអេង ឆៃអ៊ាងបានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖
«យើងធ្វើការកន្លងមក បើនិយាយការពិតទៅគឺយើងធ្វើទៅតាមសម្បជញ្ញៈ មនសិការទេភាគច្រើនហ្នឹង គឺដោយសារបញ្ហាជាប់គាំងហ្នឹង។ អីចឹងក្នុងស្ថានភាពគណបក្សដែលជាប់គាំងបែបហ្នឹងបើកាលណាយើងបណ្តោយឱ្យនៅជាប់គាំងអត់មានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ទេគឺគណបក្សអាចនឹងស្លាប់ទៅដោយខ្លួនឯង។ នេះលោកហ៊ុន សែនគាត់ចង់បានអីចឹង។ អីចឹងបានន័យថាតម្រូវការរបស់យើងចាំបាច់ហ្នឹងគឺអ្នកមូលដ្ឋានតំណាងគណបក្សទាំងនៅក្រៅប្រទេស ជាពិសេសតំណាងក្រៅប្រទេសដែលគាត់ជួបជុំគ្នារៀបចំឱ្យក្បាលម៉ាស៊ីនដឹកនាំបណ្តោះអាសន្នហ្នឹងគឺអ្នកនៅក្នុងស្រុកក៏គេគាំទ្រគេស្វាគមន៍ដែរ»។
លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំមុននិងត្រូវចោទប្រកាន់ពីបទក្បត់ជាតិហើយតុលាការកំពូលបានរំលាយអតីតគណបក្សប្រឆាំងដ៏ធំនេះ ចោលកាលពីខែវិច្ឆិកានិងបានហាមឃាត់មន្ត្រីចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ មានមន្ត្រីមួយចំនួនបានរត់ភៀសខ្លួនចេញក្រៅប្រទេសដើម្បីបន្តសកម្មភាពនយោបាយក្នុងខណៈដែលអ្នកនៅក្នុងប្រទេសបន្តរក្សាការស្ងៀមស្ងាត់។
ដំណើរការតែងតាំងលោកសម រង្ស៊ីជាប្រធានស្តីទីគណបក្សបានចាប់ផ្តើមពីសន្និសីទពិភពលោកនៃសាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេសដែលបានរៀបចំឡើងនៅទីក្រុងអាត្លង់តា រដ្ឋចរចា សហរដ្ឋអាមេរិកក្នុងថ្ងៃទី០១និងទី០២ខែធ្នូហើយដំណើរការនេះបានបន្តរហូតដល់កិច្ចប្រជុំមួយទៀតដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី១៥ខែធ្នូ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររូបបានបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍ថាគណៈកម្មាធិការអចិន្ត្រៃយ៍មិនអាចកោះប្រជុំបានដោយសារតែសមាជិកនៅប្រទេសកម្ពុជារស់ក្នុងការភ័យខ្លាចហើយអ្នកខ្លះត្រូវលាក់ខ្លួនពួនអាត្មាហើយលក្ខន្តិកៈគណបក្សក៏មិនអាចយកមកអនុវត្តបានដែរក្នុងគ្រាមានអាសន្ននេះ។ រីឯអនុប្រធានម្នាក់ទៀតគឺលោកប៉ុល ហំម ដែលមកពីខាងអតីតគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាមុនពេលដែលរួមគ្នាជាមួយនឹងក្រុមលោកសម រង្ស៊ីបង្កើតគណបក្សសង្គ្រោះជាតិក៏មិនអាចបញ្ចេញយោបល់ជាសាធារណៈបានទេ។ ដូច្នេះសន្និសីទទាំងពីរគឺជាដំណើរការដែល«បើកចំហរជាងគេហើយប្រាកដនិយមជាងគេ»ដោយផ្អែកលើលក្ខណៈថាលោកសម រង្ស៊ីជាសហស្ថាបនិកនិងជាអតីតប្រធានគណបក្សនិងជាឥស្សរជនមួយគត់«ដែលមានលក្ខណៈធ្វើឱ្យគេទទួលស្គាល់ជាថ្នាក់ដឹកនាំគណបក្ស យោងកត្តាប្រវត្តិសាស្រ្តនិងប្រជាប្រិយភាព»។
កិច្ចប្រជុំដំបូងនៅទីក្រុងអាត្លង់តាមិនត្រូវបានលោកកឹម សុខាប្រធានគណបក្សទទួលស្គាល់ទេ។ នេះបើតាមការបញ្ជាក់របស់ក្រុមមេធាវី។ លោកកឹម សុខាត្រូវបានតុលាការហាមឃាត់មិនឱ្យជួបប្រាស្រ័យទាក់ទងជាមួយនឹងអ្នកខាងក្រៅពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោកទេដូច្នេះអ្វីៗគឺបានដឹងតាមរយៈមេធាវីរបស់លោក។
លោកចាន់ ចេន មេធាវីមួយរូបរបស់លោកកឹម សុខាបានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថាការជ្រើសតាំងឬតែងតាំងលោកសម រង្សីជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិនេះ នៅតែមិនអាចយកជាការបាន ដោយលោកបន្ថែមថាសហគមន៍ជាតិនិងអន្តរជាតិមិនទទួលស្គាល់ទេ។ ការណ៍នេះដោយសារ ខុសគោលការណ៍របស់គណបក្សសង្គ្រោះជាតិ ដោយសារការរៀបចំធ្វើនិងសម្រេចតែភាគីម្ខាងមិនមានឯកភាពនិងមិនមានការចូលរួមពីភាគីម្ខាងទៀត។ លោកថាលក្ខន្តិកៈគណបក្សត្រូវតែយកមកប្រើបើយល់ថាគណបក្សសង្គ្រោះជាតិមិនរលាយទេហើយបើយល់ថាអតីតគណបក្សប្រឆាំងនេះរលាយឬជាប់គាំងហើយ ក៏មិនមិនចាំបាច់មានប្រធានស្តីទីដែរ។
លោកបន្ថែមថា៖
«ដូច្នេះទោះបីលោកសមរង្សីនិងក្រុមគាត់ខិតខំឆ្លេឆ្លា បកស្រាយ ម្តងសន្និសីទ ម្តងវេទិការ ម្តងរត់ទៅរកគណកម្មការចំពោះកិច្ច ម្តងរត់ទៅរកគណកម្មាធិការអចិន្ត្រៃយ៍ ម្តងរត់រកអនុប្រធានពីរនាក់ជួយបញ្ជាក់ យ៉ាងណាក៏ដោយ ក៏តួរនាទីជាប្រធានស្តីទីCNRPរបស់លោកសមរង្សីនៅតែមិនអាចយកជាការបាន»។
ក្រុមអ្នកគាំទ្រលោកកឹម សុខាបន្តប្រើប្រាស់បណ្តាញសង្គមវាយប្រហារលោកសម រង្ស៊ីដោយចាត់ទុកថានេះគឺជាទង្វើ«បក្សប្រហារ»។ រីឯក្រុមអ្នកគាំទ្រលោកសម រង្ស៊ីក៏តបតវិញដោយចាត់ទុកថាការវាយប្រហារលោកសម រង្ស៊ីគឺជាការធ្វើឡើងស្របតាមគោលនយោបាយគណបក្សកាន់អំណាច។
លោកអេង ឆៃអ៊ាងអះអាងថាលោកនៅតែស្នើសុំកុំឱ្យមានការវាយប្រហារគ្នាក្នុងចំណោមដៃគូនយោបាយ ជាពិសេសអ្នករិះគន់លើការវិវត្តន៍របស់គណបក្សនៅក្រៅប្រទេស។
«បើសិនអ្នកណាយល់ឃើញថាការចាត់ចែងរបស់លោកសម រង្ស៊ីថាវាមិនមានប្រសិទ្ធភាពយើងត្រូវតែដឹកនាំធ្វើទៅ ដឹកនាំឱ្យមានប្រសិទ្ធភាពជាងទៅគឺយើងជួយគ្នា។ នេះឯងគឺនាំជោគជ័យមកឱ្យគណបក្សសង្គ្រោះជាតិប៉ុន្តែបើសិនជាយើងវង្វេងសមរភូមិបានន័យថាយើងហុចដងដាវឱ្យគូប្រកួតចាក់សម្លាប់ខ្លួនឯងហើយ»។
បើទោះបីជាយ៉ាងណាក៏ដោយក្រុមអ្នកគាំទ្រលោកកឹម សុខាដែលនៅក្រៅប្រទេសមិនមានគម្រោងធ្វើសន្និសីទឬកិច្ចប្រជុំធំណាមួយដើម្បីចេញសេចក្តីសម្រេចធំដុំណាមួយទេ។ នេះបើតាមការលើកឡើងរបស់អ្នកគាំទ្រនៅក្រៅប្រទេសដែលវីអូអេបានសម្ភាស។
រីឯគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដើម្បីបើកផ្លូវឱ្យអតីតមន្ត្រីគណបក្សប្រឆាំងណាដែលចង់ធ្វើនយោបាយវិញដោយគ្រាន់តែធ្វើលិខិតសុំទោសនិងទទួលស្គាល់ការសម្រេចរបស់តុលាការកំពូល។ រហូតមកដល់ពេលនេះមានតែលោកគង់ គាំ អតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិបានសម្តែងចេតនាក្នុងការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ៕