CNN៖ អារ៉ាប៊ី​សាអូឌីត​នឹង​សារភាព​ថា អ្នក​កាសែត​ដែល​បាន​បាត់​ខ្លួន​ត្រូវ​បាន​សម្លាប់

ប៉ូលិស​តួកគី​​ទៅ​ដល់​ស្ថាន​កុងស៊ុល​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​អារ៉ាប៊ី​សាអូឌីត​កំពុង​តែ​ត្រៀម​នឹង​សារភាព​ថា អ្នកកាសែត​ដែល​បាន​បាត់​ខ្លួន លោក Jamal Khashoggi ត្រូវ​បាន​សម្លាប់។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​អាមេរិក​ចំនួន​ពីរ។

សេចក្តីរាយការណ៍​ទាំង​នោះ​បាន​ស្រង់​សម្តី​របស់​ប្រភព​ព័ត៌មាន​ដែល​និយាយ​ថា ការ​ស្លាប់​របស់​លោក Khashoggi គឺ​កើតឡើង​ដោយសារ ​«កំហុស​ឆ្គង​ក្នុង​អំឡុង​ពេល​សួរ​ចម្លើយ‍»។ សេចក្តីរាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា អ្នក​នៅ​ពីក្រោយ​ប្រតិបត្តិការ​សួរ​ចម្លើយ​នោះ​ប្រហែល​ជា​មាន​បំណង​នឹង​ចាប់​ជម្រិត​លោក Khashoggi ពី​ស្ថានកុងស៊ុល​អារ៉ាប៊ី​សាអូឌីត​នៅ​ក្នុង​ទីក្រុង អ៊ីស្តង់ប៊ុល និង​យក​រូប​លោក​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​វិញ ដើម្បី​សួរ​ចម្លើយ។

សេចក្តីរាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា របាយការណ៍​របស់​អារ៉ាប៊ី​សាអូឌីត​គ្រោង​នឹង​និយាយ​ថា ប្រតិបត្តិការ​ដែល​ឈាន​ដល់​នាំ​ឲ្យ​មាន​ការ​ស្លាប់​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​ផ្លូវការ​ ហើយ​អ្នក​ដែល​នាំ​ឲ្យ​លោក​ស្លាប់​បាត់បង់​ជីវិត​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ។

លោក Khashoggi ​ត្រូវ​បាន​គេ​ឃើញ​ដើរ​ចូល​ទៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ី​សាអូឌីត​កាល​ពី​ពីរ​សប្តាហ៍​មុន ហើយ​បាន​បាត់​ខ្លួន​រហូត​តាំង​ពី​ពេល​នោះ​មក៕