លោកស្រី Clinton នឹង​មិន​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ម៉ិកស៊ិក​នោះ​ទេ

បេក្ខជន​ប្រធានាធិបតី​គណ​បក្ស​ប្រជាធិបតេយ្យ​អ្នកស្រី​ Hillary Clinton ចេញ​ដំណើរ​បន្ទាប់​ពី ការ​ថ្លែង​សុន្ទរកថា​ ក្នុង​ទិវា​ការងារ​ប្រចាំឆ្នាំ​លើក​ទី ៤៩ នៅ​ឧទ្យាន​ Illiniwek Park Riverfront ក្នុង​ក្រុង Hampton កាលពី​ថ្ងៃ​ទី​ ០៥ កញ្ញា ២០១៦។

បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​ Hillary Clinton បាន​និយាយ​ថា លោកស្រី​នឹង​មិន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​មុន​ពេល​ការ​បោះ​ឆ្នោត​មក​ដល់​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទេ។

ដៃគូ​ប្រជែង​របស់​លោកស្រី គឺ​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ិកស៊ិក​កាល​ពី​សប្ដាហ៍​មុន បន្ទាប់ពី​លោក​ប្រធានាធិបតី​ម៉ិកស៊ិក​លោក Enrique Pena Nieto បាន​អញ្ជើញ​ទាំង​លោក Donald Trump និង​ទាំង​លោកស្រី Hillary Clinton ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក។

លោកស្រី Clinton បាន​ប្រាប់​ទូរទស្សន៍ ABC កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោកស្រី​នឹង​ផ្ដោត​លើ​ការ​បង្កើត​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជាជាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក។ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ លោកស្រី​បាន​ហៅ​ការ​ពិភាក្សា​គ្នា​រវាង​លោក Trump និង​ប្រធានាធិបតី​ម៉ិកស៊ិក​ថា​ជា «ហេតុការណ៍​លក្ខណៈ​អន្តរជាតិ​គួរ​ឲ្យ​អៀនខ្មាស» មួយ ហើយ​លោកស្រី​បន្ថែម​ថា លោក Trump មិន​ដឹង​ថា​តើ​ត្រូវ​និយាយ​ជាមួយ​ប្រមុខ​រដ្ឋ​ប្រទេស​មួយ​យ៉ាង​ម៉េច​នោះ​ទេ។

លោកស្រី Clinton ក៏​បាន​ប្រាប់​អ្នក​គាំទ្រ​លោកស្រី​នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ​ Ohio ថា រដ្ឋបាល​របស់​លោកស្រី​នឹង​ធ្វើការ​តស៊ូ​ដើម្បី​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ធ្វើការ ខណៈពេល​ដែល​លោកស្រី​វាយបក​លើ​ប្រវត្តិ​អាជីវកម្ម​របស់​លោក Trump ដែល​ធ្លាប់​ក្ស័យធន​ជា​ច្រើន​លើក​ច្រើន​សារ និង​ការ​ចោទប្រកាន់​ថា​អាជីវកម្ម​លោក Trump មិន​សូវ​ផ្ដល់​តម្លៃ​ដល់​អ្នក​ធ្វើការ​នោះ​ទេ។

លោក Trump កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង Ohio ផង​ដែរ ដោយ​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​សហជីព​អ្នក​ធ្វើការ។ លោក Trump បាន​បន្ទោស​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama ថា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​បញ្ជូន​ការងារ​ចេញ​ទៅ​ប្រទេស​ម៉ិកស៊ិក៕