លោកស្រី Clinton​ និង​លោក Sanders​ ទន្ទឹង​រង់ចាំ​ឱកាស​ប្រជែង​​នឹង​លោក Trump

បេក្ខជន​ប្រធានាធិបតី​លោក​ស្រី​ Hillary Clinton (ឆ្វេង)​ និង​លោក Bernie Sanders ឈរ​នៅ​លើ​ឆាក​មុន​ពេលការពិភាក្សា​ដេញ​ដោល​បឋម​នៅ​សាកល​វិទ្យាល័យ​ Michigan-Flint កា​ល​ពី​ថ្ងៃ​អាទិត្យ​ទី​០៦​ កុម្ភៈ ២០១៦​ នៅ​ទីក្រុង​​ Flint រដ្ឋ Michigan។

បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ២​រូប គឺ​លោកស្រី Hillary Clinton និង​លោក​ Bernie Sanders បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពួកគេ​នឹង​ទន្ទឹង​រង់ចាំ​ការឈរឈ្មោះ​ប្រជែង​នឹងលោក Donald Trump នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ពេល​ខាងមុខ​នេះ។ ​

នៅ​ក្នុង​ទីក្រុង Flint នៃ​រដ្ឋ Michigan​ បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​២​រូប​ក៏​បាន​ព្យាយាម​ពិភាក្សា​ដេញដោលលើ​បញ្ហា​នានា​ផ្ទុយពី​អ្វី​ដែល​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ជជែក​ ដែល​ជារឿយៗ​ផ្តោត​តែ​លើ​ការវាយប្រហារ​ពាក្យសម្តី​ទៅ​លើ​បុគ្គលផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក Sanders បាន​មាន​ប្រសាសន៍​ថា បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​កំពុង​តែ​បង្ហាញ​ពី​មូលហេតុ​ដែល​រដ្ឋបាល​របស់​លោក​ផ្តោត​អាទិភាពសំខាន់ក្នុង​ការលើកកម្ពស់​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត។

លោក Sanders បាន​ចាប់​ផ្តើម​កិច្ចពិភាក្សា​របស់​លោក ​ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ CNN ដោយ​និយាយ​ថា លោក​មាន​ការតក់​ស្លុត​ដោយ​មើល​ឃើញ​ថាគ្រួសារ​ជាច្រើន​រួមមាន​ទាំង​កុមារ​ផង​នោះ​ត្រូវ​បាន​បំពុល​ដោយ​ទឹក​មិន​ស្អាត​នៅ​ក្នុង​ទីក្រុង Flint។ លោក​បាន​ហៅ​ស្ថានភាព​នេះ​ថា​ជា​ក្តីអាម៉ាស់​មួយ​ ហើយស្ថានភាព​នេះ​បង្ហាញពី​តម្រូវការ​ក្នុង​ការសាងសង់​ហេដ្ឋរចនាសម្ព័ន្ធ​ដែល​បែកបាក់​របស់​អាមេរិក​ឡើង​វិញ។ ​

លោកស្រី Clinton ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​ ផ្តល់​ថវិកា​បន្ថែម​ដល់​ទីក្រុងFlint ដើម្បី​ជួសជុល​ប្រព័ន្ធ​ទឹកក្នុង​ទីក្រុង​នេះ។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា គ្មាន​អ្វី​ដែល​សំខាន់​ជាង​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​នៅ​ក្នុង​ទីក្រុង Flint នោះ​ទេ។

បេក្ខជន​ទាំង​២​រូប​បាន​ស្នើ​ឲ្យ​អភិបាល​រដ្ឋ Michigan នៃ​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក Rick Snyder លាលែង​ពី​តំណែង។ បន្ទាប់​មក​ លោក Snyder បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម​ Tweeter ថា «​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ បេក្ខជន​នយោបាយ​នឹង​ចាកចេញ​ពី​ទីក្រុង Flint និង​រដ្ឋ Michigan ហើយ។ ខ្ញុំ​ប្តេជ្ញា​នឹង​ជួយ​ប្រជាជន​ក្នុង​ទីក្រុង Flint»។

នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ លោក Sanders បាន​ចោទប្រកាន់​លោកស្រី Clinton ថា​គាំទ្រ «កិច្ចព្រមព្រៀង​ពាណិជ្ជកម្មដ៏​អន្តរាយ​» ជាច្រើន​ ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ចិន​ ដែល​លោក​បាន​លើកឡើង​ថា បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ជាច្រើន​។

លោក​ស្រី Clinton ក៏​បាន​និយាយ​ថា​អាមេរិក​ត្រូវ​ការផែនការ​ដ៏ទូលំទូលាយ​មួយ​សម្រាប់​ផលិតកម្ម​និង​កែលម្អ​ផ្លូវ​និង​ស្ពាន​នានា។

នៅ​ពេល​សួរ​អំពី​ដំណោះស្រាយ​ការរីករាល​ដាល​នៃការបាញ់​សម្លាប់​រង្គាល​នៅ​ក្នុង​សហរដ្ឋអាមេរិក បេក្ខជន​ទាំង២​រូប​បាន​ស្នើ​ឲ្យ​មាន​ការបង្កើន​និង​លើកកម្ពស់​ការត្រួតពិនិត្យ​មើល​ប្រវត្តិរូប​របស់​អតិថិជន​ដែល​ទិញ​គ្រឿង​សព្វា​វុធ​នានា។ ប៉ុន្តែ​បេក្ខជន​ទាំង​២រូបមិន​បាន​ឯកភាព​គ្នា​ទៅ​លើ ​ថា​តើ​ក្រុមហ៊ុន​ផលិត​កាំភ្លើង​គួរ​តែ​ទទួល​ខុសត្រូវ​លើ​ការបាញ់ប្រហារ​រង្គាល​ដែល​ធ្វើ​ឡើង​ដោយ​ជន​ដែល​ប្រើប្រាស់​កាំភ្លើង​របស់​ក្រុមហ៊ុន​ទាំង​នោះ​ឬ​យ៉ាងណា​នោះ​ទេ៕