លោកស្រី​ Clinton និង​លោក Sanders ​ដេញ​ដោល​គ្នា​មួយ​ទល់​នឹង​មួយ​ជា​លើក​ដំបូង

លោក Bernie Sanders សមាជិក​ព្រឹទ្ធ​សភា​ស្តាប់​លោកស្រី Hillary Clinton បកស្រាយ​ក្នុង​ពេល​ជជែក​ដេញ​ដោល​ជា​បឋម​សម្រាប់​តំណែង​ប្រធានាធិបតី​ដែល​រៀបចំ​ឡើង​ដោយ​ទូរទស្សន៍ MSNBC នៅ​ក្នុង​ក្រុង Durham កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។

បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​នៅ​សេស​សល់​២​នាក់ គឺ​អតីត​រដ្ឋ​មន្រ្តី​ការបរទេស​លោកស្រី Hillary Clinton និង​សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ Vermont លោក Bernie Sanders បាន​ធ្វើ​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​យ៉ាង​តាន​តឹង​ និង​ខឹង​សម្បារ កាល​ពី​យប់​ថ្ងៃ​ព្រហស្សតិ៍ នៅ​រដ្ឋ New Hampshire។

ការ​ពិភាក្សា​ដេញ​ដោល​គ្នា​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ការ​បោះ​ឆ្នោត​បឋម​ទី​មួយ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​នឹង​ធ្វើ​ឡើង​នៅ​រដ្ឋ New Hampshire។

លោក​ស្រី Clinton ​ចាញ់​លោក Sanders ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ស្ទង់​មតិ​នានា បន្ទាប់​ពី​បាន​ឈ្នះ​លោក Sanders ​ដោយ​សំឡេង​តិច​តួច ក្នុង​ការ​ប្រជុំ​គណបក្ស​ដែល​ហៅ​ថា Caucuses ​នៅ​រដ្ឋ Iowa។ នេះ​ជា​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​មួយ​ទល់​មួយ​ រវាង​បេក្ខជន​ទាំង​ពីរ។

បេក្ខជន​ទាំង​ពីរ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​តឹង​សសៃ​ក អំពី​ថា​តើ​អ្នក​ណា​ពិ​ត​ជា​អ្នកធ្វើ​កំណែ​ទម្រង់ អ្នក​ណា​ជំពាក់គុណ​អ្នក​ធ្វើ​វិភាគទាន​ធំៗ ហើយ​ថា​អ្វី​ទៅ​គឺ​ជា​ការ​គំរាម​កំហែង​ធំ​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក។

លោកស្រី Clinton អាយុ​៦៨ឆ្នាំ បាន​ហៅ​ខ្លួន​ឯង​ថា​ជា «អ្នក​ធ្វើ​កំណែ​ទម្រង់​ដែល​ធ្វើ​រឿង​ជា​ច្រើន​ដែល​ខ្លួន​បាន​សន្យា» ដោយ​បញ្ជាក់​ថា សំណើ​របស់​លោក​សមាជិក​ព្រឹទ្ធសភា​ដែល​នឹង​មិន​យក​ថ្លៃ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​ និង​សេវា​សុខាភិបាល​គឺ​ជា​ការ​សន្យា​ដែល​មិន​អាច​ធ្វើ​បាន។ ​

លោកស្រី Clinton ​បាន​មាន​ប្រសាសន៍​ថា «ចំនួន​នឹង​មិន​កើន​ឡើង​នោះ​ទេ» ដោយ​លោកស្រី​បញ្ជាក់​ថា គំនិត​នេះ​នឹង​តម្រូវ​ឲ្យ​យក​ពន្ធ​បន្ថែម​ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ​បន្ត​ទៅ​ទៀត។

លោក Sanders អាយុ​៧៤​ឆ្នាំ បាន​ថ្លែង​ថា គំនិត​នេះ​មិន​ប៉ះពាល់​ដល់​កត្តា​ផ្សេង​ទៀត​នោះ​ទេ។ លោក​និយាយ​ថា ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​មិន​យក​ថ្លៃ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នោះ​ទេ និង​បង់​ថ្លៃសេវា​សុខភាព​ទាំង​ស្រុង​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន។

លោក​បាន​បន្ថែម​ថា សំណើ​របស់​លោក​ក្នុង​ការ​មិន​យក​ថ្លៃ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នឹង​ត្រូវ​បង់​ដោយ​ពន្ធ​ដែល​បាន​មក​ពី​ភាគហ៊ុន​របស់​ក្រុមហ៊ុន Wall Street ដោយ​លោក​បាន​បញ្ជាក់​ថា «ពលរដ្ឋ​អាមេរិកាំង​ថ្នាក់​កណ្តាលបាន​ផ្តល់​ថវិកា​ជួយ​សង្រ្គោះ Wall Street នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ត្រូវ​ការ។ ឥឡូវ​នេះ គឺ​ជា​ពេល​ដែល​ Wall Street ត្រូវ​ជួយ​ពលរដ្ឋ​អាមេរិកាំង​ថ្នាក់​កណ្តាល​ម្តង​វិញ​ហើយ»៕