លោកស្រី​គ្លីនតុន​ចំណាយ​ច្រើន​ជាង​លោក​ត្រាំ​ចំនួន ២០០ លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ការ​ប្រជែង​ធ្វើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

លោកស្រី​គ្លីនតុន​ចំណាយ​ច្រើន​ជាង​លោក​ត្រាំ​ចំនួន ២០០ លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ការ​ប្រជែង​ធ្វើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក​ដូណាល់ ត្រាំ (Donald Trump) និង​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​ហ៊ីលឡារី គ្លីនតុន (Hillary Clinton) មាន​ចំណុច​ខុស​គ្នា​ពាក់ព័ន្ធ​នឹង​សំណើ​គោល​នយោបាយ​គណបក្ស ប៉ុន្តែ​ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ឈាន​កាន់​តែ​ខិត​ជិត​មក​ដល់ គេ​ឃើញ​មាន​គម្លាត​ខុស​គ្នា​ចំពោះ​ការ​ចំណាយ​ទៅ​លើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​អ្នក​ទាំង​ពីរ។

ឯកសារ​ដែល​បាន​បញ្ជូន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដល់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​បង្ហាញ​ថា លោកស្រី Clinton អង្គាស​បាន​ថវិកា​ប្រហែល ៦០ លាន​ដុល្លារ​អាមេរិក​កាល​ពី​ខែ​សីហា បើ​ប្រៀប​ជាមួយ​លោក Donald Trump ដែល​អង្គាស​បាន​តែ ៤២ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី ក៏​ចំណាយ​ច្រើន​ជាង​យុទ្ធនាការ​របស់​លោក Trump ផង​ដែរ ដោយ​បាន​ចំណាយ​លើស ២០ លាន​ដុល្លារ​អាមេរិក។

ដោយ​ធ្វើ​ការ​បូក​បញ្ចូល​គ្នា​នូវ​របាយការណ៍​រៀង​រាល់​ខែ​ទាំង​អស់ គិត​ចាប់​តាំង​ពី​ពេល​ដែល​លោក​ទាំង​ពីរ​បាន​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​តែងតាំង​ដោយ​គណបក្ស​របស់​ខ្លួន រហូត​មក​ដល់​ចុង​ខែ​សីហា​កន្លង​មក​នេះ លោកស្រី Clinton បាន​ចំណាយ​ច្រើន​ជាង​លោក Trump ក្នុង​ទឹក​ប្រាក់​ចំនួន ២ រយ​លាន​ដុល្លារ​អាមេរិក។

ចំពោះ​គម្លាត​រវាង​ថវិកា​ដែល​អ្នក​ទាំង​ពីរ​បាន​រៃ​អង្គាស​វិញ ក៏​មាន​គម្លាត​ធំ​ដែរ ដោយ​លោកស្រី Clinton អង្គាស​ថវិកា​សរុប​បាន​ចំនួន ៣៨៦ លាន​ដុល្លារ​អាមេរិក រី​ឯ​លោក Trump វិញ អង្គាស​បាន​តែ​ចំនួន ១៧០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ការ​ប្រកួត​ប្រជែង​រើស​ប្រធានាធិបតី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​គឺ​ត្រូវ​ចំណាយ​ច្រើន​ណាស់ ដោយ​យុទ្ធនាការ​បោះ​ឆ្នោត​របស់​គណបក្ស​នីមួយៗ ត្រូវ​ទិញ​ពេលវេលា​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​តាម​ទូរទស្សន៍ និង​ទិញ​ការិយាល័យ​សម្រាប់​បុគ្គលិក​គណបក្ស​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ កាល​ជំនាន់​លោក Barack Obama ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​ពីរ​ក្នុង​ឆ្នាំ ២០១២ គណៈកម្មការ​យុទ្ធនាការ​របស់​លោក​បាន​ចំណាយ​អស់​ថវិកា​ចំនួន ៧៧៥ លាន​ដុល្លារ​អាមេរិក៕