លោកស្រី Hillary Clinton កាលពីថ្ងៃសៅរ៍ បានស្តាប់ការនិយាយត្រួសៗជម្រាបលោកស្រីអំពីបញ្ហាសន្តិសុខជាតិ ដែលនេះជាលើកទីមួយហើយចាប់តាំងពីពេលដែលលោកស្រីបានក្លាយជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យ។
ការបង្ហាញចំណុចសំខាន់ៗនៃការគំរាមកំហែងធំៗក្នុងប្រទេស និងក្នុងសាកលលោកដែលស.រ.អា.ប្រឈមមុខបានត្រូវធ្វើឡើងនៅជិតផ្ទះលោកស្រី គឺនៅអាគារមួយរបស់រដ្ឋាភិបាលសហព័ន្ធនៅខាងក្រៅបូរីញូវយ៉ក។ តាមច្បាប់ស.រ.អា. បេក្ខជនប្រធានាធិបតីនៃគណបក្សធំៗ និងទីប្រឹក្សាជិតស្និទ្ធរបស់បេក្ខជនទាំងនេះតម្រូវ.ឱ្យស្តាប់ការសេចក្តីសង្ខេបព័ត៌មានសម្ងាត់អំពីបញ្ហាសន្តិសុខដោយការិយាល័យនៃនាយកផ្នែកស៊ើបការសម្ងាត់ជាតិ ដើម្បីឱ្យបេក្ខជនទាំងនេះអាចប្រុងប្រៀបខ្លួននៅពេលចូលកាន់តំណែងប្រធានាធិបតីស.រ.អា.។
គូប្រជែងធំជាងគេរបស់លោកស្រី Clinton គឺលោក Doanld Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ បានស្តាប់ការកាងសង្ខេបព័ត៌មានដូចគ្នានេះដែរកាលពីពេលមុននេះ ក្នុងខែនេះ ដែលគេបានរាយការណ៍ថាមានរយៈពេលជាងពីរម៉ោង។
ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា ការនិយាយត្រួសៗជម្រាប់លោកស្រី Clinton នៅក្នុងការិយាល័យ FBI ដែលមានបន្ទប់ប្រជុំប្រកបដោយសុវត្ថិភាពនៅក្នុងតំបន់ White Plain ក៏មានរយៈពេលជាងពីរម៉ោងដែរ។
ពួកបុគ្គលិកនៃការិយាល័យជាតិផ្នែកស៊ើបការសម្ងាត់បាននិយាយត្រួសៗបែបនេះជម្រាបបេក្ខជនប្រធានាធិបតីស.រ.អា.ប្រមាណ៦០ឆ្នាំមកហើយ៕