លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បន្តអំពាវនាវឲ្យបិទមូលនិធិគ្លីនតុន ដោយបានបង្កើនការចោទប្រកាន់របស់លោកទ្វេដងដល់អង្គការសប្បុរសធម៌ដែលតំណាងឲ្យជម្លោះផលប្រយោជន៍របស់លោកស្រី Hillary Clinton ដែលជាគូប្រកួតប្រជែងរបស់លោក។
លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា៖ «ឥឡូវនេះ វាបានបញ្ជាក់យ៉ាងច្បាស់ថា មូលនិធិគ្លីនតុន ជាសហគ្រាសនយោបាយពុករលួយបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។ អ្វីដែលពួកគេបានធ្វើក្នុងអំឡុងពេលដែលលោកស្រី Hillary ដ៏ទុច្ចរិតជារដ្ឋមន្រ្តីការបរទេស ជាការខុសមួយ ហើយឥឡូវនេះ ក៏ខុសដែរ។មូលនិធិនេះត្រូវតែបិទទ្វាជាបន្ទាន់»។
លោក Trump បានរិះគន់ម្តងហើយម្តងទៀតដល់អង្គការមិនយកប្រាក់កម្រៃដែលទទួលប្រាក់ពីប្រទេសក្រៅ រួមមានប្រទេសខ្លះដែលមានប្រវត្តិសិទ្ធមនុស្សមិនល្អទៀតផង។ លោកនិយាយបន្តទៀតថា អំណោយនោះ បានបង្កើនអំពើពុករលួយ។
លោកស្រី Clinton ដែលបានធ្វើជារដ្ឋមន្រ្តីការបរទេសពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ និយាយថា លោកស្រីបានផ្តាច់ការងាររបស់លោកស្រីនៅឯក្រសួងការបរទេសចេញពីការងារនៅឯមូលនិធិ Clinton ដែលជាការងារមនុស្សជាតិនៅជុំវិញពិភពលោក។
ក៏ប៉ុន្តែ សារអ៊ីម៉ែល ដែលត្រូវបានគេបញ្ចេញកាលពីពេលថ្មីៗនេះ ប្រាប់ឲ្យដឹងថា មានភាពស៊ីសង្វាក់គ្នារវាងការងារទាំង២នេះ។
ដោយមានអារម្មណ៍ថា បានរងការដាក់សម្ភាធ កាលពីសប្តាហ៍មុន មូលនិធិនោះបានប្រកាសថា ខ្លួននឹងឈប់ទទួលយកអំណោយបរទេស និងសាជីវកម្ម ប្រសិនបើ លោកស្រី Hillary Clinton ជាប់ឆ្នោតជាប្រធានាធិបតី។ មូលនិធិនោះ ក៏បានប្រាប់ឲ្យដឹងដែរថា ស្វាមីរបស់លោកស្រី គឺអតីតប្រធានាធិបតី Bill Clinton នឹងចុះចេញពីសមាជិកក្រុមប្រឹក្សានាយករបស់មូលនិធិនេះ៕