ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្រុងឡូវែល សំឡេង​ចម្រុះគ្នា​​លើ​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិកពី​ខ្មែរ​អាមេរិកាំង


លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពីគណបក្ស​សាធារណៈរដ្ឋ (ឆ្វេង) និង​លោកស្រី Hilary Clinton បេក្ខជន​ប្រធានាធិតបីមកពីគណបក្សប្រជាធិបតេយ្យ។
លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពីគណបក្ស​សាធារណៈរដ្ឋ (ឆ្វេង) និង​លោកស្រី Hilary Clinton បេក្ខជន​ប្រធានាធិតបីមកពីគណបក្សប្រជាធិបតេយ្យ។

​គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ធំ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ​និង​ត្រៀម​ខ្លួន​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក ​ដែល​មាន​លោកស្រី ​Hillary​ Clinton ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​​ប្រជាធិបតេយ្យ ​និង​លោក​ Donald Trump ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​​សាធារណរដ្ឋ។​

ស្រប​ពេល​ដែល​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ថ្មី​ខិតជិត​មក​ដល់​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ ​ពលរដ្ឋ​ខ្មែរអាមេរិកាំង​មួយ​ចំនួន​នៅ​ទីក្រុង​ Lowell ​(ឡូវែល)​ រដ្ឋ​ Massachusetts ​បាន​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​បេក្ខជន​មក​ពី​គណបក្សដែល​ខ្លួន​ពេញ​ចិត្ត​ឲ្យ​ជាប់​ជា​ប្រធានាធិបតី។​

នៅ​ពេល​បច្ចុប្បន្ន​នេះ ​ទីក្រុង ​Lowell រដ្ឋ ​Massachusetts មាន​ពលរដ្ឋខ្មែរ​អាមេរិកាំង​ចន្លោះ​៣០.០០០​នាក់​ទៅ​៤០.០០០​នាក់​រស់​នៅ ​ចាប់តាំង​ពី​ចុង​ទស​វត្ស​១៩៨០​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​រត់ភៀស​ខ្លួន​មក​សហ​រដ្ឋ​អាមេរិក​ដោយសារ​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា។​

សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ​២០១៦​នេះ ​គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ធំ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ​និង​ត្រៀម​ខ្លួន​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក ​ដែល​មាន​លោកស្រី ​Hillary​ Clinton ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្សប្រជាធិបតេយ្យ ​និង​លោក​ Donald Trump ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្សសាធារណរដ្ឋ។​

លោក ឃុន ហុង អាយុ​៥៥ឆ្នាំ ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។ (VOA Khmer)
លោក ឃុន ហុង អាយុ​៥៥ឆ្នាំ ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។ (VOA Khmer)

លោក​ឃុន ហុង ​អាយុ​៥៥​ឆ្នាំ ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ Lowell ​ម្នាក់​បាន​ប្រាប់ ​VOA ​ថា ​លោក​នឹង​ទៅ​បោះឆ្នោត​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​គឺ​ឲ្យ​មាន​អ្នក​ដឹកនាំ​ជា​ស្ត្រី​ម្តង។​

«‍ខ្ញុំ​ចូលចិត្ត​ផ្លាស់ប្តូរ ​ពីព្រោះ​មិន​ចង់​ឃើញ​អ្វី​ដែល​ជា​ប្រុស​រហូត ​ហាសិប​នាក់​មក​ហើយ​ប្រុសៗ​រហូត»។​

លោក ខន សុវណ្ណ អាយុ​៥១ឆ្នាំ ជា​ម្ចាស់​ហាង​សំអាងការ​ទេពសួគ៌ និង​ជា​តន្ត្រីករ​ភ្លេង​បុរាណ​ខ្មែរ​ នៅទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។ (VOA Khmer)
លោក ខន សុវណ្ណ អាយុ​៥១ឆ្នាំ ជា​ម្ចាស់​ហាង​សំអាងការ​ទេពសួគ៌ និង​ជា​តន្ត្រីករ​ភ្លេង​បុរាណ​ខ្មែរ​ នៅទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។ (VOA Khmer)

រីឯ​លោក​ឃន សុវណ្ណ ​អាយុ​៥១​ឆ្នាំ ​ដែល​ជា​ម្ចាស់​ហាង​សំអាង​ការ​ទេព​សួគ៌​នៅ​ទីក្រុង​ Lowell ​បាន​ប្រាប់ ​VOA ​ថា ​លោក​នឹង​បោះឆ្នោត​ដើម្បី​ឲ្យ​គណបក្សសាធារណ​រដ្ឋ​ដឹកនាំ​ប្រទេស​ម្តង ​ដោយសារគណបក្សប្រជាធិបតេយ្យ​បាន​ដឹកនាំ​សហ​រដ្ឋ​អាមេរិក​រយៈពេល​ពីរ​អាណត្តិ​រួច​ហើយ។​

«‍បើ​ឥឡូវ​នេះ ​ខ្ញុំ​គិត​ថា ​ដោយសារ​តែ​ប្រជាធិបតេយ្យ​ហ្នឹង​ វា​ជាប់​ពីរ​អាណត្តិ​ទៅ​ហើយ​ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។ ​កុំ​ឲ្យ​យូរ​ពេក។ ​យ៉ាង​យូរ​ វា​៨​ឆ្នាំ​ហើយ​ណា។​ ខ្ញុំ​ពេញ​ចិត្តប្រព័ន្ធ​បោះឆ្នោត​គេ​នៅ​ទី​នេះ ​បើ​ប្រៀប​ធៀប​នឹង​ស្រុក​ខ្មែរ។ ​កុំ​ឲ្យ​គណបក្ស​ប្រជា​ធិបតេយ្យ​ហ្នឹង​យូរ​ពេក។ ​បើ​មួយ​អាណត្តិ​ទៀត​ ចូល​ដល់​១២​ឆ្នាំ​ហើយ»។​

លោក នាង សុវណ្ណាតារា គឺជា​គ្រូ​បង្រៀន​សិល្បៈ​បុរាល​ខ្មែរ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
លោក នាង សុវណ្ណាតារា គឺជា​គ្រូ​បង្រៀន​សិល្បៈ​បុរាល​ខ្មែរ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

រីឯ​លោក​នាង សុវណ្ណតារា ​ដែល​ជា​គ្រូ​បង្រៀន​តន្រ្តី​បុរាណ​ខ្មែរ​នៅ​ទីក្រុង​ Lowell ក៏​យល់​ថា ​លោក​ត្រូវការ​ការ​ផ្លាស់​ប្តូរ​គណបក្សដឹកនាំ​សហ​រដ្ឋ​អាមេរិក​ដែរ​ ដោយ​លោក​ចង់​បោះឆ្នោត​ឲ្យ​គណបក្សសាធារណរដ្ឋ​កាន់​តំណែង​ម្តង។ ​ក៏​ប៉ុន្តែ ​លោក​មិន​សូវ​ពេញ​ចិត្ត​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្សនេះ​គឺ​លោក ​Donald Trump ​នោះ​ទេ។​

«‍ពីរ​អាណត្តិ​នៃ​ការ​ដឹកនាំ​របស់​គណបក្សប្រជា​ធិបតេយ្យ​ ខ្ញុំ​យល់​ឃើញ​ថា ​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវការ​ផ្លាស់ប្តូរ​ទៅ​គណបក្សមួយ​ទៀត​ហើយ។ ​ដូច្នេះ ​ខ្ញុំ​ត្រូវតែ​ជ្រើស​រើស​គណបក្សសាធារណរដ្ឋ។ ​ប៉ុន្តែ​បេក្ខជន​មក​ពី​គណបក្សសាធារណរដ្ឋ​ហ្នឹង ​ខ្ញុំ​ភាគ​ច្រើន​មិន​សូវ​ពេញ​ចិត្ត ​តែ​ខ្ញុំ​ពេញ​ចិត្ត​គណបក្ស។ ​ហើយ​ឥឡូវ​គណបក្សជ្រើសរើស​មនុស្ស​ដែល​ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត។​ ឥឡូវ​គ្មាន​ជម្រើស​ ត្រូវ​តែ​បោះ​ឲ្យ​ម្នាក់​ហ្នឹង»។​

លោក ម៉ែន វណ្ណៈ ជា​សកម្មជន​នយោបាយ​ម្នាក់ និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​មាន​សិទ្ធិ​បោះឆ្នោត​នោ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
លោក ម៉ែន វណ្ណៈ ជា​សកម្មជន​នយោបាយ​ម្នាក់ និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​មាន​សិទ្ធិ​បោះឆ្នោត​នោ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

ដូចគ្នា​ដែរ​លោក​ម៉ែន វណ្ណៈ ​អាយុ​៤១​ឆ្នាំ ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ Lowell ​ដែរ​ ក៏​បាន​បញ្ជាក់​ថា ​លោក​ចង់​បោះឆ្នោត​ឲ្យ​គណបក្សសាធារណៈ​រដ្ឋ​ជាប់​ជា​ប្រធានាធិបតី​ ពីព្រោះ​លោក​ចង់​ឃើញ​ការ​ផ្លាស់ប្តូរ​ក្នុង​គោល​ការណ៍​នយោបាយ​ការ​បរទេស​ថ្មី​នៅ​សហ​រដ្ឋ​អាមេរិក​មក​លើ​ប្រទេស​ផ្សេងៗ ​ជាពិសេស​គឺ​ទៅ​លើ​ប្រទេស​កម្ពុជា​ជា​ដើម។​

«‍ខ្ញុំ​ចាប់​អារម្មណ៍​គោល​នយោបាយ​របស់​គណបក្ស​សាធារណៈរដ្ឋ​ ពីព្រោះ​គណបក្សសាធារណរដ្ឋ​តែងតែ​ត្រួត​ពិនិត្យ​កិច្ចការ​បរទេស​ជា​លក្ខណៈ​អន្តរជាតិ​ច្រើន​ជាង​គណបក្ស​ប្រជាធិបតេយ្យ។ ​ហើយ​អារម្មណ៍​របស់​ខ្ញុំ​គឺ​ខ្ញុំ​គិត​ពី​ប្រទេស​កម្ពុជា​ដែល​កំពុង​តែ​លុកលុយ​ទៅ​ដោយ​អំពើ​មនុស្សឃាត ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន។ ​ហើយ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ដែល​កំពុង​កាន់​រដ្ឋាភិបាល​លោក​ Obama ​ហាក់​បី​ដូចជា​មិន​ខ្វាយខ្វល់​ពី​ប្រទេស​កម្ពុជា​យើង។​ អញ្ចឹង​ហើយ ធ្វើ​ឲ្យ​យើង​ជំរុញប្តូរ​ទៅ​គាំទ្រគណបក្ស​សាធារណ​រដ្ឋវិញ»។​

អ្នកស្រី លី ផល្លីន គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
អ្នកស្រី លី ផល្លីន គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

ក៏​ប៉ុន្តែ​សម្រាប់​ស្ត្រី​មេម៉ាយមាន​កូន​ក្រោម​បន្ទុក​ ដូចជា​លោកស្រី​លី ផល្លី​សន្លឹក​ឆ្នោត​របស់​លោកស្រី​គឺ​សំខាន់​ណាស់។ ​លោកស្រី​បាន​ប្រាប់ ​VOA ​ថា ​លោកស្រី​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី ​Hillary Clinton​ ជាប់​ជា​ប្រធានាធិបតី​ ដោយ​សារ​លោកស្រី ​Hillary Clinton​ ជា​ស្ត្រី​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ស្ត្រី​មេម៉ាយ។​

«‍ដូចថា​ យើង​មិន​មាន​លទ្ធភាព ​មាន​គេ​ជួយ​ច្រើន។ ​ឧទាហរណ៍​ថា ​យើង​ជា​ស្ត្រី​មេម៉ាយ ​ប្រាក់​ចំណូល​យើង​ទាប ​រដ្ឋ​គេ​ជួយ​ ដូចជា​ជួយការ​សិក្សា​កូន ​និង​ជួយ​ឧបត្ថម្ភ​អី​ផ្សេងៗ​ទៀត»។​

អ្នកស្រី វ៉ាន អេនី គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
អ្នកស្រី វ៉ាន អេនី គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

សម្រាប់​លោកស្រី​វ៉ាន អេនី ​អាយុ​៥០​ឆ្នាំ ​នៅ​ពេល​ដែល​លោកស្រី​ភៀស​ខ្លួន​មក​រស់នៅ​សហ​រដ្ឋ​អាមេរិក​ លោកស្រី​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ច្រើន​ពី​ថ្នាក់​ដឹកនាំ​របស់​គណបក្សប្រជា​ធិបតេយ្យ។ ​ដូច្នេះ ​លោក​ស្រី​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី​ Hillary Clinton ​នៃ​គណបក្សប្រជាធិបតេយ្យ​ ពីព្រោះ​គណបក្សនេះ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ពលរដ្ឋ​ក្រីក្រ​ និង​ជន​អន្តោប្រវេសន៍ ​ដូចជា​សហគមន៍ខ្មែរ​នៅ​ទីក្រុង​ Lowell ​នេះ​ជា​ដើម។​

«‍ខ្ញុំ​ជឿ​ថា ​គាត់​អាច​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ច្រើន ​ដូចជា​អ្នក​ក្រីក្រ​មិន​មាន​សមត្ថភាព​ធ្វើការ ​ហើយ​និង​ដូចជា​ជន​ភៀស​ខ្លួន​ដទៃ​ទៀត»។​

លោកស្រី វ៉ាត សាវឿន អាយុ​៨២ឆ្នាំ គឺជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
លោកស្រី វ៉ាត សាវឿន អាយុ​៨២ឆ្នាំ គឺជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោកស្រី​វ៉ាត សាវឿន​ អាយុ​៨២​ឆ្នាំ ​បាន​ចុះឈ្មោះ​បោះឆ្នោត​រួច​ហើយ​នៅ​មជ្ឈមណ្ឌល​សុខភាព​មេត្តា​ ដែល​ផ្តល់​សេវា​កម្ម​ចុះឈ្មោះ​បោះឆ្នោត​ដល់​ពលរដ្ឋ​ខ្មែរ។ ​លោកស្រី​បាន​ប្រាប់ ​VOA​ ថា ​លោកស្រី​នឹង​បោះឆ្នោត​ជូន​គណបក្សប្រជា​ធិបតេយ្យ ​ពីព្រោះ​លោកស្រី​យល់​ថា ​គណបក្សនេះ​ផ្តល់​ការ​ឧបត្ថម្ភ​គំាទ្រ​ដល់​អ្នក​ក្រ។​

«‍តាំង​ពី​ដើម​មក ​គាត់​ខាង​អ្នក​ក្រ។ ​ហើយ​គាត់​ជួយ​អ្នក​ក្រ ​ហើយ​យើង​សុទ្ធ​តែ​ជា​អ្នក​ក្រ​មក​រស់នៅ​ស្រុក​គេ ​យើង​ពឹង​អ្នក​ដែល​គេ​ជួយ​ខាង​អ្នក​ក្រ​ហើយ»។​

សម្រាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង ​Lowell ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទាំង​អស់​នេះ​ ពួកគេ​ថា ​សំណុំ​បែបបទ​ចុះឈ្មោះ​បោះឆ្នោត​នៅ​សហ​រដ្ឋ​អាមេរិក​មិនមាន​អ្វី​ស្មុគស្មាញ​ពិបាក​យល់​នោះ​ទេ។​

បន្ថែម​លើ​នេះ ​គេ​ឃើញ​មាន​គម្រោង​មួយ​ស្តី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ដែល​ដឹកនាំ​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​មជ្ឈមណ្ឌល​សុខភាព​មេត្តា ​ហើយនឹង​សមាគម​ខ្មែរ​នៅ​ទីក្រុង​ Lowell​ ដែល​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG