ការ​ប៉ះទង្គិច​គ្នា​បាន​ធ្វើ​​ឲ្យ​កក្រើកព្រះ​វិហារ​ al-Aqsa នៅ​រដ្ឋធានី​​ហ្ស៊េរុយ​សាឡិម

ស្រី្ត​ជនជាតិ​ប៉ាឡេស្ទីន​បាន​ស្រែក​ពាក្យ​ស្លោក​ ខណៈ​កំពុង​លើក​សៀវភៅ​ Koran នៅ​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​ប៉ូលិស​អ៊ីស្រាអែល​នៅ​រដ្ឋធានី​ហ៊្សេរុយសាឡិម​នា​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ២០១៥។

ពួក​ជន​ប៉ាឡេស្ទីន និង​ក្រុម​ប៉ូលិស​អ៊ីស្រាអែល​បាន​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​បរិវេណ​ព្រះវិហារ​ al-Aqsa កាល​ពី​ថ្ងៃអាទិត្យ​នៅ​ពេល​ល្ងាច​មុន​ថ្ងៃ​ចូលឆ្នាំ​ថ្មី​របស់​ជន​អំបូរ​ជ្វីព។

ការប៉ះទង្គិច​គ្នា​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ក្រុម​ប៉ូលិស​បានចូល​ក្នុង​បរិវេណ​ព្រះវិហារ​នោះ ដើម្បី​ដេញ​តាមពួក​ជនប៉ាឡេស្ទីន ដែល​កាល​ពី​ពេល​មុននោះ​បាន​បង្ខាំងខ្លួន​ឯង​នៅ​ក្នុង​ព្រះវិហារ ​និង​បាន​គប់​ដុំ​ថ្ម និង​គប់​ភ្លើង​ជា​សញ្ញា​លើ​ក្រុម​ប៉ូលិស។​ ក្រុម​អាជ្ញាធរអ៊ីស្រាអែល​បាន​ប្រើប្រាស់​គ្រាប់បែក​ផ្សែង ​និង​បាន​គ្រវែង​គ្រាប់បែក​ដៃ​ធ្វើ​ឲ្យ​ភាំង​អារម្មណ៍ដាក់​ក្រុម​យុវជន ប៉ាឡេស្ទីន។​

ប្រទេសហ្ស៊កដានី​ ដែល​មាន​សិទ្ធិ​ជា​អ្នក​ថែរក្សា​ព្រះវិហារ​នោះបាន​ថ្កោលទោស​ការ​ឆ្មក់​វាយ​ប្រហារ​ដោយ​ក្រុម​ប៉ូលិស​អ៊ីស្រាអែល ​ដោយ​បាន​ចោទប្រកាន់​រដ្ឋ​ជ្វីព​នោះ​ថា​ បាន​«បង្ក​រឿង» និង​បាន​«ប៉ុនប៉ង​កែប្រែ​ស្ថានភាព​ដែល​មាន​ជា​ធម្មតា​»នៅ​កន្លែង​ពិសិដ្ឋ​មួយ​ក្នុង​ភូមិភាគ​មជ្ឈិម​បូព៌ា។

តាម​រយៈព្រំដែន​ខាង​ផ្លូវ​ច្បាប់​បច្ចុប្បន្ន​អំពី​កន្លែងនោះ​ ក្រុម​ជនអំបូរជ្វីព​អាច​ទៅ​ទស្សនា​ទី​នោះ​បាន​ ក៏​ប៉ុន្តែ​មិន​អាច​សូត្រធម៌​នៅ​ទីនោះ​បាន​ទេ​ ពី​ព្រោះ​មានការ​ព្រួយបារម្ភ​ថា ​ការធ្វើដូច្នេះ​អាច​បង្កើត​ឲ្យ​មាន​ការរង្កៀសចិត្ត​ពី​ពួកអ្នកគោរព​សាសនាឥស្លាម។​

ព្រះវិហារឥស្លាម​មួយ​នោះ​បាន​បើក​ទទួល​ភ្ញៀវ​សារជាថ្មី​ បន្ទាប់​ពី​មាន​ការបង្ក្រាប​អំពើ​ហិង្សា​កាល​ពី​ថ្ងៃអាទិត្យ។​

អំពើ​ហិង្សា​នៅ​ក្នុង​កន្លែង​នេះ​បាន​កើនខ្លាំង​ឡើងៗ​ ពីព្រោះ​ពួកអ្នក​កាន់​សាសនា​ឥស្លាម​មាន​ការ​ខឹង​សម្បារ​ ​ដោយសារ​មាន​ក្រុម​ភ្ញៀវមិនមែន​ជា​អ្នកកាន់​សាសនា ឥស្លាម និង​មាន​ការ​ជំរុញ​ឲ្យ​មាន​ការសូត្រធម៌​ដោយ​ពួក​ជ្វីព​នៅ​ក្នុងបរិវេណ​ព្រះវិហារ។​

ក្រុម​ជន​អំបូរជ្វីព​បានគោរព​កន្លែង​នេះ​ថា​ជា​ Temple Mount ហើយ​ចាត់ទុក​ទី​នោះ​ថា ជា​កន្លែង​ពិសិដ្ឋ​បំផុត​របស់​ពួក​គេ។ ក្រុម​អ្នក​កាន់​សានា​ឥស្លាម​ បាន​ហៅ​កន្លែងនោះ​ថា​ជា​ Noble Sanctuary ហើយ​គោរព​កន្លែង​នោះ​ថា​ជា​កន្លែងពិសិដ្ឋ​ទី​បី​របស់​ពួក​គេបន្ទាប់​ពីក្រុង​ Mecca និង​ក្រុង​ Medina ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត៕