សង្គម​ស៊ីវិល​កម្ពុជា​ជំរុញ​កែ​លម្អ​ប្រជា​ធិបតេយ្យ​ និង​ស្ថានភាព​សិទ្ធិ​មនុស្ស មុន​កិច្ច​​​ប្រជុំ​អាស៊ាន

រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​កម្ពុជាដោះ​ស្រាយ​បញ្ហា​នយោ​បាយ និង​សិទ្ធិ​មនុស្សឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ដើម្បីឱ្យ​កម្ពុជា​អាច​ទទួល​បាន​ផលចំណេញ​ផ្នែក​សេដ្ឋ​កិច្ច ​និង​រក្សា​បានមុខ​មាត់ ​និង​ការ​ទុក​ចិត្ត​ពី​បណ្តា​ប្រទេស​ដែល​នឹង​មក​ចូល រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​នា​ខែ​វិច្ឆិកា​ខាង​មុខ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

កិច្ច​ប្រជុំ​អាស៊ាន​ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០​ ​ដល់​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​ខាង​មុខ ​នឹង​មានការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe ​Biden ​ផង​ដែរ។​

​លោក ​នី សុខា ​ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​មើល​ឃើញ​ថា ​នេះ​ជា​ឱកាស​ដែល​រដ្ឋាភិបាល​កម្ពុជា​គួរ​ពិចារណា​ធ្វើឱ្យ​លម្ហ​សេរី​ភាព​នយោ​បាយ ​សេរី​ភាព​សង្គម​ស៊ីវិល​ ​និង​ប្រជា​ពល​រដ្ឋ ​មា​ន​ភាព​ល្អ​ប្រសើរ​ និង​ត្រូវធានា​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ។ ​លោក​បន្ថែម​ថា ​ការ​កែ​លម្អ​នេះ​នឹង​អាច​ឱ្យ​កម្ពុជា​ទាញ​យក​ការ​ទុក​ចិត្ត​ពី​បណ្តា​ប្រទេស​ផ្សេងៗ ​និង​ទាញ​យក​ផល​ចំណេញ​ផ្នែក​សេដ្ឋ​កិច្ច​ ​នៅ​ពេល​ដែ​ល​ប្រទេស​ទាំង​នោះ​ឃើញទង្វើ​ជាក់​ស្តែងនៃ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោកប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ ​«ដូច្នេះ​គេ​ចង់​ឃើញ​ការ​អនុវត្ត​ជាក់​ស្តែង​របស់​ប្រទេស​កម្ពុជា​ គេហៅ​ថា​ ឥរិយា​បទ​ជាក់​ស្តែង​របស់​កម្ពុជា​ ដែល​ត្រូវ​បង្ហាញ​ឱ្យ​គេ​ឃើញ​ដើម្បី​ឱ្យ​គេ​មាន​ជំនឿ។ ​ហើយ​ខ្ញុំ​គិត​ថា បើសិ​នជាកម្ពុជា​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ ​បញ្ហា​សិទ្ធិ​មនុស្ស ​ដើម្បី​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ខ្ញុំ​គិត​ថា​ នេះ​ជា​មោ​ទនភាព​របស់​ប្រទេសកម្ពុជា​មួយ​ក្នុង​ការ​ទាក់​ទាញ​ទៅ​ដល់​បណ្តា​ប្រទេស​មហា​អំណាច​ទាំង​អស់​ ដើម្បី​ឱ្យ​គេ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គិត​គូរ​ជួយ​បំពេញ​ទៅ​នឹង​អ្វី​ដែល​ជាបញ្ហា​សេដ្ឋ​កិច្ច​ បញ្ហា​ជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ​ដែល​យើង​កំពុង​ជួប​ប្រទះ​ ​ក្រោយ​កូវីដ​១៩ ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ផ្សេងៗ»។​

លោក ​អំ​ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ ​កត់​សម្គាល់​ឃើញ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​តែ​មាន​យន្ត​ការ ​ដើម្បីកែ​លម្អលទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឱ្យ​មាន​ភាពល្អ​ប្រសើរ​ ដើម្បី​ឱ្យ​សហ​គមន៍​អឺរ៉ុប ​ក៏​ដូច​ជា​សហ​រដ្ឋ​អាមេ​រិក​ទទួល​ស្គាល់​ ហើយ​កម្ពុជា​អាច​ទទួល​បាន​ផល​ចំណេញ​ផ្នែក​សេដ្ឋ​កិច្ច​ផ្សេងៗ ​ក៏​ដូច​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់​អឺរ៉ុប ​និង ​GSP​របស់​សហ​រដ្ឋអាមេរិក ​និង​ធ្វើ​ឱ្យ​កម្ពុជា​មាន​មុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ និង​ទំនាក់​ទំនង​ការ​ទូតជាដើម។ ​ប៉ុន្តែ​លោក​ថា ​បើ​សហគមន៍​អន្តរ​ជាតិ ​និង​សហ​រដ្ឋ​អាមេ​រិក ​នៅ​តែ​មើល​ឃើញ​ថា​ បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ នោះ​វា​នៅ​តែ​ធ្វើ​ឱ្យ​កម្ពុជា​អាច​ខាត​បង់​នូវ​ផល​ចំណេញ​នានា។​

លោ​ក​ថ្លែង​ថា៖​ «បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ។ ​អ៊ីចឹង​ចំណុច​នេះ​ហើយ​ក្រៅ​តែ​អំពី​ការ​លើក​ឡើង​និង​ការ​តាំង​ចិត្ត​វា​ត្រូវ​តែ​មាន​ការ​អនុវត្ត​ និង​យន្ត​ការ​យ៉ាង​ម៉េច​ដើម្បី​កែ​លម្អ​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ឱ្យមាន​ភាពល្អ​ប្រសើរ​ និង​ការ​ទទួល​ស្គាល់។ ​អ៊ីចឹង​ខ្ញុំគិ​ត​ថា​ការ​កែ​លម្អ ​និង​ការ​ទទួល​ស្គាល់​វា​ជា​ផល​ចំណេញ​សម្រាប់​កម្ពុជា​យើង»។​

ចំណែក​អ្នក​ស្រី ​ចក់ សុភាព ​នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​យល់​ថា​ ​រដ្ឋា​ភិបាល​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវពង្រឹង​គំរូ​ភាព​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ត្រូវដោះ​ស្រាយ​ជា​ប្រចាំ​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​ ​សិទ្ធិ​ការងារ ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​សហគមន៍ ​និង​សហជីព ​ឬ​ការ​បំពេញ​ភារកិច្ច​របស់​អ្នក​សារ​ព័ត៌​មាន ​ដែល​កំពុង​ប្រឈម​នេះ​ ដោយមិន​ចាំ​បាច់​ទាល់​តែ​មាន​ជំនួប​សំខាន់ៗ​ណា​មួយនោះ​ទេ។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ក្នុង​នាម​ជា​ប្រទេស​អាស៊ាន​ផង​ដែរ​ បាន​ន័យ​ថា ​ជា​ប្រធាន​អាស៊ាន​ក្នុង​ពេល​បច្ចុប្បន្ន​ ចាំ​បាច់​ដែល​កម្ពុជា​ត្រូវ​បង្ហាញ​នូវ​គំរូ​ភាព​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ឈាន​មុខ​ នៅ​ក្នុង​ការ​ធានា​ដល់​គោល​ការណ៍​សិទ្ធិ​មនុស្ស»។​

លោក ​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា​ ការ​លើក​ឡើង​ឱ្យ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​បញ្ហា​នយោ​បាយ​កម្ពុជា​ ដើម្បីស្វាគមន៍​ថ្នាក់​ដឹក​នាំនៃ​បណ្តា​ប្រទេស​អាស៊ាន ​និង​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេរិក ដែល​នឹងមក​ចូល​រួម​ប្រជុំ​អាស៊ាន​ នៅ​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា​ គឺ​ជា​ការ​រំពឹង​ទុក​ខុស​ពី​របៀប​វារៈ​អាស៊ាន ​ពីព្រោះកម្ពុជា​មិន​មាន​របៀប​វារៈ​នៃជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹក​នាំ​បណ្តា​ប្រទេស​ណា​មួយ​អំពី​បញ្ហា​ផ្ទៃ​ក្នុង​របស់កម្ពុជា​ឡើយ។​

លោក​ថ្លែង​ថា៖ ​«ដូច​ជា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេ​រិក​ ឬ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ណា ​ឬ​អ្នក​ណា​មក​និ​យាយ​ [គឺ] ​និយាយ​ស្ថិត​ក្នុង​រង្វង់​នៃ​ការ​ពិភាក្សា​ភាគី​ដៃគូ​ជាមួយ​អាស៊ាន​ មិន​មែន​ជា​ទ្វេ​ភាគី​រវាង​អ្នកដែល​មក​ [ប្រជុំ​អាស៊ាន] ​ហ្នឹងជាមួយ​កម្ពុជា[ទេ]»។​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ លោក​បញ្ជាក់​ថា​ ការ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​នយោ​បាយ​គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​កម្ពុជា ​ដែល​កម្ពុជា​កំពុង​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​តាម​ប្រព័ន្ធតុលាការ​ និង​ការ​អប់រំ​ផ្នត់​គំនិត​ប្រជា​ពលរដ្ឋ។​ លោក​បញ្ជាក់​ថា កម្ពុជា​កំពុង​កសាង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ហើយ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​ប៉ះ​ពាល់​សិទ្ធិ​អ្នក​ដ​ទៃ។​

គួរ​បញ្ជាក់​ថា ​កាល​ពីខែ​សីហា​ ឆ្នាំ​២០២២ ​លោក​ Antony ​Blinken ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេ​រិក ​បាន​មក​បំពេញទស្សន​កិច្ច​នៅ​កម្ពុជា ​ដោយ​លោក​បាន​បង្ហាញ​ក្តី​បារម្ភមួយ​ចំនួន​នៅ​ចំពោះ​មុខ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដូច​ជា​ករណី​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ​លោក​ កឹម សុខា ​ការ​ដោះ​លែង​សកម្មជន​ទាំង​អស់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ដោយ​សារ​បទ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោ​បាយ ​និង​ការ​ដោះ​លែង​សកម្ម​ជន​សញ្ជាតិ​ខ្មែរ​អាមេរិកាំង​មួយ​រូប ​ដែល​ជា​មេធាវីគឺ​កញ្ញា សេង ធារី៕