អង្គការសង្គមស៊ីវិល និងសហគមន៍ព្រៃឈើជាង២០ស្ថាប័នស្នើរដ្ឋាភិបាលលុបអាជ្ញាបណ្ណក្រុមហ៊ុនអង្គរផ្លាយវូត (Angkor Plywood) ក្នុងការនាំឈើកែច្នៃចេញទៅប្រទេសក្រៅ ក្រោមមូលហេតុថា ក្រុមហ៊ុនមួយនេះនាំឈើប្រណិតចេញទៅប្រទេសវៀតណាម ខុសពីអាជ្ញាបណ្ណដែលទទួលបាន។
ការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិល ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអង្គរផ្លាយវូត (Angkor Plywood) ដែលនឹងត្រូវផុតអាជ្ញាបណ្ណនាំចេញឈើកែច្នៃ ក្តារបន្ទះ ក្តារកម្រាលការ៉ូ និងផលិតផលចំណិតឈើស្នូល(Core Veneer) ត្រឹមចុងឆ្នាំ២០២៣នេះ ហើយបានស្នើសុំរដ្ឋាភិបាលឱ្យបន្តអាជ្ញាបណ្ណខ្លួនដល់ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍រួម ចេញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ព្រៃឈើប្រមាណជា២៤ស្ថាប័ន ដែលរួមមានសមាគមបណ្តាញយុវជនកម្ពុជា(CYN) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស និងបណ្តាញសហគមន៍ព្រៃឡង់ (PLCN)ជាដើម បញ្ជាក់ថា ក្រុមហ៊ុនអង្គរផ្លាយវូត ពាក់ព័ន្ធការនាំឈើកម្រដែលកាប់បំផ្លាញពីក្នុងព្រៃការពារ យកទៅលក់នៅប្រទេសវៀតណាម។
ពួកគេសម្តែងការព្រួយបារម្ភអំពីការស្នើសុំពន្យារពេលនាំឈើចេញរយៈពេល៥ឆ្នាំបន្ថែមទៀតរបស់ក្រុមហ៊ុន អង្គរផ្លាយវូត ខូ អិលធីឌី ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ខណៈពួកគេថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សនៅតែមាន។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លើកឡើងថា ការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិល គឺដោយសារតែព្រួយបារម្ភអំពីការបាត់បង់គម្របព្រៃឈើនៅកម្ពុជា ព្រោះតែការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមាន។ លោកអះអាងថា ក្រុមហ៊ុនអង្គរផ្លាយវូត ជាអ្នកទទួលទិញ និងនាំឈើកម្រចេញទៅក្រៅប្រទេស។
លោកប្រាប់វីអូអេថា៖ «បើទោះបីជា មិនមែនជាអ្នកកាប់បំផ្លាញផ្ទាល់ក៏ដោយ ក៏មានប្រភពមួយចំនួនបានប្រាប់យើងអំពីការមានទំនាក់ទំនងជាមួយបណ្តាញអ្នកកាប់ឈើនៅជុំវិញតំបន់ការពារធនធានធម្មជាតិ និងក្រុមហ៊ុនតូចៗដែលជាអ្នកនាំឈើចេញពីតំបន់ការពារ[ធនធាន]ធម្មជាតិ យកទៅលក់ឱ្យក្រុមហ៊ុននេះដើម្បីធ្វើការនាំចេញ»។
លោក ហេង គឹមហុង បន្ថែមដោយជំរុញឱ្យរដ្ឋាភិបាលអាណត្តិទី៧ស៊ើបអង្កេត និងចាត់វិធានការតឹងរ៉ឹង ពាក់ព័ន្ធនឹងការនាំឈើចេញខុសគោលការណ៍ច្បាប់របស់ក្រុមហ៊ុនមួយនេះ ដោយថា ការនាំឈើចេញខុសច្បាប់ គឺប៉ះពាល់យ៉ាងខ្លាំងដល់គម្របព្រៃឈើ និងបានធ្វើឱ្យការបាត់បង់ព្រៃឈើកម្ពុជា។
លោកបន្តថា៖ «ដូច្នេះយើងខ្ញុំជាអង្គការសង្គមស៊ីវិល ស្នើសុំឱ្យរាជរដ្ឋាភិបាលមេត្តាបញ្ឈប់អាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុននេះ និងធ្វើការស៊ើបអង្កេតជាបន្ទាន់ជុំវិញក្រុមហ៊ុននេះ នាំឈើចេញខុសពីគោលការណ៍ ដែលធ្វើឱ្យផ្ទុយអំពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
កាលពីកន្លងទៅ ប្រជាសហគមន៍ព្រៃឈើ ព្រមទាំងអង្គការជាតិ និងអន្តរជាតិ បានរាយការណ៍ថា វត្តមានក្រុមហ៊ុន Angkor Plywood និងក្រុមហ៊ុន Think Biotech Co. Ltd បានធ្វើសកម្មភាពរួមគ្នាក្នុងការទាញយកធនធានព្រៃឈើ ទាំងកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ការពារ ទាំងក្នុងដែនជម្រកសត្វព្រៃ និងតំបន់ព្រៃឡង់ជាដើម។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីក្រុមហ៊ុនអង្គរផ្លាយវូត និងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បាននៅឡើយទេរហូតដល់ល្ងាចថ្ងៃអង្គារនេះ។
លិខិតមួយច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលមានត្រាពណ៌ខៀវរបស់ក្រុមហ៊ុន អង្គរផ្លាយវូត ខូអិលធីឌី ដែលវីអូអេទទួលបាន បង្ហាញថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុននេះបានស្នើសុំបន្តអាជ្ញាបណ្ណដល់ឆ្នាំ២០២៦។ ប៉ុន្តែកាលនោះលោក ហ៊ុន សែន បានសម្រេចពន្យារសុពលភាពឱ្យក្រុមហ៊ុននេះនាំចេញនូវឈើកែច្នៃពីឈើចំនួន១០ម៉ឺនម៉ែត្រគូប (១០៣៧៦៣,១៥ម៉ែត្រគូប) ដែលនៅសេសសល់ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
កាលពីខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុននេះបាននាំឈើ ចេញដូចជាស្រឡៅ កកោះ ផ្ចិក សុក្រម សរុបទាំងអស់ជាង២លានគីឡូក្រាម (២,២៣៥,៨៤០គីឡូក្រាម) ចេញទៅប្រទេសវៀតណាម។ នេះបើតាមលិខិតនាំឈើចេញ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ របស់ក្រុមហ៊ុន អង្គរផ្លាយវូត ខូអិលធីឌី មានត្រារបស់ក្រុមហ៊ុន ភ្ជាប់ជាមួយឈ្មោះ ជា ពៅ ដែលវីអូអេទទួលបាន។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៤ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនផ្លាយវូត ខូអិលធីឌី ប្រកបអាជីវកម្ម។ លុះដល់ឆ្នាំ២០១៦ ក្រុមហ៊ុននេះ បានសុំពន្យារគោលការណ៍នាំចេញនូវផលិតផលចំណិតឈើស្នូល (Core Veneer) និងសុំបន្ថែមមុខទំនិញនាំចេញរួមមានក្តារបន្ទះ ក្តារកម្រាលការ៉ូ និងផលិតផលកែច្នៃផ្សេងៗទៀត ដែលផលិតចេញពីផលិតផលចំណិតឈើស្នូល(Core Veneer)។ លោក ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមហ៊ុននេះនាំផលិតផលឈើទាំងនោះចេញទៅក្រៅប្រទេស៕