សារព្រមានធ្ងន់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់មន្ត្រីទទួលបន្ទុកការពារធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាបកាលពីថ្ងៃពុធ ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួនចាត់ទុកថា ជាការរួមចំណែកបន្ថែមដល់ប្រសិទ្ធភាពទប់ស្កាត់បទល្មើសនេសាទ និងការកាប់បំផ្លាញព្រៃលិចទឹក ដែលកន្លងមកត្រូវបានលោកនាយករដ្ឋមន្ត្រីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងមន្ត្រីខិលខួចមួយចំនួន។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើឡើងនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា លោក ហ៊ុន សែន បានស្នើឱ្យអភិបាលខេត្តទាំងអស់ដែលជាប់បឹងទន្លេសាបសន្យាចំពោះមុខលោក ក្នុងការបង្ក្រាបបទល្មើសទាំងនោះឱ្យបាន។
លោកនាយករដ្ឋមន្ត្រីលើកហេតុផលថា អភិបាលខេត្តនីមួយៗ និងរដ្ឋមន្ត្រីដែលទទួលបន្ទុកការពារធនធានធម្មជាតិ មានអំណាចពេញដៃក្នុងការសម្រេចចិត្ត បើកការបង្រ្កាបបទល្មើសទាំងឡាយដែលបានកើតឡើង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមមានបទល្មើសនេសាទ និងព្រៃឈើជាដើមនោះ។ លោកក៏បានព្រមានខ្លាំងៗថា បើថ្នាក់ដឹកនាំទាំងនោះ អសមត្ថភាពក្នុងការឆ្លើយតប ឬបង្ក្រាបបទល្មើសខាងលើមិនបានទេ គឺមិនបាច់ធ្វើជាអភិបាលខេត្ត ឬរដ្ឋមន្ត្រីបន្តទៀតនោះទេ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង សាទរបទបញ្ជាទប់ស្កាត់បទល្មើសនេសាទរបស់លោកនាយករដ្ឋមន្ត្រី តែលោកចង់ឃើញមន្ត្រីអធិការកិច្ច ចុះត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវប្រភពឫសគល់នៃបញ្ហាដែលបានកើតឡើង។ លោកបន្ថែមថាមន្ត្រីរូបណាដែលរកឃើញបានថាប្រព្រឹត្តអំពើពុករលួយ ឬឃុបឃិតជាមួយឈ្មួញបំផ្លាញធនធានធម្មជាតិក្នុងបឹងទន្លេសាបនោះ ត្រូវតែផ្តន្ទាទោសទៅតាមច្បាប់។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «ទី១ទាក់ទិនការចាប់ខ្លួនជនល្មើសទាំងឡាយណាដែលពាក់ព័ន្ធ។ ហើយទី២ ធ្វើការស៊ើបអង្កេតទៅលើការពិនិត្យឡើងវិញលើការទទួលខុសត្រូវរបស់ថ្នាក់ក្រោមជាតិ ថាតើមូលហេតុអ្វី បានជាថ្នាក់ក្រោមជាតិនៅតែមិនអាចមានសមត្ថភាពពេញលេញ ឬក៍មិនអាចអនុវត្តសមត្ថកិច្ចរបស់ខ្លួនក្នុងការទប់ស្កាត់បទល្មើសឱ្យមាននិរន្តរភាព ឬក៏ប្រសិនបើស៊ើបអង្កេតមានឃើញពាក់ព័ន្ធជាមួយបទល្មើស ឬករណីអំពើពុករលួយ ក៏គួរតែមានការស៊ើបអង្កេត និងឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ទៅលើរឿងទាំងអស់នេះដែរ»។
បើតាមលោក ហេង គឹមហុង ការចេញបទបញ្ជាបង្ក្រាបបទល្មើសនេសាទ និងបទល្មើសផ្សេងទៀត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលថ្មីៗនេះ អាចមានប្រសិទ្ធភាពតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ បើសិនមន្ត្រីខេត្ត ឬមន្ត្រីមូលដ្ឋានមិនអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានធម្មជាតិ ឬច្បាប់នានាដែលមានស្រាប់ឱ្យបានតឹងរ៉ឹង និងជាប់លាប់ជាប្រចាំនោះ។
កាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់អភិបាលខេត្តទាំងអស់ដែលនៅជាប់បឹងទន្លេសាបឱ្យដាក់ផែនការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងជាអ្នក[ដឹកនាំ]ថ្នាក់កាន់[ការងារ]ដល់ប៉ុណ្ណឹង បង្ក្រាបពួក[អ្នកនេសាទខុសច្បាប់]ហ្នឹងមិនបាន យើងមិនបាច់ធ្វើអភិបាលខេត្តទេ និយាយឱ្យត្រង់ៗហ្មង ហើយក៏មិនបាច់ធ្វើជារដ្ឋមន្ត្រីកសិកម្ម មិនបាច់ធ្វើរដ្ឋមន្រ្តីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្ត្រីបរិស្ថានអីទេ បើគ្រាន់ធ្វើប៉ុណ្ណឹង ធ្វើមិនឈ្នះ កុំធ្វើមេទាហាន កុំធ្វើមេប៉ូលិសតទៅទៀត។ ឥឡូវមើល! បន្ទាប់ពីនេះទៅនាំគ្នាធ្វើ នាំគ្នាធ្វើ។ ឥឡូវបណ្តាខេត្តជុំវិញបឹងទន្លេសាបនាំគ្នាធ្វើបានឬមិនបាន សន្យាជាមួយគ្នាចំពោះមុខ។ មកពីអស់លោកអត់ព្រមធ្វើ រឿងវានៅកន្លែងហ្នឹងទេ»។
លោកនាយកមន្ត្រី ហ៊ុន សែន បានបន្តថា របាយការណ៍របស់អាជ្ញាធរខេត្តកន្លងមក បានឱ្យដឹងថាបទល្មើសនេសាទ ឬបទល្មើសនេសាទដែលត្រូវបានរកឃើញ គឺជាបទល្មើសតូចៗដែលរួមមានទូកដាក់មង ឬទូកតូចៗតែប៉ុណ្ណោះ ប៉ុន្តែបែរជាទូកល្បឿនលឿន ដែលនេសាទត្រីម្តងបានមួយតោន ឬពីរតោននោះគឺមិនទាន់បានបង្ក្រាបបាននៅឡើយទេ។ ដូច្នេះ លោកជំរុញអាជ្ញាធរដែលមានសមត្ថកិច្ចទាំងអស់ឱ្យបង្កើនការបង្ក្រាបលុបបំបាត់ និងកម្ចាត់ចោលមេឈ្មួញទុច្ចរិតដែលបំផ្លាញត្រីទាំងអស់ ឱ្យបាត់ពីក្នុងដែនដីខេត្តដែលជាប់បឹងទន្លេសាបនេះ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា មន្ត្រីត្រូវតែធានាការពារផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ និងអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងត្រឹមត្រូវ ហើយត្រូវតែហ៊ានបោះបង់តំណែងរបស់ខ្លួនចោល ប្រសិនអសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋានខ្លួននោះ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថាបើសិនជាខេត្ត ឬមន្ត្រីណាមួយដែលធ្វើការមិនឆ្លើយតបតម្រូវការ [ឬ]មិនអាចដោះស្រាយបញ្ហាបានគួរតែត្រូវលាឈប់ជាគំរូមួយ លាឈប់ពីមុខងារ ឬតួនាទី ការងារហ្នឹងទៅដើម្បីបង្ហាញការទទួលខុសត្រូវ និងបង្ហាញពីគំរូ ឬក៏បង្ហាញពីការអសមត្ថភាពរបស់ខ្លួនផងដែរ ក្នុងការដឹកនាំ និងការងារ»។
ដោយឡែក ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច ត្រូវគេឃើញថ្លែងនៅក្នុងវីដេអូមួយដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់រាជបណ្ឌិត្យសភាកាលពីថ្ងៃ២៣ ខែមីនាកន្លងទៅថា ការនេសាទត្រីខុសច្បាប់ជាហេតុធ្វើឱ្យបាត់បង់ត្រីយ៉ាងធ្ងន់ធ្ងរក្នុងបឹងទន្លេសាប។ លោកអះអាងថា បើមិនមានវិធានការទប់ស្កាត់ទេ ធនធានត្រីក្នុងបឹងធម្មជាតិដ៏ធំមួយនោះនឹងបាត់បង់អស់ក្នុងរយៈពេល២ឆ្នាំទៀត។
បើតាមលោក សុខ ទូច ការបាត់បង់ធនធានត្រីក្នុងបឹងទន្លេសាបនេះ បណ្តាលមកពីភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់ លើទម្រង់នៃការទាញយកផលត្រី ដូចជាការការរាយមង ការរាយស្បៃមង រាប់រយគីឡូម៉ែត្រដែលធ្វើឱ្យត្រីពិបាកបម្លាស់ទី និងការឆក់ត្រីដោយប្រើឧបករណ៍ខុសច្បាប់នានា ជាពិសេសការប្រើឧបរកណ៍ឆក់ទំហំ៦០ម៉ែត្រ ការកាប់បំផ្លាញព្រៃឈើឬព្រៃលិចទឹក ការទន្ទ្រានយកដីព្រៃលិចទឹក និងដោយសារការលោភលន់របស់ជនមួយចំនួន ដែលបានបំផ្លាញធនធានធម្មជាតិជាដើម។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យដកហូតដីព្រៃលិចទឹកបឹងទន្លេសាបក្នុងទំហំក្រាស់ក្រែលផងដែរ បន្ទាប់ពីការសិក្សាស្រាវជ្រាវមួយអំពីបឹងទន្លេសាបរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយលោក សុខ ទូច ជាប្រធានស្ថាប័ននេះ បានរកឃើញករណីទន្ទ្រានកាប់ព្រៃលិចទឹកបឹងទន្លេសាបរាប់ម៉ឺនហិកតា ដែលជាតំបន់ស្នូលត្រូវការពារ និងជាជម្រកសំខាន់សម្រាប់ត្រីនៅកម្ពុជា៕