សាលា​រាជធានី​ព្រមាន​ចាត់វិធានការ​ច្បាប់​ប្រឆាំង​បុគ្គល​លាក់បាំង​ការ​ឆ្លង​ជំងឺ​កូវីដ១៩

រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

សាលា​រាជធានី​ភ្នំពេញ​ព្រមាន​ចាត់​វិធាន​ច្បាប់​ចំពោះ​បុគ្គល​ណា​ធ្វើ​តេស្ត​ឃើញ​ជំងឺ​កូវីដ១៩​តែ​ព្យាយាម​លាក់​លៀម​មិន​ព្រម​រាយការណ៍​ដល់​មន្ត្រី​សុខាភិបាល​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេងទៀត។​នេះ​គឺ​ជា​វិធាន​ការ​ថ្មី​មួយ​បន្ថែម​ទៀត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ជា​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង​ដែល​ការ​ឆ្លង​បន្ត​កើន​ឡើង​ជាង​៦០០​ករណី។​

កាលពី​ថ្ងៃ​ទី​២​ខែ​កុម្ភៈ​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំ​បន្ថែម​អំពី​«ការ​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​ថែ​ទាំ ​និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​នៅ​តាម​ផ្ទះ​ក្នុង​រាជ​ធានី​ភ្នំពេញ»។​

បើ​តាម​សេចក្តី​ណែនាំ​នោះ​អភិបាល​រាជ​ធានី​ភ្នំពេញ​លោក​ ឃួង​ ស្រេង​ បាន​ស្នើ​និង​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ដែល​សង្ស័យ​ថា​មាន​បុគ្គល​ណា​កំពុង​លួច​លាក់​អ្នក​ជំងឺ​កូវីដ១៩​ឲ្យ​សម្រាក​ព្យាបាល​ដោយ​គ្មាន​ការ​វាយ​តម្លៃ​ពី​ស្ថាប័ន​ជំនាញ​ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ឬ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត​ដោយ​មាន​ការ​ធានា​រក្សា​ការ​សម្ងាត់​ជូន។​ធ្វើ​យ៉ាង​ដូច្នេះ​គឺ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នឹង​មាន​ភាព​ស្រួល​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​និង ​បញ្ចៀស​ការ​ចម្លង​ជំងឺ​កូវីដ១៩​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង​បន្ថែម​ចូល​ក្នុង​សហគមន៍។​

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បង្ហាញ​ការ​បារម្ភ​ចំពោះ​វិធានការ​ថ្មី​នេះ​ក្រោម​ហេតុផល​ថា​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩​អាច​ប្រឈម​នឹង​ផល​វិបាក​ទាក់​ទង​នឹង​សន្តិសុខ​ផ្ទាល់​ខ្លួន​នៅ​ពេល​អ្នក​ជំងឺ​ត្រូវ​បាន​គេ​ចោទ​ថា​ មាន​ចេតនា​លាក់​បាំង​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នោះ។​

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី​ចក់ សុភាព​យល់​ថា​ អាជ្ញាធរ​គួរ​បង្កើន​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​ជា​ជាង​ការ​ងាក​ទៅរក​វិធាន​ការ​ផ្លូវ​ច្បាប់។​

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​វិធានការ​ណា​ក៏​ដោយ​គួរ​តែ​ព្យាយាម​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ធ្វើ​ការ​ពន្យល់​អប់រំ​ដល់​ពល​រដ្ឋ​ជាជាង​ការ​ប្រើ​ប្រាស់​វិធាន​ការ​ផ្លូវ​ច្បាប់​ពី​ព្រោះ​ការ​ប្រើ​ប្រាស់​វិធាន​ការ​ផ្លូវ​ច្បាប់​ណា​មួយ​នោះ​វា​មិន​បាន​បង្ក​ឲ្យ​មាន​ភាព​ប្រសើរ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ទេ​[ប៉ុន្តែ]​ធ្វើ​ឲ្យ​មាន​ការ​ខ្លាច​រអា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​មាន​ការ​បារម្ភ»។​

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក ​យង់ គឹមអេង​ថ្លែង​ថា​វិធាន​ការ​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​នេះ​ហាក់ដូច​មិន​សម​ទំនង​ក្នុង​ការ​បង្ការ​ការ​ឆ្លង​រាត​ត្បាត​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង​ទេ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អាជ្ញាធរ​សុខាភិបាល​និង​មន្ត្រី​ជំនាញ​ផ្សេង​ទៀត​គួរគិត​គូរ​ផ្តល់​សេវា​ថែទាំ​ដល់​បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​កូវីដ១៩​នោះ។​

លោក​និយាយ​ថា៖​«ទោះ​បី​ជា​គាត់​ធ្វើ​តេស្ដ​រហ័ស​Rapid Test ​គាត់​រក​ឃើញ​ក៏​ដោយ​មនុស្ស​ជា​ទូទៅ​គឺ​តែងតែ​ទៅ​ធ្វើ​ម៉ាស៊ីន​PCR​បន្ថែម​ទៀត​ហើយ​ ដើម្បី​មើល​ឲ្យ​កាន់​តែ​ច្បាស់​ទៀត​ពីព្រោះ​ម្នាក់ៗ​អ្នក​ណា​មិន​ខ្លាច​រឿង​កូវីដ?​ខ្លាច​ដូច​តែ​គ្នា​ហ្នឹង!​ អ៊ីចឹង​គាត់​ធ្វើ​តេស្ត​មាន​ហើយ​ឲ្យ​គាត់​រាយការណ៍​ម៉េច?អ្នក​ណា​អ្នក​រាយការណ៍?អាហ្នឹង​ជារឿង​មួយ​សំខាន់»។​

លោក​បន្ថែម​ថា៖​«ប៉ុន្តែ​នៅ​ពេល​យើង​ធ្វើ​តេស្ត​ហើយ​នៅ​ម៉ាស៊ីន​PCR​គឺ​គួរ​តែ​មាន​នីតិ​វីធី​នៅទី​នោះ​ថាតើ​សួរ​គាត់​ចង់​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ឬ​នៅ​មន្ទីរពេទ្យ?​បើ​គាត់​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ត្រូវ​ផ្តល់​សេវា​ថែទាំ​គាត់​របៀប​ណា? ...»

ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ រាជធានី​ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

បើ​តាម​សេចក្តី​ណែនាំ​បន្ថែម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បុគ្គល​ណា​ដែល​ត្រូវ​រក​ឃើញ​ថា​មាន​កូវីដ១៩ ​ដោយ​ប្រើ​តេស្ត​រហ័ស​ត្រូវ​ដាក់​ខ្លួន​ឲ្យ​ដាច់​ពី​សមាជិក​គ្រួសារ​និង​ត្រូវ​រាយ​ការណ៍​ទៅ​មន្ត្រី​សុខាភិបាល​ឬ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ស្ថានភាព​អ្នក​ជំងឺ​និង​ពិនិត្យ​មើល​លក្ខខណ្ឌ​ទីតាំង​ថាអាច​ព្យាបាល​នៅ​ផ្ទះ​ឬ​នៅ​មន្ទីរពេទ្យ​រដ្ឋ។​

សេចក្តី​ណែនាំ​ដដែល​បន្ថែម​ថា​ ​ក្រោយ​រយៈ​ពេល​៣​ថ្ងៃ​ក្នុង​ករណី​លទ្ធផល​តេស្ត​មាន​កូវីដ១៩​ប្រភេទ​អូមីក្រុង​ដោយ​ម៉ាស៊ីន​PCR​ ​នោះ​អ្នក​ពាក់​ព័ន្ធ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​និង​ត្រូវ​ធ្វើ​តេស្ត​ PCR​តាម​ទីតាំង​ដែល​ក្រសួង​កំណត់​និង​មិន​ត្រូវ​ចេញ​ពី​ផ្ទះ​ក្នុង​ករណី​មិន​ចាំ​បាច់។​

អភិបាល​រាជ​ធានី​ភ្នំពេញ​លោក ​ឃួង ស្រេង​បាន​លើក​ឡើង​ក្នុង​សេចក្តី​ណែ​នាំ​នោះ​ថា៖​«ក្នុង​ករណី​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ឬ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ទទួល​បាន​ព័ត៌មាន​ ឬ​រក​ឃើញ​ថា​មាន​បុគ្គល​ណា​ដែល​បាន​ប្រើ​ប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ១៩​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូវីដ១៩​ហើយ​គេចវេះ​និង​មិន​ព្រម​រាយ​ការណ៍​ជូន​មន្រ្តី​សុខាភិបាល​ក្រុម​គ្រូ​ពេទ្យ ​ឬ​អាជ្ញាធរ​មូលដ្ឋាន​ បុគ្គល​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​អនុវត្ត​នូវ​ពិន័យ​ជា​ប្រាក់​ស្រប​តាម​ប្រកាស​អន្តរក្រសួង»។​

លោក​បាន​បន្ថែម​ថា​ជន​បង្ក​អាច​ប្រឈម​មុខ​នឹង​ទោស​ដាក់​ពន្ធនាគារ​ស្រប​តាម​មាត្រា១០ ​និង​មាត្រា​១១​នៃ​ច្បាប់​ស្តីពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​និង​ជំងឺ​ឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត។​

អភិបាល​រង​រាជ​ធានី​ភ្នំពេញ​លោក​កើត​ ឆែ​ បាន​ប្រាប់​វីអូអេ​បន្ថែម​នៅ​ថ្ងៃសុក្រ​ថា​នៅ​ពេល​បុគ្គល​ណា​ម្នាក់​ធ្វើ​តេស្ត​រហ័សឬ​ Rapid Test ​ ឃើញ​មាន​កូវីដ១៩​បុគ្គល​នោះ​ចាំ​បាច់​ត្រូវ​តែ​ព្យាបាល​នៅ​ផ្ទះ​និង​មិន​អាច​ចេញ​ទៅ​ណា​បាន​ទេ​ហើយ​ត្រូវ​ទាក់​ទង​ទៅ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ភ្លាម។​

លោក​ថ្លែង​ថា៖​«រឿង​កូវីដ​នេះ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​យើង​អប់រំ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ហើយ។​ យើង​មិន​ដែល​អនុវត្ត​វិធាន​ការតឹង​តែង​អី​ផង​...​២​ឆ្នាំ​ហើយ។​តាំង​ពី​២០​កុម្ភៈ​ មក​ហ្នឹង​យើង​មាន​ដែល​ធ្វើ​អី?ត្រូវ​ឬអត់?​យើង​នៅ​តែ​បន្ត​អប់រំ​រហូត!​ដល់​ឥឡូវ​ក៏​នៅ​តែ​បន្ត​អប់រំ​សេចក្តី​ណែនាំ​បំពេញ​បន្ថែម​ហ្នឹង​...។​ ប៉ុន្តែ​អ្នក​ដែល​មាន​ចេតនា​គេច​វេះ​ អ្នក​ដែល​មាន​ចេតនា​ទៅ​ចម្លង​ឲ្យ​គេយើង​អត់​ត្រូវ​លើក​លែង​ទេ»។​

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ​ អាជ្ញាធរ​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​រដ្ឋបាល​និង​សុខាភិបាល​ជា​បន្ទាន់​ដោយ​មាន​ការ​ចេញ​សេចក្តី​ណែនាំ​និង​បញ្ញត្តិ​ច្បាប់​មួយ​ចំនួន​ក្នុង​នោះ​គឺ​ច្បាប់​ស្តីពី​«វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​និង​ជំងឺ​ឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត»​ដែល​មាន​គោល​បំណង​ការពារ​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​ សុខ​ភាព​សាធារណៈ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ព្រម​ទាំង​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ផល​ប៉ះពាល់​ចំពោះ​វិស័យ​សង្គម​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ដោយសារ​ជំងឺ​នេះ។​

មាត្រា​៩​នៃ​ច្បាប់​ខាង​លើ​បាន​ចែង​ថា​ក្នុង​ករណី​មាន​ការ​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូវីដ១៩​ដល់​អ្នក​ដទៃ​តាម​គ្រប់​មធ្យោបាយ​ ជន​បង្ក​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ​ ហើយ​ប្រសិន​បើ​អំពើ​នេះ​ធ្វើ​ឡើង​ដោយ​ការ​រៀបចំ​ជា​ក្រុម​ឬ​អង្គ​ការ​ចាត់​តាំង​ ក្រុម​ជន​បង្ក​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំ​ដល់​២០​ឆ្នាំ។​

ដោយ​ឡែក​មាត្រា​១០​នៃ​ច្បាប់​នេះ​បាន​ចែង​អំពី​ចេតនា​មិន​គោរព​វិធាន​ការ​រដ្ឋបាល​ហើយ​ទង្វើ​នេះ​នឹង​ត្រូវ​ប្រឈម​ការ​ពិន័យ​ជាប្រាក់​ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល​ ហើយ​កាល​បើ​អំពើ​បំពាន​នោះ​បង្ក​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​ ​ជនបង្ក​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល។​

គួរ​បញ្ជាក់​ថា​ ករណី​ឆ្លង​កូវីដ១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុងសម្រាប់​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០២២​មាន​ចំនួន​៦៦​នាក់​ដោយ​លទ្ធផល​បញ្ជាក់​ពី​ម៉ាស៊ីន​PCR​ហើយ​ក្នុង​នោះ​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៦៤​នាក់​និង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​មាន​ចំនួន​២​នាក់។​ការ​រក​ឃើញ​ករណី​ឆ្លង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​បន្ថែម​នោះ​បាន​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​មេរោគ​ប្រភេទ​នេះ​កើន​សរុប​ចំនួន​៦០៦​ករណី​ក្នុង​សហគមន៍។​នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល៕