លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទបានបញ្ជាឲ្យពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទីបី បន្ទាប់ពីរកឃើញកំណើនករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង នៅក្នុងសហគមន៍។
នៅក្នុងសារសំឡេងបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក លោកនាយករដ្ឋមន្ត្រីបានជំរុញឲ្យអាជ្ញាធរពង្រឹងយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញក្នុងសម្តីដើមថា៖
«បន្ថែមលើនោះអ្វីដែលសំខាន់ជាងនេះទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រឹងនិងយកចិត្តទុកដាក់ទៅលើការប្រមូលមនុស្សមកចាក់ឲ្យបានគ្រប់ៗគ្នានូវដូសជំរុញ ដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹងមេរោគបំប្លែងថ្មីនេះ»។
លោក ហ៊ុន សែន បានបញ្ជាក់ថា ការផ្តល់ដូសទីបី គឺត្រូវធ្វើឡើងចំពោះតែបុគ្គលណាដែលបានចាក់វ៉ាក់សាំងដូសទីពីរ លើសពីបួនខែតែប៉ុណ្ណោះ។
បន្ថែមពីនេះ លោក ហ៊ុន សែន បន្តថា ចំពោះពលរដ្ឋដែលត្រូវចាក់ដូសទីបួនសម្រាប់វ៉ាក់សាំងក្រុមហ៊ុន Pfizer គឺត្រូវមកចាក់នៅរាជធានីភ្នំពេញ ដោយសារតែមិនទាន់មានគ្រឿងសម្ភារៈបច្ចេកទេសត្រឹមត្រូវ ដើម្បីបញ្ជូនវ៉ាក់សាំងនេះ ស្របតាមបទដ្ឋានសុខាភិបាលទៅតាមបណ្តាខេត្តក្រុងដទៃទៀតនៅឡើយ។
មកទល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងដូសជំរុញទី ៣ បានជាង ៤ លាន ២ ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋ ១៦ លាននាក់។ នេះបើយោងតាមទិន្នន័យពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
សារាចរស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុខាភិបាលប្រឆាំងនឹងជំងឺកូវីដ១៩ បានលើកឡើងថា ខណៈពេលបើកដំណើរការឡើងវិញលើគ្រប់វិស័យនិងស្ថានភាពជំងឺកូវីដ១៩ មានសភាពធូរស្រាលនិងអាចគ្រប់គ្រងវិញបាននោះ រដ្ឋាភិបាលពិនិត្យឃើញថា ពលរដ្ឋមួយចំនួនមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានបានពេញលេញនៅឡើយ ហើយចំនួនពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញនៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន។
សារាចរដែលចេញនៅថ្ងៃទី ១១ ខែមករា និងចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបន្ថែមថា ពលរដ្ឋមួយចំនួនហាក់បាននិងកំពុងមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដែលអាចជាកត្តាបង្កការផ្ទុះឆ្លងរាលដាលមេរោគកូវីដ១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត។
យោងតាមសារាចរដដែល រដ្ឋាភិបាលបានស្នើឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជំរុញនិងបង្កើនល្បឿន ក៏ដូចជាពង្រឹងការអប់រំផ្សព្វផ្សាយពីការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញទូទាំងប្រទេសផងដែរ។
រហូតមកដល់ថ្ងៃអង្គារនេះ រដ្ឋាភិបាលមិនទាន់មានវិធានការបិទខ្ទប់ ឬក៏បិទបណ្តោះអាសន្ននូវអាជីវកម្មដែលមានហានិភ័យខ្ពស់នៅឡើយទេ។
នៅក្នុងសារបង្ហោះលើគណនី Twitter កាលពីថ្ងៃចន្ទ រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ឌឌីន បានសរសេរជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖
«វីរុសកូវីដ១៩ ប្រភេទអូមីក្រុង កំពុងមានរាលដាលយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើងនាពេលនេះ។ គ្រប់គ្នាត្រូវគោរពតាមវិធានការ បីកុំ បីការពារ គួបផ្សំនឹងការចាក់វ៉ាក់សាំងដើម្បីកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍ ភាពធ្ងន់ធ្ងរ និងការស្លាប់តាមតែអាចធ្វើទៅបាន។ យើងអាចធ្វើរឿងនេះរួមគ្នាដើម្បីបញ្ចៀសពីគ្រោះមហន្តរាយផ្នែកសុខាភិបាលនិងសេដ្ឋកិច្ច»។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាអ្នកស្រី Li Ailan ក៏បានបង្ហោះសារនៅលើគណនី Twitter របស់អ្នកស្រីកាលពីថ្ងៃទី ៩ ខែមករា ពាក់ព័ន្ធនឹងវីរុសកូវីដ១៩ ប្រភេទអូមីក្រុងជាភាសាអង់គ្លេសថា៖
«យើងមិនអាចគេចផុតពីវីរុសកូវីដ១៩ ប្រភេទអូមីក្រុងបានទាំងស្រុងនោះទេ។ វីរុសប្រភេទនេះអាចឆ្លងបានយ៉ាងឆាប់រហ័ស។ រួមគ្នា យើងអាចពន្យឺតការឆ្លងនៅក្នុងសហគមន៍និងរក្សាស្ថានភាពជំងឺកូវីដ១៩ ក្នុងកម្រិតអាចគ្រប់គ្រងបានពិតប្រាកដមួយ ដើម្បីយើងអាចបញ្ចៀសពីការដាក់បន្ទុកច្រើនជ្រុលមកលើប្រព័ន្ធសុខាភិបាល ហើយយើងអាចបញ្ចៀសពីការបិទខ្ទប់»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ូច វុទ្ធី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកគាំទ្រការពង្រឹងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ និងស្នើឲ្យពលរដ្ឋពិនិត្យមើលអង់ទីករ (អង្គបដិប្រាណ)ការពារជំងឺកូវីដ១៩ ដំណាលគ្នានេះដែរ។
លោកថ្លែងថា៖ «មួយទៀតជំរុញឲ្យចាក់វ៉ាក់សាំងដូសទីបី ដូសទីបួន។ តាមគំនិតខ្ញុំគួរណាបងប្អូនដែលមិនទាន់បានចាក់ហ្នឹងគួរណាទៅចាក់ទៅ ព្រោះអីបើសិនជាសុខភាពបងប្អូនមាំទាំទេ ល្អទេ យើងទៅចាក់ទៅវាអត់មានបញ្ហាអីទេបាទ។ មួយទៀតបងប្អូនគួរណាតែមានលទ្ធភាពទៅមើលឈាម....បូមឈាមមើលដើម្បីយើងរកមើលអង់ទីករ (អង្គបដិប្រាណ) កូវីដ១៩ តើបងប្អូនមានប៉ុន្មានភាគរយនៅក្នុងឈាម»។
លោកបន្ថែមថា វាអាចមានករណីពលរដ្ឋខ្លះជ្រើសមិនទៅចាក់វ៉ាក់សាំងដូសទីបី ដែលជាដូសជំរុញ បន្ទាប់ពីចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច អាស្រ័យដោយយល់ថា ពួកគេមានសុខភាពនិងមានអង់ទីករពីធម្មជាតិល្អស្រាប់ទៅហើយ។
គិតត្រឹមថ្ងៃទី ១១ ខែមករានេះ កម្ពុជាចាក់វ៉ាក់សាំងជំងឺកូវីដ១៩ បានជិត ៩០% នៃចំនួនប្រជាជនសរុបជាង ១៦ លាននាក់។ ចំនួនពលរដ្ឋអាយុលើសនិងក្រោម ១៨ ឆ្នាំដែលបានចាក់វ៉ាក់សាំងយ៉ាងតិចពីរដូស មានសរុបជិត ១៣,៧ លាននាក់។ នេះបើយោងតាមទិន្នន័យពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី ១០ ខែមករា កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុងចំនួន ១០ ករណីក្នុងសហគមន៍ ធ្វើឲ្យករណីវីរុសប្រភេទនេះឆ្លងក្នុងសហគមន៍សរុបកើនដល់ ១៤ ករណី។ ចំណែកករណីឆ្លងវីរុសអូមីក្រុង ២៤ ករណីទៀត ជាករណីនាំចូលពីក្រៅប្រទេស៕