គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បង្កើត​កម្មវិធី​ទទួល​បណ្តឹង​តាម​ទូរស័ព្ទ​ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស

រូបឯកសារ៖ ពលរដ្ឋ​ជួបជុំ​គ្នា​នៅ​ទីលាន​សេរីភាព ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស រាជធានីភ្នំពេញ កម្ពុជា ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦។

គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្រេច​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធី​ទូរស័ព្ទ ឬ​ អេប ​ដើម្បី​ទទួល​ និង​សម្រួល​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ប្រទេស។​

កម្មវិធី​ទូរស័ព្ទ ​ឬ​អេប​នេះ មាន​ឈ្មោះ​ថា ​«CHCR App»។ ​កម្មវិធី​អេប​ទទួល​បណ្តឹង​តាម​ទូរស័ព្ទ​នេះ​ត្រូវ​បាន​សម្រេច​ដាក់​ឱ្យ​ដំណើរ​ការជា​ផ្លូវការ​នា​ថ្ងៃទី​២៩​ ខែ​មិថុនា ​នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​តំណាង​ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​(UNHCHR)​ និង​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​ដើម្បី​ត្រៀម​រៀបចំ​អបអរ​សាទរ​សិទ្ធិ​មនុស្ស​ខួប​លើក​ទី​៧៥​ឆ្នាំ។ ​នេះ​បើ​តាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។​

លោក​ កែវ រ៉េមី​ ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​បាន​បង្កើត​អេប​នេះ​ឡើង​ក្នុង​គោល​បំណង​ជួយ​សម្រួល​ដល់​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​តាម​រយៈ​ទូរស័ព្ទ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស។​

លោក​ថ្លែង​ថា៖ ​«គណៈ​កម្មាធិការ​សិទិ្ធ​មនុស្ស​បាន​រៀបចំ​រក​បង​ប្អូន​យើង។ ​និយាយ​មែន​ទៅ​ជា​ការ​ជំរុញ​ក្នុង​វិស័យ​ឌីជីថល​ដើម្បី​សម្រួល ​ហើយ​យើង​រៀបចំ​ថ្មីៗ​ហ្នឹង​ដែរ​ទេ។​ ហើយ​បង្កើត​អេប​ហ្នឹង​យើង​រង់​ចាំ។​ ប្រសិន​បើ​ឥឡូវ​នៅ​ក្នុង​អេប​មិន​ទាន់​មាន​យើង​មិន​ទាន់​បាន​ទទួល​ [បណ្តឹង]​ ប៉ុន្តែ​ជា​គម្រោង​របស់​យើង​ កាល​ណា​គាត់​ដាក់​ប្តឹង​មក​គឺ​យើង​ឆ្លើយ​តប​ទៅ​គាត់​ភ្លាម។ ​ យើង​ទូរស័ព្ទ​ទៅ​គាត់​ថា ​យើង​បាន​ទទួល​ហើយ»។​

លោក​បន្ត​ថា​ ក្រោយ​ទទួល​បាន​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​ដែល​ទទួល​ពាក្យ​បណ្តឹង​នឹង​សិក្សា​លើ​សំណុំ​រឿង ​រួច​បញ្ជូន​បន្ត​ទៅ​អគ្គ​នាយក​ស៊ើប​អង្កេត​ដើម្បី​អនុវត្ត​តាម​នីតិវីធី។​

លោក​ថ្លែង​ថា៖​ «ហើយ​មាន​នីតិ​វិធី​បន្ត​មក​គឺ​សម្រាប់​ទៅ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល ​និង​ទទួល​ពាក្យ​បណ្តឹង​ហ្នឹង។​ គេ​ពិនិត្យ​មើល​ថា​តើ​បណ្តឹង​ហ្នឹង​មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទេ?​ បណ្តឹង​វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ណា?​ អ៊ីចឹង​យើង​អាច​ពិនិត្យ​មើល​ ហើយ​ផ្តល់​យោបល់​មក​ខ្ញុំ​ពិនិត្យ​មើល។​ បើ​គិត​ថា​ ស័ក្តិ​សម​ត្រឹម​ត្រូវ​ទៅ​តាម​នីតិវិធី​ ទៅ​តាម​ការងារ​របស់​យើង​ យើង​បញ្ជូន​ទៅ​អគ្គ​នាយក​ដ្ឋាន​មួយ​ទៀត ​គឺ​អគ្គ​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ដើម្បី​យើង​រៀបចំ​ក្រុម​ការងារ​ចុះ​ទៅ​ស៊ើប​អង្កេត​ផ្ទាល់​តែ​ម្តង»។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​លើក​ឡើង​ថា​ ការ​ដែល​មាន​អេប​ទទួល​បណ្តឹង​តាម​កម្មវីធី​ទទួល​ជា​រឿង​ល្អ ​និង​សម្រួល​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ ក៏​ប៉ុន្តែ​លោក​ថា​ ប្រសិទ្ធ​ភាព​នៃ​ការ​គោរព​ យុត្តិធម៌​ និង​ការ​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ក៏​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​យក​មក​ដោះ​ស្រាយ​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «ហើយ​រឿង​សំខាន់​ទៅ​ទៀត​នោះ​គឺ​ការ​កែ​លម្អ​ ធ្វើ​ម៉េច​ឱ្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យើង​ហ្នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។​ អា​ហ្នឹង​វា​ជា​រឿង​សំខាន់​ដែល​ជា​អាទិភាព​ត្រូវ​ធ្វើ ​ ពីព្រោះ​ប្រសិន​បើ​នៅ​កម្ពុជា​យើង​ បញ្ហា​សិទ្ធិ​មនុស្ស​ស្ថិត​នៅ​ក្នុង​បញ្ហា​ចម្រូង​ចម្រាស​ពី​សហគមន៍​អន្តរ​ជាតិ​ ហើយ​គេ​យល់​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​ធ្លាក់​ចុះ។ ​ ហ្នឹង​ជា​បញ្ហា​មួយ​ដែល​មិន​សូវ​ល្អ​សម្រាប់​កម្ពុជា»។​

អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ត​ថា​ កម្ពុជា​គួរ​តែ​យក​ចិត្ត​ទុក​ឱ្យ​កាន់​តែ​ខ្លាំង​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​ហើយ​ធ្វើ​យ៉ាង​ណា​គោរព​ទៅ​តាម​ច្បាប់ ​និង​កតិការ​សញ្ញា​នានា​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា។ ​លោក​ថា ​ជា​រៀង​រាល់​ពេល​ដែល​មាន​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជា​ជាតិ ​និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស កម្ពុជា​ តែង​តែ​ទទួល​បាន​អនុសាសន៍​ និង​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ភាគី​កម្ពុជា​នៅ​តែ​មិន​ទាន់​សម្រេច​ទៅ​តាម​អនុសាសន៍​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖​ «អាហ្នឹង​យើង​ក៏​អត់​ទាន់​មាន​ការ​កែ​លម្អ​គ្រប់​ជ្រុង​ជ្រោយ ​ហើយ​មួយ​ទៀត​យើង​ឃើញ​ថា​ មាន​របាយ​ការណ៍​ជា​ច្រើន​ដែល​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ តែ​តំណាង​កម្ពុជា​តែង​តែ​បដិសេដ​ចោល​ថា​ ជា​ចរិត​នយោបាយ​ជា​ដើម។​ អ៊ីចឹង​ខ្ញុំ​យល់​ថា ​កម្ពុជា​យើង​គួរ​តែ​ពិនិត្យ​ទៅ​លើ​ភាព​ខ្វះ​ចន្លោះ​ ហើយ​យើង​កែ​លម្អ​ទាក់​ទង​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ឱ្យ​ស្រប​ទៅ​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​ដែល​កម្ពុជា​យើង​ទទួល​ស្គាល់​ និង​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​ នោះ​ជា​រឿង​ល្អ​ប្រសើរ»។​

កម្ពុជា​តែង​រង​នូវ​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch​ ចេញ​កាលពី​ដើម​ឆ្នាំ​២០២៣​ នេះ​បង្ហាញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ក្រាប​ «យ៉ាងចាស់​ដៃ»​ ទៅលើ​គណបក្ស​ប្រឆាំង​ ​សកម្មជន​ដីធ្លី ​មេ​ដឹកនាំ​សហជីព​ សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​សំខាន់ៗ​ និង​បាន​ប្រើ​តុលាការ​កម្ពុជា​ជា​ឧបករណ៍​ដើម្បី​យក​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​លោក​ ហ៊ុន សែន​ ទៅ​កាត់ទោស​ និង​ដាក់​ពន្ធនាគារ ​«ជា​ចង្កោម»។​

ប៉ុន្តែ​របាយ​ការណ៍​នេះ​ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់រដ្ឋាភិបាល​ច្រាន​ចោល ​និង​ថាជា​របាយ​ការណ៍​ដែល​ធ្វើ​ឡើង​ដោយ​មាន​«លក្ខណៈ​នយោបាយ»​ និង​«សងសឹក»​រាជ​រដ្ឋាភិបាល៕