និស្សិតចិននិយាយថាទិដ្ឋាការរបស់ពួកគេបានត្រូវពន្យារ

នាង Ailu Xu និស្សិតបញ្ចប់បរិញ្ញាបត្រពីប្រទេសចិនម្នាក់បិតក្រដាសបង្ហាញផ្លូវសិស្សជនជាតិចិនទៅកន្លែងណែនាំ នៅសាកលវិទ្យាល័យតិចសាសក្នុងទីក្រុង Dallas កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

និស្សិតចិនដែលបានទៅផ្ទះរបស់ខ្លួនដើម្បីឈប់សម្រាកក្នុងរដូវត្រជាក់ និយាយថា ទិដ្ឋាការរបស់ពួកគេដើម្បីវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិក បានត្រូវពន្យារពេល។

ក្រុមនិស្សិតត្រូវបានទីភ្នាក់ងារព័ត៌មានចិនដកស្រង់សម្តីមកចុះផ្សាយថា វគ្គសិក្សារបស់ពួកគេនឹងមានការយឺតយ៉ាវ ហើយអាក្រក់ជាងគេបំផុត ហើយ​ថាការសិក្សាដើម្បីឲ្យបានទទួលសញ្ញាបត្ររបស់ពួកគេនឹងមិនបានទទួលជោគជ័យ ប្រសិនបើ ពួកគេមិនអាចវិលត្រឡប់ទៅកាន់សាលាវិញ ដើម្បីបញ្ចប់ការសិក្សារបស់ខ្លួននោះ។

កាសែតប្រចាំថ្ងៃឈ្មោះ Caixin ជាភាសាអង់គ្លេស បានរាយការណ៍ថា និស្សិតចិនយ៉ាងហោចណាស់មួយរយនាក់ ដែលភាគច្រើននៃអ្នកទាំងនោះសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា បានរៀបចំបង្កើត Website មួយដែលមានឈ្មោះថា WeChat ដើម្បីពិភាក្សាពីស្ថានភាពរបស់ពួកគេ។

កាលពីខែមិថុនាឆ្នាំទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកាត់បន្ថយរយៈពេលទិដ្ឋាការរបស់និស្សិតចិន ក្រោយថ្នាក់ឧត្តមសិក្សាដែលសិក្សាមុខវិជ្ជាអាកាសចរណ៍ រូបយន្ តនិងផលិតកម្មជឿនលឿន ពីរយៈពេល ៥ ឆ្នាំមកត្រឹមមួយឆ្នាំ។ មន្រ្តីសហរដ្ឋអាមេរិក បាននិយាយថា គោលដៅគឺទប់ស្កាត់ភាពគ្រោះថ្នាក់នៃការធ្វើចារកម្ម និងការលួចកម្មសិទ្ធបញ្ញា នៅក្នុងវិស័យសំខាន់ៗ ដែលទាក់ទិននឹងសន្តិសុខជាតិ។

មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាទីភ្នាក់ងារពង្រឹងច្បាប់សហរដ្ឋអាមេរិកក៏ត្រូវគេរំពឹងនឹងផ្តល់ការបណ្តុះបណ្តាលមន្រ្តីខាងការសិក្សាស្រាវជ្រាវអំពីថាតើត្រូវតាមដានចារកម្ម និងការលួចចូលក្នុងប្រពន្ធកំព្យូទ័រយ៉ាងដូចម្តេច៕