បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​ចិន ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ជ្រៀត​ជ្រែក​កិច្ចការ​របស់​ផ្ទៃ​ក្នុង​របស់​ក្រុងហុងកុង

ប៉ូលិស​កុបកម្ម​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​នៅ​ក្នុង​ពេល​ប្រមូលផ្តុំ​មួយ​នៅ​ក្នុង​ក្រុងហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០១៩។

កាសែត​រដ្ឋ​ចិន កាល​ពី​ថ្ងៃ​ចន្ទ ​បាន​រាយការណ៍​ថា ​សហរដ្ឋ​អាមេរិក ​នឹង​លូក​ដៃ​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ទីក្រុង​ហុងកុង ​ប្រសិនបើ សភា​សហរដ្ឋ​អាមេរិក អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​គាំទ្រ​ដោយ​គណបក្ស​ទាំង២​ នៅ​ក្នុង​ការ​គាំទ្រ​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​របស់​ក្រុង​ហុងកុង។

ពួក​អ្នក​វិភាគ ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង បន្ត​បង្កើន​ការខំ​ប្រឹងប្រែង​ដើម្បី​បន្ថយ​មតិ​សាកល​លោកស្តីពី​វិបត្តិ​នយោបាយ​ក្នុង​ក្រុង​ហុងកុង បន្ទាប់ពី​ការរង់​ចាំ​ប្រកប​ដោយ​ការ​អត់​ធ្មត់​ដ៏ខ្លាំងរបស់​ខ្លួន ​ហាក់​ដូចជាមិនមាន​ប្រសិទ្ធិ​ភាព។

ការ​តវ៉ា​ប្រឆាំងរដ្ឋាភិបាល​នៅទីក្រុង ​មាន​រយៈ​ពេល​ជិត​៣ខែ​ហើយ​បាន​បង្ហាញ​ពី​សញ្ញា​តិចតួច​នៃ​ការចុះ​ថយ ​ជាពិសេស​បន្ទាប់​ពីច្រកចេញ​ចូល​របស់​ស្ថានីយ​រទេះ​ភ្លើង​ក្រោម​ដី Central Metro ​បាន​ត្រូវគេ​ដុត​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ​នៅពេល​ដែល​មានការ​តានតឹង​យ៉ាង​ខ្លាំង​រវាង​ពួក​សកម្ម​ជន​ប្រជាធិបតេយ្យ​ និង​ប៉ូលិស។

ក្នុង​បទវិចារណកថា​មួយ​ដែល​មាន​ចំណង​ជើ​ងថា «រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិន​មាន​សិទ្ធិ​កំណត់​ស្វ័យភាព​របស់​ទីក្រុងហុងកុង» កាសែត The Global Times បាន​ឲ្យ​ហេតុផល​ថា «ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ ​នឹង​ចាត់​ទុក​ជា​ការ​ធ្វើ​អន្តរាគមន៍​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ការផ្ទៃ​ក្នុង​របស់​ក្រុង​ហុងកុង ហើយ​វា​ក៏​មិន​មែន​ជា​កម្លាំង​ជះឥទ្ធិ​ពល​លើ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​កិច្ចការ​របស់​ក្រុងហុងកុង​នោះ​ទេ»។

សារព័ត៌មាន​របស់​រដ្ឋាភិបាល​នោះ ​បាន​និយាយ​បន្ត​ទៀត​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន មាន​គោលបំណងដាក់​ការគៀប​សង្កត់​លើ​រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​ដើម្បីផល​ប្រយោជន៍​ខ្លួនឯង។ កាសែត​នោះ ​បាន​ទទូច​ថា ​ចិន​នឹង​មិន​ចុះចាញ់​តាម​ការ​គៀប​សង្កត់​នោះ​ទេ ​ក៏ប៉ុន្តែ ​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​ការ​អនុវត្ត​របស់​ខ្លួន​នូវ​រូបមន្ត​ប្រទេស​ចិន​តែ​មួយ ប្រព័ន្ធ​២​ក្នុង​ក្រុង​ហុងកុង។

កាសែត​នោះ បាន​សន្និដ្ឋាន​ថា «អនាគត​របស់​ទីក្រុងហុងកុង ​នឹង​ពឹង​ផ្អែកលើ​ភាព​ខ្លាំង​របស់​ចិន ​ហើយ​មិន​មែន​ពឹង​ផ្អែក​លើ​ឥរិយាបទ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ទីក្រុង​ហុងកុង​ទេ»៕