ប្រធានាធិបតីស៊ី ជីងពីងនៃប្រទេសចិនបានត្រូវគេប្រគល់តួនាទីថ្មីជានាយអគ្គមេបញ្ជាការនៃមជ្ឈមណ្ឌលប្រតិបត្តិការរួម។ មុខងារថ្មីនេះ បានធ្វើឲ្យមានតួនាទីកាន់តែខ្លាំងឡើងនៅក្នុងការបញ្ជាកងទ័ពចិន នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួដែលចាត់ចែងដោយរដ្ឋចិន។
ប្រធានាធិបតី ស៊ី ជីងពីង បានត្រូវគេមើលឃើញជាសាធារណៈលើកដំបូងនៅក្នុងសេចក្តីរាយការណ៍ព័ត៌មានកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះដោយមានស្លៀកសម្លៀកបំពាក់សម្រាប់ធ្វើសង្គ្រាមដែលជាសញ្ញាយោធាថ្នាក់មជ្ឈឹមរបស់ចិន។
ចាប់តាំងពីលោក បានក្លាយជាប្រធានាធិបតី លោក ស៊ី ជីងពីង ជាប្រធានគណៈកម្មការយោធាមជ្ឈឹមរួចហើយដែលបានផ្តល់អំណាចដល់លោកត្រួតត្រាកងទ័ពរំដោះប្រជាជនចិនពី២ទៅ៣លាននាក់ ដែលជាកងទ័ពដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក។ លោកក៏ជាអគ្គលេខាធិការរបស់គណបក្សកុម្មុយនិស្តចិនដែរហើយជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិដែលទើបបង្កើតកាលពីពេលថ្មីៗនេះដែរ។
ប្រធានាធិបតី ស៊ី ជីងពីង បានបង្កើតគោលនយោបាយការបរទេសចិនកាន់តែខ្លាំងឡើងចាប់តាំងពីលោកចូលកាន់តំណែងនៅឆ្នា២០១២។ លោកបានមើលការខុសត្រូវការស្ថាបនាកោះសិប្បនិមិ្មតដ៏ឆាប់រហ័សនៅក្នុងសមុទ្រចិនខាងត្បូងហើយនិងការដាក់ពង្រាយនាវានៅក្នុងផ្ទៃទឹកដែលត្រួតត្រាដោយជប៉ុនដែលមនុស្សជាច្រើនមើលឃើញថាជាសញ្ញាដ៏គគ្លើន។
បណ្តាញផ្សាយព័ត៌មានរដ្ឋចិន បានរាយការណ៍ថា លោក ស៊ី ជីងពីង បានទៅពិនិត្យមជ្ឈមណ្ឌលបញ្ជាការកាលពីថ្ងៃពុធដែលនៅទីនោះលោក បានអំពាវនាវដល់ពួកបុគ្គលិកឲ្យក្តាប់ឲ្យទាន់ពីនិន្នាការនៃការផ្លាស់ប្តូរយោធាសាកលលោកហើយនិងខិតខំស្ថាបនាប្រព័ន្ធបញ្ជាការប្រយុទ្ធរួមដើម្បីបំពេញទៅតាមសេចក្តីត្រូវការនៃការប្រយុទ្ធនិងជ័យជម្នះនៃសង្គ្រាមព័ត៌មាន៕