នាយក​រដ្ឋ​មន្ត្រី​ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​ភ្នំពេញ​ ដោយ​ធ្វើ​កិច្ចព្រមព្រៀង​​ជំនួយ​និង​វិនិយោគ​ទុន​ដ៏​សន្ធឹក​សន្ធាប់

លោកLi Keqiang នាយក​រដ្ឋ​មន្ត្រី​ចិន (ឆ្វេង) ទាញ​រូប​បេះដូង​ដែល​តំណាង​ឲ្យ​ដំណើរ​នៃ​ក្តីស្រឡាញ់​ពី​បេះដូង​រវាង​កម្ពុជា និង​ចិន ជាមួយ​សមភាគី​របស់​លោក គឺ​នាយក​រដ្ឋមន្រ្តី​ខ្មែរ លោក ហ៊ុន សែន (កណ្តាល) ក្នុង​អំឡុង​ពិធី​ចុះ​ហត្ថលេខា​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨។

លោក​ ​Li Keqiang​ នាយក​រដ្ឋ​មន្ត្រី​ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​ភ្នំពេញ​ ដោយ​ធ្វើ​កិច្ចព្រមព្រៀង​​ជំនួយ​ ​និង​វិនិយោគ​ទុន​ដ៏​សន្ធឹក​សន្ធាប់ ប៉ុន្តែ​​អ្នក​វិភាគ​ម្នាក់​សម្តែង​​ការ​ព្រួយ​បារម្ភ​ថា ​កម្ពុជា​អាច​នឹង​បាត់​បង់​តុល្យ​ភាព​នយោបាយ​ការ​បរទេស​របស់​ខ្លួន។

នាយក​រដ្ឋ​មន្ត្រី​ចិន​កុម្មុយនីស្ត​ គឺលោក​ ​Li Keqiang​ ​បានបញ្ចប់​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បាន​ធ្វើកិច្ច​ព្រម​ព្រៀង​ ​ការ​វិនិយោគ​ ​និងជំនួយ​ជា​ហិរញ្ញប្ប​ទាន​ជា​ច្រើន​សន្ធឹក​សន្ធាប់ដល់​ប្រទេស​កម្ពុជា។​

យ៉ាងហោច​ណាស់​មាន​លិខិត​ស្នាម​និង​កិច្ច​ព្រមព្រៀង​នានា​ចំនួន​១៩​ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឧត្តម​មន្ត្រី​រដ្ឋាភិបាល​ និង​ថ្នាក់​ដឹកនាំ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ នៅ​ចំពោះ​មុខ​លោក​ ​Li ​និង​សមភាគី​កម្ពុជា​របស់​លោក​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ ​កិច្ច​ព្រមព្រៀង​ទាំង​នោះ​គ្រប​ដណ្ដប់​ផង​ដែរ​ទៅ​លើ​គម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្នាតធំ​ មាន​ដូច​ជា​កំពង់ផែ​ ​អាកាស​យានដ្ឋាន​ ​និង​ផ្លូវ​ល្បឿន​លឿន​ជា​ដើម​ ​ដែល​គិតជា​ទឹក​ប្រាក់​មានច្រើន​លាន​ដុល្លារ។​

កិច្ច​ព្រមពៀង​ទាំង​នោះ​រួមមានការ​ឈាន​ទៅ​សម្រេច​គម្រោងកសាង​ផ្លូវ​ល្បឿន​លឿន​ប្រវែង​១៩០​គីឡូម៉ែត្រ​ ​តភ្ជាប់​ប៉ូល​សេដ្ឋកិច្ចភាគ​ខាង​លិច​រាជ​ធានីភ្នំពេញ​ ​និង​ទីក្រុង​ព្រះ​សីហនុ​ ​ទីដែល​មាន​ភ្ញៀវ​ទេសចរ​ និង​ អ្នក​វិនិយោគ​ចិន​ដ៏ច្រើន​ ហើយ​កំពុង​តែ​អង្រួន​ទីផ្សារ​សំណង់​ ​អចលន​ទ្រព្យនិងសេវាកម្ម​នៃ​តំបន់​ឆ្នេរ​សមុទ្រ​មួយ​នេះ។​

នៅឆ្នាំ​២០១៧​កន្លង​ទៅ​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរ​ទេស​ចំនួន​៥​លាន​៦​សែន​នាក់​ ​ដែល​ក្នុង​នោះ​មាន​១លាន​២សែននាក់​ ​ជា​ភ្ញៀវ​ទេសចរ​ចិន។​ ​នេះបើ​យោងតាម​លោកថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​ ដែលប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​ Fresh News​ ​ដែលស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា។​

ក្រៅ​ពី​នោះ​ ​ក្នុងកិច្ច​ព្រម​ព្រៀង​ដែលសម្រេច​បាន​ក្នុង​ដំណើរ​ទស្សន​កិច្ចរបស់​លោក​ Li ​នេះ​ផង​ដែរ​នោះ​ ​ចិន​បាន​ព្រមព្រៀងបោះ​ដៃ​ជួយ​កម្ពុជា​លើ​វិស័យ​មុខ​ព្រួញ​ផ្សេង​ទៀត​រួម​មាន​ ​ការ​ផ្លាស់​ប្ដូរ​បច្ចេក​វិទ្យា​ ​ការ​លើក​កម្ពស់​គុណភាព​អប់រំ​ ការ​អភិរក្ស​បេតិក​ភណ្ឌ​វប្បធម៌​ ​ការ​ពង្រឹង​និយាម​ស្ដង់​ដារ​ផលិតផល​ក្នុង​ស្រុក​ ​ការ​ពង្រឹង​វិស័យ​រុក្ខ​ប្រមាញ់​ ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​ និង​ការ​ពង្រីក​នូវ​សមត្ថ​ភាព​ផ្នែក​ថាមពល​ ​និង​ទូរ​គមនាគមន៍​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។​

បើ​គិត​ត្រឹម​ខែតុលា​ ​ឆ្នាំ​២០១៧ ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​លើ​គេ​នៃ​ប្រទេស​ដែល​បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់​១២,៥៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ស្មើ​នឹង​អត្រា​៣៦,៤% ​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​មក​ក្នុង​ប្រទេស​កម្ពុជា។​ ​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ ​Xinhua ​របស់​ចិន។​

លោក​បណ្ឌិត​ ​ឡៅ ម៉ុងហៃ​ ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ​បាន​និយាយ​ថា​ ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា​ ​ការ​ជះ​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​របស់​ចិន​មក​កម្ពុជា​ អាច​បង្ហាញ​ជា​សញ្ញា​ជាក់ច្បាស់​អំពី​ការ​ ​«ពឹងផ្អែកជ្រុល»​ ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ផ្ដេក​ផ្ដួល​ទៅ​លើ​មហា​អំណាច​នៅ​អាស៊ី​នេះ។​ ​លោក​ថា​ ការណ៍​នេះ នឹង​រុញ​បញ្ជូន​នយោបាយ​ការ​បរទេស​ខ្មែរ​ចូល​ទៅ​កាន់​អនាគត​មួយ​ដែល​គ្មាន​លំនឹង។

«ខ្ញុំ​ថា​ រដ្ឋាភិបាល​គួរ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​នៅ​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ ​ហើយ​មិន​ចូល​បក្ស​សម្ព័ន្ធ​គឺ​មាន​ទំនាក់​ទំនង​ល្អ​នៅ​ក្នុង​ពិភព​លោកទាំង​មូល ​ហើយ​អនុវត្ត​នូវ​អ្វី​ដែល​យើង​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​របស់​យើង ​និង​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។​ ​ហើយ​ឈប់​ធ្វើការ​តិះ​ទៀន​ វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ណាៗ​បាទ»។​

​ប្រទេស​ចិន​បាន​ក្លាយ​អ្នក​គាំទ្រ​ចម្បង​គេ​ដល់​ប្រទេស​កម្ពុជា​នា​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ​ខណៈ​ដែល​មាន​ការ​បង្ក្រាប​ផ្នែក​នយោបាយ​យ៉ាង​ជ្រាល​ជ្រៅ​នៅ​ទីក្រុង​ភ្នំពេញ ​ដែល​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​ជំទាស់​ធំ​ជាង​គេ ​និង​ចាប់​ប្រធាន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​នឹង​ចូល​មក​ដល់​នៅ​ខែ​កក្កដា ​ឆ្នាំ២០១៨​ខាង​មុខ។​

ការ​បង្ក្រាប​នយោបាយ​ពាក់ព័ន្ធ​ផង​ដែរ​ដល់​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញថា​ ​សហ​រដ្ឋ​អាមេរិកបាន​គាំទ្រ​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​រំលាយ ​រៀប​ចំ​គម្រោងការ​ផ្ដួល​រំលំ​របប​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន។​ទាំង​សហ​រដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​សុទ្ធ​តែ​បាន​ប្រកាស​ផ្ដល់​ជំនួយ ​និង​បង្ហាញ​មន្ទិល​ថា ​ការ​បោះ​ឆ្នោត​ខែ​កក្កដា​មិនអាចស្រប​ច្បាប់​ទេ​ ​នៅ​ពេល​អវត្ត​មាន​គណបក្ស​ជំទាស់។

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ តែង​បាន​ប្រកាន់​ជា​ទៀងទាត់​នូវ​ខ្សែ​បន្ទាត់​នយោបាយ​ជាមួយ​ប្រទេស​ចិន​ក្នុង​វេទិកា​នានា ​ដូចយ៉ាង​វេទិកា​អាស៊ាន​ជាដើម ​ក្នុងការ​មិន​ធ្វើ​អន្តរជាតូបនីយ​កម្ម​នៃ​ជម្លោះ​ដ៏​ចម្រូង​ចម្រាស​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​នេះ​ហាក់​ដូច​ជា​ការ​ប៉ះប៉ូវ​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។​

បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍រួមមួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ចិន​ ​និង​កម្ពុជា​បាន​បង្ហាញ​នូវ​ចក្ខុ​វិស័យ​រួម​របស់​ខ្លួន​ក្នុង​ការ​«កសាង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​តំបន់​សាគរ​នៃ​សន្តិភាព​ មិត្តភាព ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ»។​

VOA​ ​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​យ៉ាង​ណា​ក្ដី ​លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ​បាន​ឱ្យ​ដឹង​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ​Li ​បង្ហាញ​ថា​ ​ទំនាក់ទំនង​ខ្មែរ​ចិន«នៅ​តែ​រឹង​មាំ»​ ហើយបន្តទៅអនាគត​ ​«ដែល​គ្មាន​កាល​កំណត់»​ ដែល​លោក​ថា​ វា​មិន​ដូច​ការ​បារម្ភ​របស់​លោក​ ឡៅ ​ម៉ុងហៃ​ ​អំពី​ការ​លម្អៀង​របស់​កម្ពុជា​ទៅ​រក​ចិន​នោះ​ឡើយ។​«កម្ពុជា​មាន​ទំនាក់​ទំនង​មិត្តភាព ​សាមគ្គីភាព ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​ដោយ​ស្មើ​ភាព ​ស្មើ​សិទ្ធិ​ ហើយ​មិន​រើស​អើង​រឿង​ជាតិ​សាសន៍​ ច្រមុះ​វែង ​ច្រមុះ​ខ្លី ​ឬ ​ខ្មៅ ​ឬ ​ស​អ្វី​ទេ ​គឺគ្រាន់​តែ​ថា​ ឈរ​លើមូល​ដ្ឋាន​ កុំ​ឱ្យ​មាន​ការ​រើស​អើង ​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ផង​គ្នា​ គោរព​គ្នា​ដោយ​ស្មើ​ភាព ​ទោះ​បី​ថា​ ជា​ប្រទេស​ធំ ​ប្រទេស​តូច​ក្ដី»។​

មន្ត្រី​អ្នក​នាំ​ពាក្យ​និងជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​រូប​នេះ​បាន​បន្ត​ទៀត​យ៉ាង​ដូច្នេះ​ថា៖​

«បើ​យើង​ប្រៀប​ធៀប​កម្ពុជា​១៥​លាន​នាក់ ​មិន​បាន​កូន​ខេត្ត​មួយ​របស់​ចិន​ផង​ទេ។​ ​ក៏​ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក​គោរព​កម្ពុជា​ដូច​ជា​ប្រទេស​មួយ​ស្មើ​សិទ្ធិ​ស្មើ​ភាព​ជាមួយ​លោក​ដែរ»។​

ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់លោក​ ​Li ​Keqiang​ នាយក​រដ្ឋ​មន្ត្រី​ចិន​កុម្មុយនីស្ត​មកប្រទេស​កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ធ្វើ​ឡើង​ភ្លាមៗ​ ​ក្រោយ​ពេល​ដែល​លោក​ចូល​រួម​កិច្ច​ប្រជុំ​មេដឹក​នាំ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ​ឡានឆាង​ ​ដែល​រៀបចំ​ឡើង​នៅ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ។​ ក្នុង​ដំណើរ​ទស្សន​កិច្ច​មួយ​ថ្ងៃ​ពេញ​នៅ​រាជធានី​ភ្នំពេញ​ ​ លោក​ ​Li ​បាន​ចូល​ចូលគាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ​ព្រះ​បាទ​នរោត្តម ​សីហមុនី​ ​ ជួប​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​មួយ​ចំនួន​ ​និង​ជប់​លៀង​បាយ​ថ្ងៃត្រង់​ជា​មួយ​លោក​ ​ហ៊ុន សែន​ ​មុន​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ឆ្នាំ​នេះ​ជា​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​ ​និង​ចិន​កុម្មុយនីស្ត។​ ​ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ដំបូង​ក្នុង​ឆ្នាំ​១៩៥៨​ ​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អតីត​ព្រះ​មហា​វីរ​ក្សត្រ ​ព្រះបាទ​ ​នរោត្តម ​សីហនុ​ ​និង​អតីត​នាយក​រដ្ឋ​មន្ត្រី​ចិន​ ​លោក​ ​ជូ អេនឡាយ៕