នាវា​ចិន​បាន​បាញ់​កាំរស្មី​ឡាស៊ែ​ដាក់​យន្តហោះ​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ យន្ត​ហោះ​របស់​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក P-8A Poseidon កំពុង​ហោះ​ចេញ​ពី​ស្ថានីយ៍​អាកាស​របស់​កង​ទ័ព​ជើង​ទឹក​ Patuxent River។

កង​នាវា​របស់​សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា ​នាវាពិឃាត​របស់​ចិន​បាន​បាញ់​កាំ​រស្មី​ឡាស៊ែ​ដាក់​យន្តហោះ​យាន​ល្បាត​របស់​សហរដ្ឋ​អាមេរិក​ ខណៈ​ដែល​យន្ត​ហោះ​នោះ​បាន​ហោះ​កាត់​សមុទ្រ​ហ្វីលីពីន ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រ​ហែល​៦០០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​កោះ​ Guam ​កាលពី​សប្តាហ៍​មុន។

កង​នាវា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​នាវា​ចិន ​បាន​បាញ់​រស្មី​ឡាស៊ែ​ដាក់​យន្តហោះ​អាមេរិកាំងធុន​ P-8A Poseidon​ ក្នុង​របៀបគ្រោះ​ថ្នាក់​និង​មិន​មាន​វិជ្ជាជីវៈ ​ខណៈ​ដែល​យន្តហោះ ​P-8A ​បាន​ប្រតិបត្តិការ​នៅ​ក្នុង​ដែន​អាកាស​អន្តរជាតិ​ស្រប​ទៅ​តាម​ច្បាប់អន្តរជាតិ។

នាវា​សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​របស់​ចិន​ជាការ​រំលោភ​ ក្រម​សម្រាប់​ការ​ប្រឈម​មុខ​ដែល​គ្មាន​ផែនការ​គ្រោង​ទុក​នៅ​សមុទ្រ​ឬ ​CUES​ ជា​កិច្ច​ព្រម​ព្រៀង​ពហុភាគី​ដែល​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៤ ​ហើយ​ក៏​មិន​ស្រប​ទៅ​តាម​អនុ​សាសន៍​នៃ​ការ​យល់​យោគ​គ្នា​រវាងក្រសួងការពារ​ប្រទេស​សហរដ្ឋ និង​ចិន​ស្តីពី​សុវត្ថិភាព​តាម​អាកាស​ និង​ការ​ប្រឈម​គ្នា​តាម​សមុទ្រ។

កាំរស្មី​ឡាស៊ែ​នេះ ​ត្រូវ​តាម​រក​ឃើញ​ដោយ​យន្តហោះ​ P-8A ​ហើយ​គេ​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​ទេ។​ កងនាវា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ «កាំរស្មីឡាស៊ែ​ដែល​មាន​កម្រិត​ស្មើ​នឹង​អាវុធ ​អាច​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ក្រុម​អាកាស​យាន​និក​និង​ទាហាន​ម៉ារីន​និង​ប្រព័ន្ធ​នាវា​និង​យន្តហោះ»។

យន្តហោះ P-8A Poseidon​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មូលដ្ឋាន​ទ័ពអាកាស Kadena​ នៅ​កោះ​អូគីណាវ៉ា​នៃ​ប្រទេស​ជប៉ុន ​ហើយ​បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​ជា​ប្រចាំ​តាម​សមុទ្រ​ និង​ស៊ើប​យក​ការណ៍នៅ​ក្នុង​តំបន់​កិច្ច​ប្រតិបត្តិការ​របស់​កង​នាវា​ទី៧​របស់​សហរដ្ឋ​អាមេរិក៕