ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅពេល​ដែល​ការ​ចំណាយ​ខាង​យោធា​បន្ធូរបន្ថយ ​ចិន​ត្រូវគេរំពឹង​នឹង​ប្រើ​ធនធាន​​ផ្សេង​ៗ​ទៀត​សម្រាប់​ការ​ពង្រីក​ដែន​សមុទ្រ


រូបឯកសារ៖ កងយោធាជើងទឹកចិន​ចូលរួមក្នុងពិធីខួបកងទ័ពជើងទឹកចិន​ នៅខេត្ត Shandong កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩។ 

ក្រុម​​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​នាវា​ចរណ៍ជឿ​ថា ស្រប​ទៅ​តាម​ការ​អនុវត្ត​កាល​ពី​អតីតកាល រដ្ឋាភិបាលនឹង​ការពារ​ ហើយ​អាច​ពង្រីកវត្តមាន​យោធាដ៏ខ្លាំង​របស់​ខ្លួន​រួចទៅ​ហើយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​ការទាញយក​ប្រាក់​ពីបណ្តា​ក្រសួង​ស៊ីវិល​និង​ក្រុមហ៊ុន​ឯកជន​ចិន​ទៀត។

ចិន​បាន​ស្នើ​បង្កើន​ថវិកា​សម្រាប់​វិស័យ​ការពារ​ប្រទេសរបស់​ខ្លួន​ចំនួន​ ៧,៥ ​ភាគ​រយ​សម្រាប់​នៅ​ឆ្នាំ​នេះ ​ដោយ​ធ្លាក់​ចុះ​ពី​ចំនួន ៨,១ ភាគរយនៅ​ឆ្នាំ​២០១៨។

ក្រុមមន្រ្តី​ក្នុង​ទីក្រុង​ប៉េកាំង ​ត្រូវគេ​រំពឹងថា ​នឹង​យក​ប្រាក់​មក​ពី​ប្រភព​នានា ​ដែល​មិន​មែន​សម្រាប់វិស័យ​ការពារ​ប្រទេស​នៅ​ឆ្នាំ​នេះ​ទៅ​ពង្រឹង​ការត្រួតត្រា​ខាង​យោ​ធា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ បន្ទាប់​ពី​សំណើ​កាត់​បន្ថយ​ការ​ចំណាយ​ខាងការ​ពារ​ប្រទេស​តាម​ផ្លូវការ។

ចិននឹង​បង្កើន​ការ​ចំណាយ​ខាងវិស័យ​ការពារ​ប្រទេស​ចំនួន ៧,៥ភាគរយ​នៅ​ឆ្នាំ​នេះ។ ​នេះ​តាម​ពង្រាង​របាយការណ៍​ថវិកា ​ដែល​បាន​បញ្ជូន​ទៅកាន់​សម័យ​ប្រជុំសមាជជាតិ​របស់​ប្រជាជន​ចិន​កាល​ពី​ថ្ងៃ​អង្គារសប្តាហ៍មុន។ ការ​បង្កើន​នេះ នឹងធ្វើ​ឲ្យការ​ចំណាយ​ឡើង​ទៅ​ដល់ ១៧៧,៦ ​ពាន់​លាន​ដុល្លារ។​ ថវិកា​បាន​កើន​ឡើង ៨,១ ភាគរយ​កាល​ពី​ឆ្នាំ​ទៅ។

ក្រុមអ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​នាវា​ចរណ៍ជឿ​ថា ស្រប​ទៅ​តាម​ការ​អនុវត្ត​កាល​ពី​អតីតកាល រដ្ឋាភិបាល​នឹង​ការពារ​ ហើយ​អាច​ពង្រីកវត្តមាន​យោធាដ៏ខ្លាំង​របស់​ខ្លួន​រួចទៅ​ហើយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​ការទាញយក​ប្រាក់​ពីបណ្តា​ក្រសួង​ស៊ីវិល​និង​ក្រុមហ៊ុន​ឯកជន​ចិន​ទៀត។

ចិនបាន​ទាម​ទារ​ប្រហែល​ ៩០ភាគរយ​នៃ​សមុទ្រ​ ដែល​មាន​ទំហំ​៣​លាន​៥សែន​គីឡូ​ម៉ែត្រ​ការេ ​ដោយ​ចាប់​តាំង​ពី​កោះ​ហុងកុង​ទៅ​ដល់​កោះ Borneo។ ប្រទេស​ប្រ៊ុយ​ណេ ម៉ាឡេស៊ី ​ហ្វីលីពីន កោះ​តៃវ៉ាន់​ និង​ប្រទេស​វៀត​ណាម ក៏​បាន​ទាមទារ​សមុទ្រ​ដូច​គ្នា​ទាំងអស់​ ឬ​មួយ​ផ្នែក​ដែរ។

ការ​ប្រើ​ប្រាស់​នាវានិង​យន្តហោះ​ចំ​បាំងរបស់​ចិន​នៅ​ក្នុង​ផ្ទៃ​ទឹក​មាន​ការ​ប្រទាញ​ប្រទង់​គ្នា ​បានធ្វើ​ឲ្យ​ប្រទេស​ទាម​ទារ​ផ្សេង​ទៀត​មានការ​ខឹង​សម្បារ​ចាប់តាំង​ពី​ឆ្នាំ​២០១០​ ​ដែល​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បញ្ជូន​នាវា​របស់​ខ្លួន​ទៅកាន់​សមុទ្រ​នោះ​ដើម្បីរារាំង។

លោក Oh Ei Sun ​ជា​អ្នក​សិក្សាស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យា​ស្ថាន​កិច្ចការ​អន្តរ​ជាតិ​នៃ​ប្រទេស​សិង្ហបុរី បាន​និយាយថា៖ «ការ​វាតទី​របស់​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង​ជា ការ​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​មួយ។ ការវាតទី​នេះទាក់​ទិន​នឹង​វិស័យ​យោធា ក៏ប៉ុន្តែ វាក៏ពាក់​ព័ន្ធនឹង​ផ្នែកឯកជន​ផងដែរ។ ដូច្នេះអ្នកអាចមើល​ឃើញ​ការ​ធ្លាក់​ចុះ​ក្នុង​សកម្មភាព​យោធា និង​ប្រហែល​ក្នុងការ​ពង្រីក​ទីតាំង​យោ​ធា​ទៀតផង ក៏ប៉ុន្តែ ការ​ប្រឹង​ប្រែង​ដើម្បី​ទាមទារ​ផ្នែក​ដ៏​ធំមួយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បីធ្វើ​ជា​របស់​ខ្លួន​ឯង ​ខ្ញុំ​គិតថា​ វានឹង​នៅ​បន្ត»។

ចិនយោង​ដល់ការប្រើកំណត់ត្រាប្រ​វត្តិ​សាស្រ្ត​ដើម្បី​ទាមទារ​អធិបតេយ្យ​ភាព​សមុទ្រ​ចិនខាង​ត្បូង ដែល​រួម​បញ្ចូល​ទាំងជម្រុក​ត្រី​និងឥន្ធនៈ​ផូស៊ីល។ ក្រុមអ្នក​សិក្សា​ស្រាវ​ជ្រាវ​ជាន់ខ្ពស់ និយាយ​ថា នាវា​របស់​កងទ័ព​ប្រជា​ជន​ចិន ​បានធ្វើ​ការត្រួតត្រា​សមុទ្រ​នោះ​ជាអាទិភាព​នៅ​ពេល​ ដែល​ចំនួន​នាវា​បាន​កើន​ឡើង​ពី​៥១២គ្រឿង​នៅ​ឆ្នាំ​២០១២​ ទៅ​ដល់​ចំនួន៧១៤​គ្រឿង​នៅ​ពេល​ឥឡូវនេះ។

ហើយ​នាវា​ចិនបាន​ទទួល​ការ​ជួយឧបត្ថម្ភ​រួច​ហើយ។ ក្រុមហ៊ុន​ខួង​ប្រេង CNOOC ដែល​កាន់​កាប់​ដោយ​រដ្ឋចិន ​បាន​ការពារ​ការអះអាង​របស់​ចិន​ដោយ​ការ​ខួងប្រេង​នៅផ្ទៃ​ទឹក​មាន​ជម្លោះ​ជាមួយ​វៀត​ណាម ​ហើយ​ក្រុម​ហ៊ុនឯកជន​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ចិន ​បាន​ទាម​ទារ​ទឹក​ដីនោះឡើង​វិញ​ដើម្បី​ជួយ​រដ្ឋាភិបាល​បោះ​ទី​តាំងនៅ​លើ​ប្រជុំ​កោះ​តូចៗ ដែល​គ្មាន​មនុស្ស​រស់​នៅ។

​កាល​ពី​២ឆ្នាំ​មុន វិទ្យាស្ថាន Acoustics នៃ​បណ្ឌិត​សភា​វិទ្យា​សាស្រ្ត​ចិន ​និង​សាកល​វិទ្យា​ល័យ Tongji ក្នុង​ទីក្រុងសៀង​ហៃ បានប្រាប់​ឲ្យ​ដឹងថា ​ពួកគេនឹង​ស្ថាបនា «បណ្តាញ​សង្កេតការ​រយៈ​ពេល​យូរ» ដែល​រាយការណ៍​ពី​សមុទ្រ​ចិន​ខាង​ត្បូង ​និង​សមុទ្រ​ចិន​ខាង​កើត។

ក្រុមអ្នក​វិភាគ បាន​និយាយកាល​ពី​ឆ្នាំ​២០១៧ថា ក្រុមហ៊ុន CNOOC និង​រដ្ឋបាល​ចាត់ចែង​ការរំជួយ​ផែន​ដី​របស់​ចិន ក៏​ជា​ផ្នែកមួយ​នៃការ​ពិភាក្សា​អំពី​បណ្តាញ​នេះ​ ​ដែលត្រូវ​ធ្វើ​ការ​ចែក​រំលែក​ទិន្នន័យ​ជា​មួយ​ប្រទេសផ្សេង​ទៀត។ គម្រោង​នេះ​នឹងទ្រទ្រង់​មូល​ដ្ឋាន​ខាង​ផ្លូវ​ច្បាប់​សម្រាប់​ការទាមទារ​ផ្ទៃ​ទឹកចិន។

លោក Stephen Nagy ជា​សាស្ត្រាចារ្យ​ជំនួយ​ជើង​ចាស់​ខាង​ការសិក្សា​នយោ​បាយ​និងអន្តរជាតិ​នៅឯ​សាកល​វិទ្យាល័យ​អន្តរជាតិ Christian ក្នុង​ទីក្រុង​តូក្យូ​បាន​និយាយ​ថា៖ ​«កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ធ្វើ​ពាណិជ្ជកម្ម​ដែល​ទទួល​ប្រាក់​ចំណូល​ដើម្បី​ទិញ​សំភារៈ​យោ​ធាហើយ​ប្រភព​ប្រាក់​ចំណូល​ផ្សេង​ៗ​ទៀត​ អាចមកពី​ក្រសួង​វិទ្យា​សាស្រ្ត​ដែលពួកគេ ​អាច​ចូលរួមក្នុង​ការរុករកក្រោម​លក្ខ​ខណ្ឌ​នៃ​វិស័យ​ការទូត​វិទ្យាសាស្រ្ត»។

យោង​តាមការ​សិក្សា​ដោយ​គម្រោង​ថាមពល​ចិន​នៅ​ក្រោម​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៖ ​«គម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​ចិន​ជា​ច្រើន ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីប្រើ​ប្រាស់​សម្រាប់​គោល​បំណង២​ ហើយ​បាន​ទទួល​ថវិកា​មក​ពីគណៈកម្ម​ការមិន​មែន​សម្រាប់​វិស័យការ​ពារ​ប្រទេស​មូលដ្ឋាន​និង​ជាតិ»។ ការសិក្សា​នោះ​ឲ្យ​ដឹង​ទៀត​ថា បណ្តា​ទីភ្នាក់​ងារដែល​មិន​ពាក់​ព័ន្ធ​នឹងវិស័យ​ការពារ​ប្រទេស ​ត្រូវ​តែ​ផ្គត់​ផ្គង់ប្រាក់​សម្រាប់​ការ​ជួយ​សង្គ្រោះ​មហន្តរាយ​ចំពោះ​ថវិកា​សម្រាប់​ការពារ​ប្រទេស។

លោក Termsak Chalermpalanupap ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ISEAS Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី និយាយ​ថា រដ្ឋាភិបាល​ចិន​អាច​លក់ប័ណ្ណ​រតនាគារ​សហរដ្ឋ​អាមេរិក ប្រសិនបើខ្លួន​ត្រូវការ​ប្រាក់​កាន់​តែ​ច្រើន​ឡើង។​

លោក Denny Roy ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​អង្គការ​ស្រាវ​ជ្រាវ​ East-West ​ក្នុង​ទីក្រុង​ហូណូលូលូ​នៃ​រដ្ឋ​ហាវ៉ៃ និយាយ​ថា កងទ័ព​រំដោះ​របស់​ប្រជាជន​ចិន (PLA) ក៏​អាច​ពន្យា​ពេល​ឬ​កាត់​បន្ថយការ​ប្រឹង​ប្រែង​នៅ​ទីកន្លែង​ផ្សេង​ទៀត​ដើម្បី​ថែរក្សា​ល្បឿន​នៃ​ការ​ពង្រឹង​តួនាទី​របស់​ចិន​ក្នុង​សមុទ្រ​ចិនខាង​ត្បូង»។

លោក Chalermpalanupap បាននិយាយ​ទៀត​ថា ការ​កាត់​បន្ថយ​ខាង​យោ​ធា ប្រហែល​មាន​ផល​ប៉ះ​ពាល់​តិចតួច​នៅពេល​ឥឡូវ​នេះ ពីព្រោះ​នៅពេល​នេះ ​មហិច្ឆិតា​នៃការ​ស្ថាបនា​កោះ​របស់​ចិន ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង ត្រូវ​បាន​បញ្ចប់​ហើយ លើក​លែង​តែការថែរក្សា។

លោក Chalermpalanupap បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា សេដ្ឋកិច្ច​របស់​ចិនទាំង​មូល ​កំពុង​ធ្លាក់​ចុះ ដូច្នេះ ខ្ញុំ​គិត​ថា ពួកគេ​ត្រូវ​តែ​មានការប្រុងប្រយ័ត​កាន់​តែ​ខ្លាំង​ឡើង​អំពី​អ្វី​ដែល​ពួកគេ​នឹង​ចំណាយក្នុង​វិស័យ​ការ​ពារ​ប្រទេស។ ខ្ញុំ​គិត​ថា ចិន​លែង​មាន​អ្វីដែល​ខ្លួន​ត្រូវ​សាងសង់​ទៀត​ហើយ។ ពួកគេ​មាន​អ្វី​ដែល​ពួកគេ​ត្រូវការ​ហើយ»។

លោក Nagy និយាយ​ទៀត​ថា ចិនអាច​កាន់កាប់​ប្រជុំ​កោះ​តូច​ៗរបស់​ខ្លួននៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​រួមមាន​ប្រជុំ​កោះ Paracel ដែល​ជា​កោះ​តូច​ៗ​ចំនួន​១៣០​ និង​កោះ​តូចៗ​ចំនួន​៧​នៅ​ប្រជុំ​កោះ Spratly ភាគ​ច្រើ​ន​តាម​រយៈ​ការទូត ​ជាមួយ​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​ដែល​ប្រកួត​ប្រជែង​អធិបតេយ្យ​ភាព​ដែន​សមុទ្រ​៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG