អាជ្ញាធរកម្ពុជាបានឃាត់នាវាមួយគ្រឿងដែលចូលមកក្នុងទឹកដីកោះរ៉ុងសន្លឹមនៃខេត្តព្រះសីហនុកាលពីចុងសប្តាហ៍មុន ដែលដឹកជនជាតិចិន៣៦នាក់និងខ្មែរ២នាក់។ នេះបើយោងតាមអាជ្ញាធរពាក់ព័ន្ធ។
នាវាមួយគ្រឿងនេះបានចូលមកដែនទឹកកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ដែលមកដល់ពេលនេះអាជ្ញាធរកំពុងសាកសួរ និងស៊ើបអង្កេតបន្ត ខណៈរកឃើញថាពួកគេចូលមកមិនមានលិខិតស្នាមតាមច្បាប់ត្រឹមត្រូវ។ នាវានេះត្រូវបានរាយការណ៍ថាធ្វើដំណើរចេញពីកំពង់ផែហ៊ូអាន (Fu An) ខេត្តហ្វ៊ូចៀន (Fujian) ប្រទេសចិន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក លោក ទូច ពលៈ បានប្រាប់ VOA នៅថ្ងៃចន្ទនេះថាអ្នកធ្វើដំណើរលើនាវាសរុបទាំងអស់មាន៣៨នាក់ ដែលត្រូវបានឃាត់ខ្លួន ដោយរកឃើញថា ពួកគេចូលមកខុសច្បាប់ ដោយសារមិនបានសុំលិខិតស្នាមតាមផ្លូវច្បាប់។ លោកបញ្ជាក់ថាសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី។
លោកថ្លែងថា៖ «ករណីនេះមាន ប៉ុន្តែយើងបានបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី»។
លោក ទូច ពលៈ មិនបានបញ្ជាក់ថាតើជនជាតិចិនទាំងអស់នេះ មានលិខិតឆ្លងដែនត្រឹមត្រូវឬយ៉ាងណានោះទេ។ ប៉ុន្តែលោកប្រាប់យ៉ាងខ្លីថារឿងនេះកំពុងស្ថិតក្នុងដំណាក់កាលសាកសួរបន្ត។
លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់ VOA តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) នៅថ្ងៃចន្ទនេះថាបន្ទាប់ពីការចុះឃាត់របស់សមត្ថកិច្ច ដោយមានការជូនដំណឹងមកអយ្យការរបស់តុលាការ សមត្ថកិច្ចកំពុងស៊ើបអង្កេត និងសាកសួរតាមនីតិវិធី។ លោកមិនទាន់អាចបញ្ជាក់ព័ត៌មានបន្ថែមជុំវិញរឿងនេះបាននៅឡើយទេ ដោយសារវាស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត។
លោកឧត្តមសេនីយ៍ទោជួនណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបដិសេធមិនអត្ថាធិប្បាយលើរឿងនេះ និងប្រាប់ VOA ឱ្យទាក់ទងទៅលោកតេង សួន ដែលជាអគ្គស្នងការរងនៃស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកលើកិច្ចការនេះ។
លោកថ្លែងថា ៖«សូមអធ្យាស្រ័យ សូមបង្វែរទៅខាងឯកឧត្តម តេង សួន វិញ ព្រោះគាត់កាន់កាប់ ដឹកនាំការងារនេះ»។
លោក តេង សួន បានប្រាប់ VOA នៅថ្ងៃចន្ទនេះថាតាមការស្រាវជ្រាវដំបូង នាវានេះមិនមានលិខិតសុំសំចតអ្វីនោះទេ។ នៅពេលសួរថាតើជនជាតិចិនទាំងនោះ មានលិខិតឆ្លងដែនគ្រប់គ្នាឬយ៉ាងណា លោកមិនបានឆ្លើយចំៗនោះទេ ដោយគ្រាន់តែបញ្ជាក់ថាលិខិតឆ្លងដែនមិនមានបោះត្រាត្រឹមត្រូវទេ។
លោកថ្លែងថា៖ «តាមការពិនិត្យស្រាវជ្រាវសួរនាំទៅវាដូចជាមិនមានអីផង មានតែPassport[លិខិតឆ្លងដែន]។ ហើយពាក់ព័ន្ធឯកសារសុំសំចត សុំ[បែបបទ]អី[គឺ]អត់មាន។ មានន័យថាវាចូលមកដោយខុសច្បាប់។ អញ្ចឹងឥឡូវនេះខាងអន្តោប្រវេសន៍ជាមួយតុលាការ គេកំពុងតែស្រាវជ្រាវ កំពុងតែធ្វើការតាមនីតិវិធីនៃច្បាប់»។
លោកបន្ថែមថានាវានោះមិនមានផ្ទុកទំនិញឬរបស់របរអ្វីផ្សេងក្រៅពីដឹកអ្នកដំណើរជាជនជាតិចិន៣៦នាក់ និងខ្មែរ២នាក់នោះទេ។
អ្នកស្រី ជៀប សុធារី មន្រ្តីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ បានប្រាប់ VOA នៅថ្ងៃចន្ទនេះថាអ្នកស្រីមានការព្រួយបារម្ភចំពោះការចូលមក ដោយខុសច្បាប់បែបនេះ។ អ្នកស្រីបន្ថែមថាកន្លងមក អ្នកស្រីសង្កេតឃើញថាមានការប្លុងចោលគ្រឿងញៀនផងដែរនៅតាមបណ្តាកោះ។
អ្នកស្រីបានថ្លែងថា៖ «បើគាត់មកក្នុងបំណងល្អ មករកស៊ី គាត់គួរតែមកមានលិខិតស្នាមត្រឹមត្រូវ ចូលតាមច្រកស្រួលបួល។ ដល់ពេលគាត់បើកចូលមកដោយខុសច្បាប់អញ្ចឹងមិនដឹងថាតើនៅលើនាវាហ្នឹងមានអ្វីខ្លះទេ ពីព្រោះយើងអត់ដឹងថាជាលទ្ធផលពិនិត្យអង្កេតរបស់ខាងសមត្ថកិច្ចរកឃើញអ្វីខ្លះ។ អាហ្នឹងជាការព្រួយបារម្ភ ពីព្រោះថ្មីៗ បញ្ហានេះគ្រឿងញៀនហ្នឹងក្នុងខេត្តព្រះសីហនុ ដូចកន្លងមកអញ្ចឹងធ្លាប់រកឃើញការប្លុងចោលនូវគ្រឿងញៀនជាច្រើននៅតាមកោះ...។ ឥឡូវយើងឃើញសមត្ថកិច្ចយកចិត្តទុកដាក់ចាប់បានអញ្ចឹង យើងក៏សប្បាយចិត្តដែរ»។
គួរបញ្ជាក់ថាខេត្តព្រះសីហនុត្រូវបានអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានរំហូរយ៉ាងសន្ធឹកសន្ធាប់របស់អ្នកវិនិយោគចិន។ ខេត្តជាប់មាត់សមុទ្រមួយនេះ ត្រូវបានផ្លាស់ប្តូរស្ទើរតែទាំងស្រុង ជាមួយវត្តមានកាស៊ីណូលេងល្បែងស៊ីសងរីកដូចផ្សិត។
ប៉ុន្តែដោយសារកម្ពុជាបិទសេវាលេងល្បែងតាមប្រព័ន្ធអ៊ីនធឺណិត (Online gambling) និងស្របពេលដែលពិភពលោកជួបនឹងវិបត្តជំងឺកូវីដ១៩ ជនជាតិចិនមួយចំនួនធំបានត្រឡប់ទៅប្រទេសចិនវិញ៕