ការដាក់ពង្រាយកាំជ្រួចមីស៊ីលរបស់ចិននៅសមុទ្រចិនខាងត្បូងគឺជាបញ្ហាប្រឈមចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមក្រុមអ្នកវិភាគ។
កាំជ្រួចមីស៊ីលសម្រាប់បាញ់នាវា និងកាំជ្រួចមីស៊ីលសម្រាប់បាញ់យន្តហោះ ដែលចិនបានតម្លើងនៅតាមកោះតូចៗនៅភាគខាងត្បូងឆ្នេរសមុទ្ររបស់ខ្លួន នឹងប៉ះពាល់ដល់ការបើកឆ្លងកាត់របស់នាវាមកពីសហរដ្ឋអាមេរិក ឬពីប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀតដូចជាអូស្រ្តាលីនិងជប៉ុនជាដើម។ នេះបើយោងតាមពួកអ្នកវិភាគ។
ប្រទេសវៀតណាមដែលទាមទារផ្នែកខ្លះនៃដែនសមុទ្រកាន់កាប់ដោយចិន បានធ្វើការតវ៉ាជាផ្លូវការទៅរដ្ឋាភិបាលក្រុងប៉េកាំង។
យោងតាមរបាយការណ៍ថ្មីមួយដោយសា្ថនីយ៍ទូរទស្សន៍ CNBC ដែលបានដកស្រង់«ពីប្រភពដែលបានដឹងពីបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក»បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានដាក់ពង្រាយកាំជ្រួចមីស៊ីលនៅតាមប្រជុំកោះ Spratly សម្រាប់ធ្វើសមយុទ្ធយោធាកាលពីដើមខែមេសាកន្លងទៅ។
ចិនទាមទារគ្រប់គ្រងដែនសមុទ្រ៩០ភាគរយ និងជំទាស់នៅនឹងការបើកឆ្លងកាត់របស់នាវាសហរដ្ឋអាមេរិកនៅក្នុងសមុទ្រនេះ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពណ៌នាថា ជាសេរីភាពនៃការធ្វើនាវាចរណ៍។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់ទុកសមុទ្រចិនខាងត្បូងដែលទាមទារដោយរដ្ឋាភិបាលប្រទេស៥ផ្សេងទៀតនៅក្នុងតំបន់អាស៊ី ថាជាផ្លូវទឹកអន្តរជាតិ៕