កងទ័ព​ឥណ្ឌា​និង​ចិន​ប៉ះទង្គិច​គ្នា​​ជា​ថ្មី​ម្តងទៀត​​​នៅ​​ចំណុច​ព្រំដែន

រូបឯកសារ៖ កងកម្លាំង​ឥណ្ឌា​និង​ចិន​ប៉ះទង្គិច​គ្នា​នៅ​ជ្រលងភ្នំ Galwan Valley នៃ​ជួរ​ភ្នំហិមាល័យ កាល​ពី​ពាក់កណ្ដាល​ខែ​មិថុនា ឆ្នាំ២០២០។ (AFP PHOTO / CHINA CENTRAL TELEVISION (CCTV))

កងទ័ពនៃ​ប្រទេស​ឥណ្ឌា​និង​ចិន​ បានប្រឈម​មុខ​គ្នា​ជា​ថ្មី​ម្តង​ទៀតនៅតាម​ព្រំដែននៃ​ភ្នំ​ហិម៉ាល័យ​ឬ​ភ្នំហេមពាន្តដែល​មាន​ជម្លោះ​គ្នា​កាល​ពីសប្តាហ៍​មុន​ ដោយ​ធ្វើ​ឱ្យកង​ទ័ព​ទាំង​សងខាង​មាន​របួស​ជាច្រើន​នាក់។​ នេះ​បើតាម​ប្រភពមួយ​ចំនួន​ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ត្រូវ​បាន​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP ​ធ្វើ​សេចក្តី​រាយការណ៍។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក​ Rajnath Singh ក៏​បាន​ប្រាប់​ដល់​សភា​នៅ​ថ្ងៃ​អង្គារ​នេះ​ពី​ការប៉ះទង្គិច​គ្នា​នោះ​ដោយ​បាន​ចោទ​ថា​ទាហាន​ចិន​ព្យាយាម​ចូល​មក​ទឹកដី​របស់​ឥណ្ឌា​ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​ឲ្យ​បរាជ័យ។​

ការ​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​៩​ខែ​ធ្នូ​ សប្តាហ៍​មុន​ បាន​ធ្វើ​ឱ្យ​កងទ័ពពីរ​បី​នាក់​នៃ​ភាគី​ទាំង​សងខាង​រង​របួស​បន្តិចបន្តួច​។ នេះ​បើតាម​ប្រភព​មួយ​ឱ្យ​ដឹង​។​ ចំណែក​ប្រភព​មួយ​ទៀត​និយាយ​ថា​ កងទ័ព​ឥណ្ឌា​យ៉ាង​ហោច​ណាស់​ក៏​ចំនួន​៦​នាក់​ដែរ​ បាន​ទទួល​រងរបួស​។ ​

ប្រភព​នោះ​បន្តទៀត​ថា​ កងទ័ព​ចិនបាន​ចូល​មក​កៀក​នឹង​តំបន់នៃ​ខ្សែត្រៀមគ្រប់គ្រង (Line of Actual Control) ​ដែល​ជា​ព្រំប្រទល់​ជាក់ស្តែង​ ដែល​ត្រូវ​បាន​ឯកភាព​គ្នា​ថា​ គ្មាន​ភាគីណា​មួយនឹងត្រូវ​ធ្វើ​ការ​ដើរ​ល្បាតនៅ​ទី​នោះ​ឡើយ។​ ​

ទង្វើ​របស់​កងទ័ព​ចិន​នេះ ត្រូវ​បាន​ឆ្លើយតប​ដោយ​កងទ័ព​ឥណ្ឌា​ ​ក្នុង​លក្ខណៈ​ម៉ត់ចត់​និងរឹងមាំ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ប្រភព​ទី​១​នោះ។​ ​

បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​មក​ ភាគី​ទាំង​ពីរ​ក៏​បាន​ដកថយចេញ​ពី​តំបន់នោះ​ជា​បន្ទាន់​ផង​ដែរ។ ​

មេបញ្ជា​ការ​កងទ័ព​ឥណ្ឌា​មួយ​រូប​ បាន​ជួប​ប្រជុំ​ជាមួយ​សមភាគីចិន​របស់​លោក​ក្នុង​ពេល​បន្ទាប់​មក​ ​«ដើម្បី​ពិភាក្សា​លើ​បញ្ហានេះ​ ដោយ​អនុលោម​ទៅ​តាមយន្តការដែល​ត្រូវ​បង្កើត​ឡើង​ ដើម្បី​ស្តារ​សន្តិភាពនិង​ភាព​ស្ងប់ស្ងាត់​»។

ប្រទេស​ចិន​និង​ឥណ្ឌា​ធ្លាប់​បាន​ប្រយុទ្ធក្នុង​សង្គ្រាម​កាល​ពី​ឆ្នាំ​១៩៦២​ ជុំវិញ​បញ្ហា​ជម្លោះព្រំដែន ដែល​លាត​សន្ធឹង​ដ៏​វែង​នៃ​ប្រទេស​ទាំង​ពីរ។​ ​

ភាពតានតឹងខ្លាំង​បាន​កើត​ឡើង​រវាង​ប្រទេស​ទាំងពីរ​កាលពីឆ្នាំ​២០២០ ក្នុង​ពេល​ដែល​កងទ័ព​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប៉ះទង្គិច​គ្នាដោយ​ការ​បង្ហូរឈាម​ ដែលធ្វើ​ឱ្យ​កងទ័ព​ឥណ្ឌា​ចំនួន​២០​ និង​កងទ័ព​ចិន​យ៉ាង​ហោចណាស់​ក៏​៤​នាក់​ផង​ដែរ​ បាន​ស្លាប់៕